• 2017-09-18 02:09:51
  • សេដ្ឋកិច្ច

កសិករជាង ៣ពាន់គ្រួសារ ​នៅ​ខេត្ត​ព្រះវិហារ​ទទួល​បាន​ចំណូល​ជាក់លាក់​ពី​កិច្ច​សន្យា​កសិកម្ម​​លើ​ដំណាំស្រូវ​សរីរាង្គ​ជាមួយ​ក្រុមហ៊ុន នាំចេញអង្ករ​អេមរុ៍រ៉ាយ​

  • 2017-09-18 02:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​ជាកម្ពុជា​មាន​អង្ករ​​ក្រអូប​សម្រាប់​នាំ​ចេញ​ទៅកាន់​ទីផ្សារ​អ៊ឺរ៉ុប និងអាមេរិក​ក្ដី​ ក៏​ប៉ុន្ដែ​យើង​ត្រូវ​ប្រកួត​ប្រជែង​​​​ខ្លាំង​ជាមួយ​​ប្រទេស​នាំចេញ ដែល​មាន​លទ្ធភាពខ្លាំង​ជាងយើង ជាក់ស្ដែង​ដូចជា​ប្រទេសថៃ និង​​ឥណ្ឌា​ជាដើម។ ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ការនាំចេញអង្ករសរីរាង្គ​ទៅកាន់​ប្រទេស​ទាំង​នោះ​វិញ ដែល​យើង​អាច​​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ប្រកួតប្រជែង។ នេះ​បើតាមការ​ឲ្យដឹង​របស់លោក សុង សារ៉ន នាយក​ក្រុមហ៊ុន​នាំចេញ អង្ករ​អេមរុ៍រ៉ាយស៍។

លោក​សារ៉ន បានឲ្យដឹងថា ក្រុមហ៊ុន​អេមរុ៍​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត​ព្រះ​វិហា​រ​​​​លើ​ការ​ដាំ​​ដុះ​ស្រូវសរីរាង្គតាំងពីឆ្នាំ ២០១៣មកម្ល៉េះ ដោយ​កាលណោះ​ក្រុមហ៊ុន​ទទួល​បាន​ការ​ផ្គត់ផ្គង់​ស្រូវ​​សរីរាង្គ​ពី​កសិករ​​ត្រឹមតែជាង ១០០តោនប៉ុណ្ណោះ។

លោក សារ៉ន

នាយកក្រុមហ៊ុន រូបនេះ​បន្ថែមថា សម្រាប់​ឆ្នាំ​២០១៧​​ ក្រុមហ៊ុន​បាន​បង្កើន​ការ​ចុះ​កិច្ច​សន្យា​កសិកម្ម​លើ​ដំណាំ​ស្រូវ​សរីរាង្គ​ជាមួយ​សហគមន៍​កសិកម្ម​សរុប​ចំនួន ២៤ គិតជាផ្ទៃ​ដាំដុះ​ប្រមាណ​ជាង ១ម៉ឺន​ហិក​តា គ្របដណ្ដប់​ទៅលើ​ស្រុកទាំង ៧ក្នុង​ខេត្ត​ព្រះវិហារ និង​អាចផ្ដល់​នូវ​ទិន្នផល​ស្រូវ​សរីរាង្គ​បានជាង ២២ ៥០០តោន។ លោកថា​ សម្រាប់​កិច្ចសន្យា​នេះ​គឺ​មាន​កសិករ​ប្រមាណជាង ៣ពាន់​គ្រួសារ​​ដែល​ទទួល​បាន​ការ​ធានា​ទិញ​ទិន្នផល​ស្រូវ​សរីរាង្គ​របស់​ពួកគាត់​ក្នុង​តម្លៃ​ខ្ពស់​ជាងទីផ្សារ។

លោក សារ៉ន បញ្ជាក់ថា កិច្ចសន្យា​កសិកម្ម​លើ​ការដាំ​ដុះ​ស្រូវ​សរីរាង្គ ​ផ្ដោត​សំខាន់​ទៅលើ​ការ​ព្រមព្រៀង​រវាង​សហគមន៍​កសិកម្ម ជាមួយនឹង​ក្រុមហ៊ុន ក្នុងការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ដែល​គ្មាន​ប្រើប្រាស់ជីគីមី និង​ស្រប​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដោយ​ក្រុមហ៊ុន​ជាអ្នក​ធានា​ទិញ​ក្នុង​តម្លៃគោល និង​មាន​ប្រាក់​បុព្វ​លាភបន្ថែម។

