• 2017-05-03 00:52:21
  • ព័ត៌មាន

មិន​មែន​មាស​ប្រាក់​ទ្រព្យ​សម្បត្តិ តែ​៥​យ៉ាង​នេះ​ ម្ដាយ​គ្រប់​រូប​ចង់​បាន​ពី​កូន​បំផុត​ ​

  • 2017-05-03 00:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ពាក្យ​ថា​កូន​មួយ​ម៉ាត់​ទោះ​មាស​ប៉ុន​ដូង​ទុំ ក៏​ម៉ែ​មិន​ដូរ​ដែរ" នេះ​ជា​ឃ្លា​ដែល​ម្ដាយ​គ្រប់​រូប​ឧស្សាហ៍​និយាយ​ទៅ​កាន់​កូន​ៗ​គ្រប់​រូប​។ ​ម្ដាយ​ហ៊ាន​លះបង់​អ្វី​ៗ​គ្រប់​យ៉ាង​ឱ្យ​តែ​កូន​បាន​សុខ ​មិន​ថា ក្ដៅ​ រងា ហត់​នឿយ​ ប៉ុណ្ណា​ ម្ដាយ​មិន​ដែល​ហារ​ស្ដី​ប្រាប់​កូន​មួយ​ម៉ាត់​។ ​ម្ដាយ​គ្រប់​រូប​នៅ​លើ​ផែន​ដី​នេះ​ មិន​ដែល​ប្រាថ្នា​អ្វី​ពី​កូន​ឡើយ តែង​បន់​ស្រន់​ឱ្យ​កូន​ជា​រៀងរាល់​ថ្ងៃ​។ ​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​ម្ដាយ​គ្រប់​រូប​ចង់​បាន​ពី​កូន​៖

១. ​ពេល​វេលា​ជុំ​គ្រួសារ

មក​ជួប​ជាមួយ​អ្នក​ស្រី មាស សារ៉េត អាជីវករ​លក់​ដូរ​នៅ​ផ្សារ​បឹង​ព្រលិត បាន​ប្រាប់​ថា រាល់​ថ្ងៃ​កូនៗ​ព្រលឹម​ឡើង​ចេញ​ទៅ​ធ្វើ​ការ​អស់​មិន​ដែល​មាន​ពេល​វេលា​ទេ ហើយ​ឱ្យ​តែ​ថ្ងៃ​ចុង​សប្ដាហ៍​កូនៗ​អ្នក​ស្រី តែង​មាន​ណាត់​ជាមួយ​មិត្ត​ភក្ដិ​ទៅ​នេះ​ទៅ​នោះ សឹង​តែ​ពេញ​មួយ​ខែ​មិន​បាន​ញ៉ាំ​បាយ​ជុំ​គ្នា​ម្ដង​ទេ​។ ​ដូច្នេះ​អ្វី​ដែល​អ្នក​ស្រី​ចង់​បាន​ពី​កូន​បំផុត​នោះ គឺ​ចង់​ឱ្យ​កូន​ផ្ដល់​ពេល​វេលា​ឱ្យ​ម្ដាយ មិន​ចាំ​បាច់​ចូល​ហាង​ទំនើប​ហូប​ឆ្ងាញ់​អ្វី​ទេ សុំ​ត្រឹម​តែ​កូន​ចំណាយ​ពេល​ជា​មួយ​ម្ដាយ​ខ្លះ​ផង​។ "ហឹមម.. ខ្ញុំ​មិន​ចង់​បាន​អ្វី​ពី​កូន​ទេ ក្មួយ​តែ​រាល់​ថ្ងៃ​មីង​ដូច​មាន​តែ​ខ្លួន​មួយ​ចឹង ម៉ង់ៗ​ មីង​នឹក​កូន​ៗ​ណាស់"។ អ្នក​ស្រី មាស សារ៉េត បន្ថែម​។

