• 2017-04-24 06:39:07
  • ការអប់រំ

មានអ្វីកើតឡើង បើរៀបការប្ដីថ្មីរួច​ឲ្យប្ដីដើមមករស់​នៅជាមួយ?

  • 2017-04-24 06:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្ដី​ប្រពន្ធ​មួយ​គូ ​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ចាប់​អារម្មណ៍ និង​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត បន្ទាប់​ពី​ដឹង​ថា ​ប្រពន្ធ​យក​ប្ដី​ថ្មី តែ​អនុញ្ញាត​ឲ្យ​ប្ដី​ដើម​មក​រួម​រស់​​នៅ​ជាមួយ​ដូច​សាច់​ញាតិ​បងប្អូន។

ប្ដី​ដើម​លោក Liu Haojin រស់​នៅ​ទីក្រុង Lishui ខេត្ត Zhejiang ភាគ​ខាង​លិច​ប្រទេស​ចិន បាន​ធ្លាក់​ខ្លួន​ពិការ តែ​រស់​នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​អតីត​ប្រពន្ធ Zhou Yuying និង​ប្ដី​ថ្មី​របស់​​អ្នកស្រី​លោក​ Zhao Jinlong អស់​រយៈពេល​ប្រមាណ ១២​ឆ្នាំ​។

លោក Liu អតីត​ស្វាមី​រៀបរាប់​ថា "ក្នុង​រយៈពេល ១២​ឆ្នាំ លោក​ Jinlong ​បាន​មើល​ថែ​ខ្ញុំ​ដូច​បង​ប្រុស​អីចឹង។ បច្ចុប្បន្ន​នេះ យើង​ទាំង​អស់​គ្នា​ជា​មិត្ត និង​បងប្អូន​​ល្អ​នឹង​គ្នា។ ​ខ្ញុំ​រីករាយ​ដែល​បាន​រស់​នៅ​ជាមួយ​ពួក​គេ។"

អតីត​ស្វាមី​វ័យ ៤៨​ឆ្នាំ​ខាង​លើ ​ចាប់​ផ្ដើម​ពិការ​ត្រឹម​ចង្កេះ​ចុះ​ក្រោម ​ក្រោយ​​ធ្លាក់​ពី​លើ​អគារ​ជាន់​ទី ៣ ​ក្នុង​ឆ្នាំ ២០០០។ លោក Liu បាន​រៀប​ការ​ជាមួយ​អ្នក​ស្រី Zhou Yuying ​ក្នុង​ឆ្នាំ​ ១៩៩៤ តែ​បាន​លែង​លះ​គ្នា​ក្នុង​ឆ្នាំ​ ២០០៥ ដើម្បី​ទៅ​រៀប​ការ​ជាមួយ​ប្ដី​ថ្មី​លោក Jinlong ដែល​សន្យា​ជួយ​មើល​ថែ​លោក Liu។

លោក Liu និង​អ្នក​ស្រី Zhou ​មក​​ពី​ទីប្រជុំជន Xinxing ​ប៉ុន្តែ​បាន​ជាប់​ចិត្ត​ស្រលាញ់​គ្នា​ពេល​ធ្វើ​ការ​នៅ​ទីក្រុង​ហាងចូវ​ ក្នុង​ឆ្នាំ ១៩៩០​។ លោក Liu ជា​ជាង​ឈើ ហើយ​អ្នក​ស្រី​ជា​អ្នក​លើក​អាហារ​ក្នុង​ភោជនីយដ្ឋាន​តូច​មួយ​កាល​នោះ។

អ្នក​ស្រី Zhou ​បង្ហើប​ថា អតីត​ស្វាមី​របស់​គាត់​ ខ្ពស់ សង្ហា ចិត្ត​ល្អ និង​អាច​ពឹង​ពាក់​បាន ចំណែក​លោក Zhou ​ប្រាប់​ថា អតីត​ភរិយា​ខ្លួន​ស្រស់​ស្អាត និង​មាន​សីលធម៌​ល្អ​កាល​នៅ​ក្មេង។ ក្នុង​ឆ្នាំ ១៩៩៤ ​ពួក​គេ​សម្រេច​ដឹក​ដៃ​គ្នា​ចូល​រោង​ការ ហើយ​ក្នុង​ឆ្នាំ ១៩៩៦ ពួក​គេ​សម្រាល​បាន​កូន​ស្រី​ម្នាក់។

ជីវិត​ពួកគេ​ពេល​នោះ ពិត​ជា​មាន​សុភមង្គល និង​ផ្អែម​ល្ហែម​ណាស់ ​តែ​លោក Liu ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​​ជា​ជាង​ឈើ​នៅ​ទីក្រុង​ទុក​ឲ្យ​ប្រពន្ធ​នៅ​មើល​​ថែ​កូន​ស្រី​នៅ​ស្រុក​កំណើត។

ទោះ​ជា​យ៉ាង​ណា​អ្វី​ៗ​បាន​ផ្លាស់ប្ដូរ​​ពេល​លោក Liu ធ្លាក់​ពី​លើ​អគារ​ ហើយ​ចាប់​ផ្ដើម​ពិការ​ធ្វើ​អ្វី​មិន​កើត​សូម្បី​មើល​ថែ​ខ្លួន​ឯង ព្រោះ​ត្រូវ​គេង​​ជាប់​លើ​គ្រែ​រហូត។ ស្ថានភាព​បែប​នេះ​លោក​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រពន្ធ​​មើល​ថែ។

