• 2017-03-22 07:25:08
  • ការអប់រំ

វិធីសាស្រ្តទាំង​៧ អាច​​ជួយ​ឲ្យ​សិស្ស​​រៀន​​គណិតវិទ្យា​​​ឆាប់​ចេះ​ និង​ឆាប់​យល់​

  • 2017-03-22 07:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់​គណិតវិទ្យា​គឺ​ជា​មុខ​វិជ្ជា​​វិទ្យាសាស្ត្រ​ពិត​​មួយ​​​ដែល​សិក្សា​អំពី​លេខ​នព្វន្ត ​​ការ​គណនា​​ ការ​វិភាគ​ជាដើម​។​ ​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ​មុខ​វិជ្ជា​មួយ​នេះ​​មាន​ការ​លំបាក​​ខ្លាំង ​​សម្រាប់​​សិស្សានុសិស្ស​ និង ​និស្សិត​ភាគ​ច្រើន​។ ​លោក​ សួន​ ច័ន្ទ​សុធី​​​ ជា​និស្សិត​ឆ្នាំ​ទី​៤​នៃ​ដេប៉ាតឺម៉ង់​គណិតវិទ្យា​​របស់​​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​អោយ​ដឹង​ថា ​មាន​​​​​​​​​​វិធីសាស្ត្រ​មួយ​ចំនួន​​ដើម្បី​អោយ​​សិស្ស​​អាច​​រៀន​គណិតវិទ្យា​​ងាយ​ឆាប់​ចេះ​ និង ឆាប់​យល់​បាន​​៖​​

១​ ​រៀន​អោយ​ច្បាស់​ពី​មូលដ្ឋាន​គ្រឹះ​ពី​ថ្នាក់​ក្រោម

និស្សិត​​ផ្នែក​គណិតវិទ្យា​រូប​នេះ​ ពោល​ថា​​​ការ​រៀន​ច្បាស់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​គណិតវិទ្យា​ពី​ថ្នាក់​ក្រោម​មក​ គឺ​ជា​ទុន​យ៉ាង​សំខាន់​ក្នុង​​ការ​យក​វា​​ទៅ​ប្រើ​ប្រាស់​ និង រៀន​អោយ​បាន​ស៊ី​ជម្រៅ​នៅ​​ថ្នាក់​លើ​​យ៉ាង​ប្រាកដ​​។​​ ដូចនេះ​ការ​សិក្សា​គណិតវិទ្យា​គឺ​ជា​ការ​សិក្សា​រយៈ​ពេល​វែង​​ ដែល​ទាម​ទារ​អោយ​​សិស្ស​ត្រូវ​វិនិយោគ​តាំង​ពី​ថ្នាក់​តូច​ៗ​មក​ម្ល៉េះ​។

២​ ​ស្រលាញ់​ និង មាន​ចិត្ត​តស៊ូ​

​ចំពោះ​អ្នក​ដែល​រៀន​ពូកែ​ខាង​​មុខវិជ្ជា​​នេះ​ ​ភាគ​ច្រើន​គឺ​ជា​មនុស្ស​ដែល​ស្រលាញ់​​គណិតវិទ្យា​ផ្ទាល់​តែ​ម្ដង ដោយ​​មិនមែន​​គ្រាន់​តែ​រៀន​​លេង​ៗ​​​នោះ​ទេ​។​ មួយ​វិញ​​ទៀត​ពួកគេ​​ជា​ប្រភេទ​មនុស្ស​ដែល​តស៊ូ​ មិន​បោះ​បង់​ចោល​​នោះ​ឡើយ​ ទោះ​បី​ប្រឈម​នឹង​ការ​​ដោះ​ស្រាយ​ចម្លើយ​​នៃ​លំហាត់​មិន​ចេញ​ក្ដី​។​ ​ ​​

​៣​ ​ទន្ទេញ​តែ​រូប​មន្ត​សំខាន់​ៗ​មួយ​ចំនួន​បាន​ហើយ​​

ជា​ការ​ពិត​ណាស់​ ​ដែល​ថា​​សិស្ស​ភាគ​ច្រើន​​​ចូល​ចិត្ត​​ទន្ទេញ​រូបមន្ត​គណិតវិទ្យា​ទាំង​គរ​ៗ​​ ​ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​គឺ​គ្រាន់​តែ​អាច​អោយ​ពួក​គេ​ចង​ចាំ​បាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។​ ​អ្វី​ដែល​សំខាន់​គឺ​សិស្ស​ត្រូវ​ទន្ទេញ​តែ​រូបមន្ត​ណា​ដែល​សំខាន់​ៗ​ និង ប្រើ​ប្រាស់​ញឹក​ញាប់​បាន​ហើយ​​។​ ​បន្ទាប់​មក​ព្យាយាម​ធ្វើ​លំហាត់​អោយ​បាន​ច្រើន​ នោះ​ច្បាស់​ជា​ចាំ​រូប​មន្ត​ឯក​ឯង​មិន​ខាន​។​​​​

