• 2017-08-11 00:52:18
  • ព័ត៌មាន

២​កន្លែង​នៅ​កម្ពុជា​មាន​ផ្កា​ដ៏​ល្វឹងល្វើយ​ស្អាត​បំផុត មិន​ចាញ់​ស្រុក​គេ

  • 2017-08-11 00:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​២​កន្លែង ក្នុង​ប្រទេស​កម្ពុជា​មាន​ផ្កា​កំពុង​រីក​ស្គុះស្គាយ​បញ្ចេញ​សម្រស់​ដ៏​ស្រស់​ស្អាត​កម្រ​បាន​ឃើញ។ ចង់​ដឹង​ថា តើ​ទាំង​២​កន្លែង​នោះ មាន​នៅ​ទី​ណា​ខ្លះ? តោះ​ទៅ​ស្គាល់​ទាំង​អស់​គ្នា​ណា!

១. ផ្កា​ចាហួយ​នៅ​សៀមរាប

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ឡូយ សុវណ្ណ រស់​នៅ​ក្បែរ​ភ្នំ​អំពិល ក្នុង​ភូមិ​ពាក់​ស្នែង ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរ​ធំ ខេត្ត​សៀមរាប បាន​ប្រាប់​មក​កាន់​ Sabay ថា​ នៅ​ខែ​ក្រោយ​នេះ​ រហូតដល់ខែតុលា ផ្កា​ចាហួយ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ភ្នំ​អំពិល ចាប់​ផ្ដើម​រីក​ស្គុះស្គាយ​ទៀត​ហើយ អ្នក​ដែល​ចូល​ចិត្ត​តំបន់​ធម្មជាតិ​ទេសភាព​ស្រស់​​ត្រកាល​អាច​ទៅ​លេង​កម្សាន្ត​បាន។

លោក​ ឡូយ សុវណ្ណ បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​នៅ​ទី​នោះ​មិន​ទាន់​បាន​អភិវឌ្ឍ​ ជា​តំបន់​ទេសចរណ៍​នោះ​ទេ ភាគ​ច្រើន​អ្នក​ទៅ​លេង​កម្សាន្ត​ជា​អ្នក​ស្រុក​ក្បែរ​នោះ​ដែល​ស្គាល់​តៗ​គ្នា។ ចំពោះ​ភ្ញៀវ​ទេសចរណ៍​ ចង់​ទៅ​លេង​កម្សាន្ត​មិន​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​បាន​ទេ ត្រូវ​ជួល​គោយន្ត​អ្នក​ភូមិ​ពាក់​ស្នែង​ជិះ​ពេញ​មួយ​ថ្ងៃ​តម្លៃ ២០​ដុល្លារ​ប៉ុណ្ណោះ អាច​ជិះ​បាន​គ្នា​២៤​នាក់។

ទៅ​ដល់​ទីនោះ​ភ្ញៀវ​ទេសចរ​ប្រាកដ​ជា​លង់​នឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត មាន​វាល​ស្មៅ​ខៀវ​ស្រងាត់​ដាច់​កន្ទុយ​ភ្នែក ជា​ពិសេស​ផ្កា​ចាហួយ​រំលេច​ពណ៌​ផ្កា​ឈូក​គួរ​ឱ្យ​គយគន់​ក្រៃ​លែង។ អ្នក​ទៅ​លេង​កម្សាន្ត​វេច​ខ្ចប់​អាហារ​យក​ទៅ​ញ៉ាំ ឬ​ក៏​អាច​ឱ្យ​អ្នក​ភូមិ​ចម្អិន​ឱ្យ​ក៏​បាន​ដែរ​ក្នុង​តម្លៃ​សមរម្យ និង​ជា​អាហារ​របស់​ភូមិ​ផ្ទាល់​។

គួរ​ជម្រាប​ជូន​ថា ភ្នំ​អំពិល​មាន​ទីតាំង​នៅ ភូមិ​ពាក់​ស្នែង ឃុំ​ពាក់ស្នែង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប មាន​ចម្ងាយ​ប្រមាណ ៥០គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត។

២. ផ្កា​ចង្រង​ស្វា​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​កំពង់ស្ពឺ

ផ្កា​មួយ​ប្រភេទ​ដែល​អ្នក​ស្រុក​ហៅ​ថា ផ្កា​ចង្រង​ស្វា កំពុង​រីក​យ៉ាង​ស្គុះស្គាយ​លើ​ផ្ទៃ​ដី​រាប់​ហិចតា នៅ​តាម​ផ្លូវ​ទៅ​ទឹក​ធ្លាក់​ជ្រាវ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ភូមិ​អូរ​ដារ ឃុំ​អមលាំង ស្រុក​ថ្ពង បាន​ក្លាយ​ជា​ទីតាំង​ដ៏​ទាក់ទាញ​សម្រាប់​អ្នក​ដំណើរ​នានា។

ផ្កា​ដ៏​ស្រស់​បំព្រង​នេះ​កំពុង​បង្អួត​សម្រស់​របស់​ខ្លួន ឆាប​យក​បេះដូង​អ្នក​ដំណើរ​មិន​ឱ្យ​រំលង ដើម្បីផ្ដិតយក​ទេសភាព​ដ៏កម្រនេះ។ កាន់​តែ​ពិសេស​ប្រិយ​មិត្ត​អាច​ហួស​ទៅ​លេង​ទឹក​ធ្លាក់​ជ្រាវ ជា​រមណីយដ្ឋាន​ធម្មជាតិ​ទើប​តែ​រក​ឃើញ​ថ្មីៗ និង​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាលទៀតផង។ ចំណែក​ឯ​ផ្លូវ​ក៏​ងាយ​ស្រួល​ធ្វើ​ដំណើរ មាន​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់