• 2017-03-27 02:52:33
  • ជំនឿ

ឆ្នាំ​នេះ​ ​ឆេងម៉េង ហាម​ក្រោយ​ថ្ងៃ​កំ​ណត់​ ០៤ មេសា

  • 2017-03-27 02:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឆ្នាំ​នេះ​ពិធីសែន​ឆេងម៉េង ត្រូវ​បាន​ជ្រើសរើស​យក​ថ្ងៃ​ទី ០៤ មេសា ជា​ពិធី​សែន​ធំ ហើយ​មិន​ឲ្យ​លើស​ពី​ថ្ងៃ​នេះ​ទៀត​ផង។ ប្រពៃណី​សែន​ផ្នូរ ឫ​ឆេង​ម៉េង (​ឈីង​មិង​) ជា​ពិធី​ដែល​ជន​ជាតិ​ចិន តែង​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ស្រដៀង​នឹង​ពិធី​បុណ្យ​ភ្ជុំ​ខ្មែរ​ដែរ។ ចិន​ប្រារព្ធ​ធ្វើពិធី​បុណ្យ​ឆេងម៉េង ដើម្បី​ជា​ការ​សម្ដែង​ការ​គោរព​ដឹង​គុណ (​កតញ្ញូ​តា​ធម៌​) ចំពោះ បុព្វការី​ជន ឫ​សាច់ញាតិ ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក ដែល​ចាត់ទុកជា​ពី​ធី​ដ៏​សំខាន់​មួយ​ក្នុង​ជំនឿ​ទំនៀម​ទម្លាប់​ជន​ជាតិ​ចិន​-​វៀតណាម​។​

​ពិធី​សែន​ផ្នូរ (​ឆេង​ម៉េង​) ជាទូទៅ​ច្រើន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៤ ឫ​ទី​០៥ ខែ​មេសា (​សម្រាប់​ឆ្នាំ​នេះ​ពិធី​ឆេង​ម៉េង​ចំធំ​ថ្ងៃ​ទី​ ០៤ មេសា ) ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​ជាតិ​ចិន វៀតណាម ឫ​អ្នកមាន​សែស្រឡាយ ចិន​-​វៀតណាម​-​ខ្មែរ មួយ​ចំនួន​បាន​កំណត់​ថ្ងៃ​រៀប​ចំ​ពិធី​សែន​ផ្នូរ ទៅតាម​ភាព​សមស្រប​របស់​ខ្លួន ( តែ​សម្រាប់​ឆ្នាំ​នេះ​មាន​ជំនឿ​ថា ត្រូវ​បាន​ហាម​សែន​ផ្នូរ ​នៅ​ក្រោយ​ថ្ងៃ​កំណត់ ០៤ មេសា​។​

​តាម​ការ​កត់សម្គាល់​នៅមុន​ថ្ងៃ​រៀបចំ​ពិធី​គេ​តែងតែ​នាំ​កូនចៅ​ទៅ​សម្អាត​ផ្នូរ ពូនដី​បន្ថែម ហើយ​នៅ​ថ្ងៃ​សែន​គេ​នាំ​គ្រួសារ​ទាំង​ក្មេង ទាំង​ចាស់ ប្រុស​ស្រី មក​ជួប​ជុំគ្នា នៅ​ខាង​ផ្នូរ​ដោយមាន​ក្រាលកន្ទេល​ពី មុខ​ផ្នូរ រៀបចំ​គ្រឿង​សំ​ណែន​ផ្សេងៗ​គ្រប់​មុខ មាន​ដូចជា បាយ សម្ល​រ មាន​ស្ងោរ ជ្រូក​ខ្វៃ នំ​នែក ចេក និង​អាហារ​ផ្សេងៗ​រួម​ទាំង ភេសជ្ជៈ ទឹកក្រូច ស្រា​បៀរ តែ ក្រដាស​សែន មាន​ក្រដាស​មាស​ក្រដាសប្រាក់ ក្រដាស​សម្លៀក​បំពាក់ គ្រឿង​បរិក្ខារ​ប្រើប្រាស់​ផ្សេងៗ ដែល​ធ្វើ​ពី​ក្រដាស សម្រាប់​ដុត​ឧទ្ទិស​ជូន​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា កុង​ម៉ា សាច់ញាតិ​ទាំង​៧​សន្តាន​។

នៅ​ក្នុង​វេលា​នោះ​ដែរ​សម្រាប់​ផ្នូរ​សព​បុព្វការី​ជន ដែល​ចែក​ឋាន​បាន ​៣​ឆ្នាំ​ឡើង​ទៅ កូនចៅ​សាច់ញាតិ​សន្តាន តែងតែ​នាំគ្នា​យក​ក្រដាស​៥ ពណ៌ (​ង៉ូវ​ស៊ីជូ​) មក​ប្រក់​ផ្នូរ ប្រៀប​ដូចជា​ការ​ប្រក់ផ្ទះ​ថ្មី​ឲ្យ​បុព្វការី​ជន​ដូច្នេះ​ដែរ រួម​ជាមួយ​នឹង​ការ​ប្រោស​ព្រំ​ទឹក​លើ​ផ្នូរ​ផ្ដល់​នូវ​ភាព​ត្រជាក់​ត្រ​ជុំ ហើយ​កូនចៅ ញាតិ​ផៅ​សន្តាន ដែល​នៅ​រស់​តែង​នាំគ្នា​អុជ​ធូប​បួងសួង​ប្រាថ្នា​ផ្សេងៗ​ដូចជា សុំ​បុព្វការី​ជន មាន​ឪពុក-ម្ដាយ ជីដូន​ជីតា (​កុង​ម៉ា​) ជាដើម​ជួយ​កាន់​ខ្នង​រង​មុខ​ថែរក្សា​កូនចៅ ឲ្យ​រស់នៅ​បាន​សុខ​សប្បាយ រកស៊ី​មានបាន កើត​កាល​វាល​គុម្ព ត្រជាក់​ត្រ​ជុំ​ដូច​ទឹក​អង្គ​បំពង​ខ្ចី​...​។​ល​។​

*ពិធីប្រក់ផ្នូរ*

តាម​ឯកសារ​ខ្លះ បញ្ជាក់​ថា ក្រៅពី​ជា​ការ​គោរព​ជីដូន​ជីតា សាច់ញាតិ តាម​ប្រពៃណី​នោះ ថ្ងៃបុណ្យ​ឆេង​ម៉េង​របស់​ចិន ក៏​ជា​ការ​រម្លឹក​ដល់​ព្រឹត្តិការណ៍ ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​១៩៧៦ និង​ហេតុការណ៍​នៅ​ទីលាន​ធាន​អាន​មិន ខណៈ​ដែល​នៅ​ចិន​ដីគោក ជា​ការ​រលឹក​ដល់​វិញ្ញាណក្ខន្ធ​លោកនាយក​រដ្ឋមន្ត្រី ជូ អិន​ឡាយ ដែល​ទទួល​មរណៈ​ភាព​នា​ឆ្នាំ​១៩៧៦។ រីឯ​នៅ​កោះ​តៃវ៉ាន់ ថ្ងៃទី ០៤ មេសា ជា​ការ​រម្លឹក​ដល់​ថ្ងៃ​ម​រណៈ​ភាព​របស់​លោក ចាង ខាយ​ចៀក មេដឹកនាំ​ចិន​សេរី​៕

អត្ថបទ៖ ហេង នាង (CCJ)

មតិយោបល់