• 2017-09-06 02:58:52
  • ព័ត៌មាន

សុនខស្លៀកពាក់ខោអាវ អង្គុយ​លើគ្រែស្នែង​ក្នុងពិធីដង្ហែ ញញឹម​ប៉ប្រិម

  • 2017-09-06 02:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​​ដង្ហែរ​សុនខ​ប្រចាំ​ឆ្នាំ​​របស់​ប្រជាជន​ចិន​នៅ​តំបន់​មួយ ត្រូវ​បាន​គេ​ឃើញ​​សុនខ​ស្លៀកពាក់​ខោអាវ ឲ្យ​អង្គុយ​លើ​គ្រែ​ស្នែង រួច​អ្នកភូមិ​​ជា​ច្រើន​នាំគ្នា​​ដង្ហែ​យ៉ាង​សប្បាយ​រីករាយ។ ការ​ធ្វើ​ដូច្នេះ​​ព្រោះ​អ្នកភូមិ​ចាត់​ទុក​​ថា សុនខ​ជា​អាទិទេព​​ជួយ​សង្គ្រោះ​បុព្វបុរស​​ពួក​គេ​។

ពិធី​ដង្ហែ​សុនខ ឬ Dog Carrying Day ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដោយ​​ជនជាតិ​ភាគ​តិច Miao ​ក្នុង​ភូមិ Jiaobang ខេត្ត Guizhou។ ទាក់​ទង​នឹង​ពិធី​​​នេះ​ដែរ​ មាន​រឿង​មួយ​ដំណាល​ថា ​​ជា​យូរ​លង់​មក​ហើយ​ អ្នក​​តាំង​ទី​លំនៅ​​ដំបូង​គេ​ក្នុង​​តំបន់​នេះ ​​បាន​ជួប​គ្រោះ​រាំង​ស្ងួត​ស្ទើរ​បាត់​បង់​ជីវិត តែ​សំណាង​ល្អ​មាន​សុនខ​មួយ​ក្បាល​ បាន​នាំ​ពួក​គេ​ទៅ​រក​ឃើញ​ប្រភព​ទឹក ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​បន្ត​ជីវិត​រស់​​នៅ​ទៀត​បាន។

ជា​ការ​ដឹង​គុណ​ ពួក​គេ​បាន​​រៀប​ចំ​ពិធី​​មួយ​ឲ្យ​សុនខ និង​ចាត់​ទុក​សុនខ​ជា​អាទិទេព​ជួយ​សង្គ្រោះ​ពួក​គេ។ ពិធី​បាន​ធ្វើ​ត​ៗគ្នា​រហូត​ដល់​បច្ចុប្បន្ន អ្នក​ភូមិ​បាន​រៀប​ចំ​ខោអាវ មួក​ឲ្យ​សុនខ​ ​ដាក់​អង្គុយ​លើ​គ្រែស្នែង និង​មាន​វាយ​ស្គរ ច្រៀង​រាំ ​ពេល​ដង្ហែ​កាត់​​តាម​វាល​ស្រែ​ទៀត​ផង​។

លើស​ពី​នេះ​ អ្នក​ចូល​រួម​បាន​ស្លៀក​ឈុត​ខ្មៅ និង​លាប​ប៉ាត​ភក់​ដាក់​ខ្លួន មុខ និង​ក្បាល​​ជា​ដើម ព្រោះ​ជឿ​ថា​​ជា​កាយ​វិការ​តំណាង​ឲ្យ​សន្តិភាព សុខភាព និង​វិបុលភាព។ អ្នក​មិន​បាន​ចូល​រួម​ដង្ហែ​ក៏​ចេញ​មក​ឈរ​អម​តាម​ដង​ផ្លូវ​ដែរ ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​សត្វ និង​បួង​សួង​ឲ្យ​ការ​ប្រមូល​ផល​ទទួល​បាន​ទិន្នផល​ខ្ពស់​​៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ ឡេង ភារុណ

មតិយោបល់