តាមរយៈ​កិច្ចសន្យា​ដែល​បាន​ធ្វើឡើងរួមគ្នា​រវាង​សហគមន៍​កសិកម្ម​ និងក្រុមហ៊ុន​អេមរុ៍រ៉ាយស៍ បាន​ចែង​រួច​ជា​ស្រេច​​អំពី​តម្លៃ​គោល​ដែល​ត្រូវ​កំណត់ ១០៥០រៀល​ក្នុង​មួយ​គីឡូក្រាម​ សម្រាប់​ស្រូវ​សរីរាង្គ​មាន​គុណភាព​ល្អ​ និង​តម្លៃ​បុព្វលាភ​ចន្លោះ​ពី​ ២៧០​រៀល ទៅ៣០០រៀល​ក្នុង​មួយ​គីឡូក្រាម​បន្ថែមទៀត។ ដូច្នេះ​ស្រូវ​សរីរាង្គមាន​គុណភាព​ល្អ​អាចមានតម្លៃ​រហូតដល់​១៤០០រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ដែល​ទីផ្សារទូទៅ​​មាន​តម្លៃ​ប្រមា​ណ​​​​១១០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយគីឡូក្រាម និង​ឡើង​ចុះ​ទៅតាមមាត់ឈ្មួញទៀត​នោះ។

លោក ប៉ោ សុវ៉ាត ប្រធាន​សហគមន៍​កសិកម្ម​សាមគ្គី​រហ័ស​មានជ័យ ស្ថិតនៅ​​ក្នុងស្រុករវៀង ខេត្ត​ព្រះវិហា​រ​​​​បាន​ឲ្យ​​ដឹងថា សហគមន៍​របស់​លោក​បាន​ចុះកិច្ចសន្យាកសិកម្មលើការដាំ​ដុះ​ស្រូវ​សរីរាង្គ​ជាមួ​យ​​ក្រុមហ៊ុន​អេមរុរ៉ាយ​ស៍​​ តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ កាលពីឆ្នាំ២០១៦​កន្លងទៅ សហគមន៍​បាន​ផ្គត់ផ្គង់​​ស្រូវសរីរាង្គសរុប​ ៣៤២​តោ​ន​​ទៅ​ឲ្យ​ក្រុមហ៊ុន​អេមរុរ៉ាយស៍ស្រប​តាមការចុះកិច្ចសន្យា​រួមគ្នា។ បច្ចុប្បន្ន​សហគមន៍​ដែលមាន​សមាជិកសរុប​ ២៦០​​នាក់នេះ​ កំពុង​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ស្រូវ​សរីរាង្គ​ដល់​ជាង ៤០០​ហិកតា ដើម្បី​ផ្គត់ផ្គង់​ទៅឲ្យ​ក្រុមហ៊ុន​តាម​កិច្ច​សន្យា​​ថ្មីបន្ថែមទៀត។

ថ្លែងស្រដៀងគ្នាដែរ លោកស្រី សៀង ប៉ូយ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សហគមន៍​លើកកម្ពស់​ស្ដ្រី ដែលបានចុះ​កិច្ច​សន្យា​ក្នុង​ការ​ដាំ​ដុះ​ និងផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​ប្រមាណ ៣ ៧០០តោន ​ឲ្យទៅក្រុមហ៊ុន​អេមរុរ៉ាយ​ស៍ក្នុង​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​​ថា សហគមន៍​របស់​លោក​ស្រី​មិនមាន​ការព្រួយ​បារម្ភឡើយពីការឡើងចុះតម្លៃស្រូវ​តាម​ទីផ្សារ​ ខណៈ​ដែល​​បច្ចុប្បន្ន​​​សហគមន៍​លោកស្រី​បង្កើន​ផ្ទៃ​ដីដាំ​ដុះ​ដល់ទៅ៣ពាន់ហិកតាក្ដី​។ នោះក៏ដោយ​សារ​តែ​​មានការធានា​ទិញ​ជាក់​លាក់​​ពីសំណាក់​ក្រុមហ៊ុន។

គួរបញ្ជាក់ថា ខេត្ត​ព្រះវិហារ​មាន​ផ្ទៃដាំ​ដុះស្រូវ​សរីរាង្គប្រមាណ ១៥ ០០០ហិកតា។ បើតាមលោក ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បានឲ្យដឹងថា មូលហេតុ​ដែល​ក្រុមហ៊ុន​នាំចេញ​អង្ករ​សម្រេច​ចុះ​កិច្ចសន្យា​កសិកម្ម​ជាមួយ​សហគមន៍​កសិកម្ម​ក្នុងទឹកដី​ខេត្តព្រះវិហារ ដោយសារតែ​ផ្ទៃដី​ខេត្ត​នេះ​មិន​ទាន់​ទទួល​រងនូវ​ការ​ប្រើប្រាស់​ជីគីមី ហើយកសិករ​ក៏មិនមានទម្លាប់​ប្រើប្រាស់ ជីគីមីផងដែរ។​

     

អត្ថបទ៖ រស់​ សុជាតិ

មតិយោបល់