Liu ​មាន​ចិត្ត​អាណិត​ប្រពន្ធ​ជា​ខ្លាំង និង​​គិត​ថា​ប្ដី​ប្រពន្ធ​​ទាំង​ពីរ​មិន​អាច​រស់​នៅ​បែប​នេះ​រហូត​បាន​ទេ ដូច្នេះ​គាត់​បាន​សុំ​ឲ្យ​ប្រពន្ធ​ទិញ​​ថ្នាំ​ងងុយ​ដេក​ដើម្បី​​ឲ្យ​គាត់​ធ្វើ​អត្តឃាត។ ពេល​ឮ​បែប​នេះ​​ប្រពន្ធ​បាន​យំ និង​​ឱប​ប្ដី​រៀង​រាល់​ពេល​ដោយ​និយាយ​ទាំង​ក្ដុកក្ដួល​ថា "​យើង​ជា​គ្រួសារ​តែមួយ ខ្ញុំ​មិន​អាច​ចោល​បង​បាន​ទេ។ យើង​ត្រូវ​តែ​ឆ្លង​កាត់​ភាព​ឈឺ​ចាប់​ទាំង​អស់​នេះ​​ជាមួយ​គ្នា។"

លោក Liu គិត​ហើយ​គិត​​ទៀត​ថា​ ខ្លួន​មិន​ចង់​ឲ្យ​បន្ទុក​​នេះ​ធ្លាក់​លើ​គ្រួសារ ក៏​សម្រេច​ចិត្ត​ទទូច​​​ជា​ច្រើន​ដង​សុំ​លែង​លះ​គ្នា តែ​អ្នក​ស្រី Zhou បដិសេធ​គ្រប់​ពេល​ដោយ​និយាយ​ថា " រង់​ចាំ​កូន​ស្រី​យើង​ធំ​បន្តិចសិន​ ​យើង​នឹង​​ចង់​លែង​លះ​គ្នា បើ​មិន​អីចឹង ​ខ្ញុំ​នៅ​​មើល​ថែ​បង​រហូត។"

ជីវភាព​ប្រចាំ​ថ្ងៃ​​ទទួល​បាន​ចំណូល​តិច​តួច​ប៉ុណ្ណោះ​ពី​ចម្ការ​តែ​តូច​មួយ រហូត​ធ្លាក់​ខ្លួន​ជាប់​បំណុល​គេ​ជាច្រើន។ អ្នក​ស្រី Zhou គិត​ថា "ពេល​នោះ ខ្ញុំ​បារម្ភ​ពី​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា ហើយ​ចង់​បាន​មនុស្ស​ម្នាក់​ទៀត​ដើម្បី​ជួយ​ខ្ញុំ។"

នៅ​ថ្ងៃ​មួយ​ក្នុង​​ឆ្នាំ ២០០៥ លោក Zhao Jinlong ​បាន​ទៅ​ជួយ​បេះ​ស្លឹក​តែ​នៅ​ចម្ការ​អ្នក​ស្រី Zhou និង​មក​រៀន​វិធី​សម្ងួត​ស្លឹក​តែ​ដើម្បី​លក់​លើ​ទី​ផ្សារ។ បន្ទាប់​ពី​បាន​ស្គាល់​គ្នា​ជា​ច្រើន​ខែ លោក Liu ក៏​បាន​ដឹង ​ហើយ​ជំរុញ​ឲ្យ​ភរិយា​​លែងលះ​ខ្លួន​ម្ដង​ទៀត​។

ពេល​នេះ​អ្នក​ស្រី Zhou ​ហាក់​ទន់​ចិត្ត​ដោយ​ប្រាប់​លោក Jinlong ថា​ ខ្លួន​ចង់​រៀបការ​ជាមួយ​​គាត់​ ប៉ុន្តែ​​គាត់​ត្រូវ​មក​រស់​នៅ​ផ្ទះ​របស់​លោក Liu ​និង​មើល​ថែ​ប្ដី​មុន និង​កូន​ស្រី​របស់​គាត់​ផង។ លោក Jinlong សន្យា​​មើល​ថែ​លោក Liu ដូច​បងប្អូន​ប្រុស និង​កូន​ស្រី​ដូច​កូន​បង្កើត​របស់​ខ្លួន​​។

ក្នុង​ខែ​ឧសភា ​ឆ្នាំ ២០០៥ លោក Liu បាន​លែង​លះ​ Zhou ជា​ផ្លូវការ ហើយ​រៀប​ការ​ជាមួយ​លោក Jinlong នៅ​មួយ​ខែ​​ក្រោយ។

បន្ទាប់​ពី​រៀបការ​រួច​អតីត​ស្វាមី​និយាយ​ថា "​ខ្ញុំ​ស្រែក​យំ​ខ្លាំង​ៗ ពេល​ប្ដី​ថ្មី​លោក Jinlong ​ចូល​មក​ស្នាក់​នៅ ព្រោះ​ប្រពន្ធ​ខ្ញុំ​ក្លាយ​ជា​ប្រពន្ធ​បុរស​​ផ្សេង ហើយ​ខ្ញុំ​ក៏​បារម្ភ​ថា​ខ្ញុំ​នឹង​ត្រូវ​ប្ដី​ថ្មី​ធ្វើ​បាប​ដែរ។" តែ​អ្វី​ៗ​ខុស​ពី​ការ​គិត ពួក​គេ​រស់​​នៅ​​ជាមួយ​គ្នា​ទាំង​ ៤នាក់​ក្រោម​ដំបូល​​ផ្ទះ​តែ​មួយ​​យ៉ាង​មាន​សុភមង្គល​រហូត​​បច្ចុប្បន្ន​៕

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ ឡេង ភារុណ

មតិយោបល់