៤​ ​រៀន​​គណិតវិទ្យា​ជា​ក្រុម ​​​​​

​​​​​​​​​តាម​រយៈ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​​ ​លោក​ សុធី​បាន​​និយាយ​ថា​ការ​រៀន​គណិតវិទ្យា​គឺ​តម្រូវ​អោយ​មាន​សមាធិ​ មាន​អារម្មណ៍​ស្ងប់​ស្ងាត់​ទើប​អាច​ផ្ដោត​ទៅ​លើ​ការ​រៀន​ និង ​គិត​​ស៊ី​ជម្រៅ​​លើ​ការ​ដោះ​ស្រាយ​លំហាត់​បាន​។​ ប៉ុន្តែ​បើ​ធៀប​គ្នា​រវាង​រៀន​ម្នាក់​ឯង​ និង រៀន​ជា​ក្រុម​វិញ​ លោក​បាន​ផ្ដល់​យោបល់​ថា​ ការ​រៀន​ជា​ក្រុម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​​។​ ​ជា​ធម្មតា​ ​ការ​រៀន​ជា​ក្រុម​តែង​មាន​គំនិត​​ល្អ​ៗ​ច្រើន​ដែល​ចេញ​ពី​មនុស្ស​ម្នាក់​ៗ ហើយ​ពេល​ដែល​សមាជិក​ម្នាក់​​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ឃើញ​ ​នោះ​មាន​មិត្ត​ភក្តិ​ក្នុង​ក្រុម​អាច​ជួយ​​បង្ហាញ​ផ្លូវ​ដោះ​ស្រាយ​បាន​។​

​​៥​ ​​​​​​ចែក​ម៉ោង​រៀន​អោយ​​បាន​​ច្បាស់​

​នៅ​ក្នុង​​មុខ​ជំនាញ​គណិតវិទ្យា​មួយ​តែង​បែង​ចែក​ជា​​មុខ​វិជ្ជា​ផ្នែក​ៗ​ជា​ច្រើន​ទៀត​ ​ដែល​មា​ន​ដូច​ជា​ពីជគណិត​ ​គណិត​វិភាគ​ ការ​គណនា​ ធរណីមាត្រ​ជា​ដើម​។​ ​ដូច​នេះ​គេ​មិន​ត្រូវ​រៀន​វា​ទាំង​អស់​ច្របល់​ចូល​គ្នា​ក្នុង​ពេល​តែ​មួយ​នោះ​ឡើយ​ អ្វី​ដែល​ល្អ​គឺ​ការ​បែប​ចែក​ពេល​វេលា​ ថា​ថ្ងៃ​នេះ​គួរ​រៀន​ផ្នែក​មួយ​ណា​ ហើយ​ថ្ងៃ​ស្អែក​រៀន​ផ្នែក​មួយ​ណា​។​ សម្រាប់​សុធី​ផ្ទាល់​គឺ​ពេល​យប់​ ជា​ពេល​​ដែល​ល្អ​សម្រាប់​ការ​​រៀន​ ព្រោះ​មាន​អារម្មណ៍​ស្ងប់​ស្ងាត់​ និង មាន​ពេល​ច្រើន​​ដើម្បី​គិត​អោយ​​បាន​ស៊ី​ជម្រៅ​។​

​៦​ ​​​រៀន​​​ធ្វើ​លំហាត់​តូច​ៗ​​អោយ​ចេះ​ជាមុន​សិន​

បើ​តាម​​ការ​យល់​ឃើញ​របស់​​សុធី ​បាន​បង្ហាញ​ថា​ សិស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ធ្វើ​លំហាត់​តាម​វិញ្ញាសា​​ប្រឡង​នានា​ដែល​ធ្លាប់​ចេញ​​​​នា​ពេល​មុន​​ៗ​ ​ប៉ុន្តែ​មិន​បាន​​ឆ្លង​កាត់​ការ​​ធ្វើ​លំហាត់​តូច​ៗ​ជាមុន​សិន​​នោះ​ឡើយ​។​ ប្រការ​នេះ​គឺ​មិន​អាច​អោយ​គាត់​អាច​រៀន​ចេះ​គណិតវិទ្យា​នោះ​ឡើយ​ គឺ​គ្រាន់​តែ​ជា​​ការ​រៀន​​អោយ​បាន​ប្រឡង​ជាប់​ប៉ុណ្ណោះ​។ ​លោក​បន្ត​ថា​ កាល​ណា​គេ​​យល់​ពី​លំហាត់​តូច​ៗ​នៅ​តាម​មេរៀន​រួច​សិន​​ ទើប​គេ​អាច​ឆ្ពោះ​ទៅ​ធ្វើ​វិញ្ញាសា​ប្រឡង​ជា​​ក្រោយ​​ ​នោះ​ទើប​ជា​ការ​​ត្រឹម​ត្រូវ​។​

៧​ ​ចេះ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​

​​​​​បច្ចុប្បន្ន​​​ដោយ​សារ​តែ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​មាន​ការ​រីក​ចម្រើន​ខ្លាំង​ ​ដូចនេះ​វា​បាន​បង្ក​ភាព​​​ងាយ​ស្រួល​សម្រាប់​សិស្ស​និស្សិត​​ក្នុង​ការ​រៀន​គណិតវិទ្យា​តាម​​ប្រព័ន្ធ​អនឡាញ​ ដូចជា​វេបសាយ​​គណិតវិទ្យា​​ល្អ​ៗ​ ​Facebook Group ​ដែល​មាន​សមាជិក​ជា​អ្នក​គណិតវិទ្យា​​​ និង អាច​ស្វែង​រក​​​វីដេអូ​តាម​Youtube ​ស្ដី​ពី​​​ការ​បង្រៀន​​ដោះ​ស្រាយ​លំហាត់​ថែម​ទៀត​ផង​។​​​​​​

អត្ថបទ៖ ចន្ថា

មតិយោបល់