២. ​ស្នាម​ញញឹម​​របស់​កូន​ៗ

ដោយ​ឡែក លោកយាយ វ៉ែន ឡៃ ដែល​មាន​កូន​ៗ​រៀបការ​អស់​ហើយ ថែម​ទាំង​មាន​ចៅ ចៅ​ទួត​ទៀត​នោះ និយាយ​ថា៖ "សព្វ​ថ្ងៃ​នេះ​គ្មាន​អ្វី​សប្បាយ​ចិត្ត​ពេល​ឃើញ​កូន​ៗ វា​រស់​នៅ​ជាមួយ​ប្ដី​ប្រពន្ធ​វា មាន​សុភមង្គល​ទេ​ចៅ ចង់​តែ​ឃើញ​ស្នាម​ញញឹម​កូន​ៗ ចៅៗ ទៅ​បាន​ហើយ​មិន​ចាំ​បាច់​ឱ្យ​អ្វី​យាយ​ទេ​​"។ សុភមង្គល​ក្នុង​គ្រួសារ​មាន​តម្លៃ​ណាស់​ទោះ​ជា​មាន​មាស​ប្រាក់​ប៉ុណ្ណា​ បើ​គ្មាន​សុភមង្គល​ ក៏​គ្មាន​ន័យ​ដែរ​។ ​ដូច្នេះ​អ្វី​ដែល​លោក​យាយ​សុំ​តើ​កូន​ៗ​ អាច​ផ្ដល់​ឱ្យ​បាន​ទេ?

៣. ​ចង់​ឃើញ​កូន​ចេះ​ស្រឡាញ់​គ្នា

លោកយាយ​ វ៉ែន ឡៃ ដដែល​ និយាយ​ថា ចង់​ឃើញ​កូន​ៗ​ចេះ​ស្រឡាញ់​គ្នា ចេះ​ជួយ​គ្នា អាណិត​អាសូរ​គ្នា មិន​មែន​ឃើញ​អ្នក​ណា​ល្អ​ជាង​ច្រណែន​នោះ​ទេ​។ ​លោក​យាយ​ ប្រាប់​ថា ក្ដី​សុខ​របស់​លោក​យាយ​គឺ​ស្ថិត​នៅ​លើ​កូន​ចៅ​ទាំង​ស្រុង បើ​កូន​ចៅ​រស់​នៅ​ចុះ​សម្រុង​គ្នា ស្រឡាញ់​គ្នា គឺ​ធ្វើ​ឱ្យ​លោក​យាយ​ចង់​មាន​អាយុ​វែង រស់​នៅ​បាន​យូរ​ ដើម្បី​មើល​កូន​ចៅ​រស់​នៅ​មាន​សេច​ក្ដី​សុខ​។

៤. ​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​សង្គម

មក​ជួប​ជាមួយ​អ្នក​ម្ដាយ​មួយ​រូប​ទៀត អ្នក​ស្រី ប៊ុន ណារ៉េម រស់​នៅ​ខេត្ត​កំពង់​ស្ពឺ ​បាន​លើក​ឡើង​ថា អ្នក​ម្ដាយ​គ្រប់​រូប​តែង​ចង់​ឃើញ​កូន​ជា​បុគ្គល​ល្អ​ មាន​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ក្នុង​សង្គម រស់​នៅ​ថ្លៃ​ថ្នូរ​ មាន​ការងារ​ល្អ​ធ្វើ មាន​ចំណេះ​ដឹង ចំពោះ​អ្នក​ស្រី​ជា​ម្ដាយ​មួយ​រូប​ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​ហើយ​។ អ្នក​ស្រី​បន្ត​ទៀត​ថា គ្មាន​ម្ដាយ​ឯណា​ចង់​ឃើញ​កូន​ដើរ​ផ្លូវ​មិន​ល្អ​នោះ​ទេ បើ​កូន​ដើរ​តាម​គន្លង​ធម៌​ក្នុង​នាម​ជា​ឪពុកម្ដាយ​ក៏​មាន​មោទនភាព​ដោយសារ​កូន ហើយ​ក៏​មាន​មុខ​ប្រឈម​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ ក្នុង​សង្គម​ដែរ​។

៥. ចង់ឃើញ​កូន​សុខ​ទាំង​កាយ​ទាំង​ចិត្ត

"ឱ្យ​តែ​ឭ​កូន​ឈឺ​ បើ​ម្ដាយ​អាច​ទៅ​ឈឺ​ជំនួស​កូន​បាន ម៉ែ​នឹង​ឈឺ​ជំនួស​កូន​ហើយ"។ ​អ្នក​ស្រី​ ប៊ុន ណារ៉េម និយាយ​។ ​អ្នក​ស្រី​បន្ត​ទៀត​ថា ឪពុក​ម្ដាយ​កើត​ទុក្ខ​បំផុត​ពេល​ឃើញ​កូន​ឈឺ ហើយ​បើ​សិន​ជា​អាច​សឹង​តែ​ឈឺ​ជំនួស​កូន​។ ​ដូច្នេះ​មិន​ថា​ម្ដាយ​រូប​ណា​ទេ តែង​ប្រាថ្នា​ឃើញ​កូន​មាន​ស្នាម​ញញឹម មាន​ក្ដី​សុខ​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត​៕ ​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់