• 2017-10-18 08:52:31
  • ព័ត៌មាន

មក​ស្គាល់​ ៣​កន្លែង​ស្អាតរកលេខដាក់គ្មាននៅកម្ពុជា​នេះ​សិន មុន​ចង់​ទៅ​លេង​ស្រុក​គេ

  • 2017-10-18 08:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ជា​ប្រទេស​គ្រប​ដណ្ដប់​ដោយ​តំបន់​ទេសចរណ៍​ជា​ច្រើន​រាប់​មិន​អស់​មិន​ថា បែប​វប្បធម៌​ ប្រវត្តិសាស្ត្រ ឫ​តំបន់​ទេសចរណ៍​ធម្មជាតិ​នោះ​ទេ សុទ្ធ​តែ​មាន​សក្ដានុពល​ទាក់ទាញ​អ្នក​ទស្សនា​មក​ពី​ជុំវិញ​ពិភពលោក។ ជាក់​ស្ដែង​តំបន់​ទេសចរណ៍​​ទាំង​៣​ខាង​ក្រោម​នេះ ពិត​ជា​មាន​ទេសភាព​ស្អាត​ខ្លាំង​មិន​ចាញ់​បរទេស​នោះ​ទេ ហើយ​អ្នក​ទេសចរ​ខ្លះ​នៅ​មិន​ទាន់​បាន​ទៅ​ដល់​ទៀត​ផង។ ដូច្នេះ​សូម​ទៅ​ស្គាល់​ទាំង​អស់​គ្នា​!

១. ផ្កា​ថ្ម​រាប់​ម៉ឺន​ប្រភេទ​នៅ​ខេត្ត​កំពត

មើល​មួយ​ភ្លែត​ស្មាន​តែ​នៅ​បរទេស ប៉ុន្តែ​ទេសភាព​ដ៏​ស្រស់​បំព្រង​នេះ គឺ​ស្ថិត​ក្នុង​ខេត្ត​កំពត ហើយ​ទីតាំង​នោះ​ឈ្មោះ​ថា តំបន់ ថ្មការាំង ដែល​មាន​ផ្កាថ្ម​​ដុះ​រាប់​លាន បង្កើត​ឱ្យ​ក្លាយ​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​​បំផុត​។ នៅ​ក្នុង​រដូវ​នេះ​ទឹក​សមុទ្រ​​នាជ​ពេល​ព្រឹក ដូច្នេះ​​អ្នក​ទៅ​លេង​កម្សាន្ត​ អាច​មើល​ឃើញ​ផ្កា​ថ្ម​ស្អាតៗ​ជា​ច្រើន​ប្រភេទ​ និង​មាន​ច្រើន​ពណ៌​ប្លែក​ៗ​ពី​គ្នា​ទៀត​ផង​។

បើ​តាម KDARD LA TENTE បាន​ឱ្យ​ដឹង​ទៀត​ថា ជា​ធម្មតា​តំបន់​ថ្ម​ការាំង​នេះ​ មាន​ជម្រៅ​ទឹក​ប្រមាណ​ ២ម៉ែត្រ។ ហេតុនេះ​ហើយ​ទើប​មិន​បង្ក​ជា​ផល​លំបាក​ដល់​ដំណើរ​កម្សាន្ត​នោះ​ទេ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ដើរ​កាត់​ឆ្នេរ​សមុទ្រ​ក្តាត ដែលមានចម្ងាយ៥០០ម៉ែត្រពីក្តាតឡាតង់។

នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ប្រិយមិត្ត​ អាច​រើស​យក​ប្រភេទ​លៀស​សមុទ្រ​ ១​ចំនួន​មក​ចម្អិន​ម្ហូប​ដោយ​ខ្លួន​ឯង​​យ៉ាង​ឆ្ងាញ់​ទៀត​ផង​។ ប្រសិន​បើ​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ក្នុង​រដូវ​នេះ​គឺ​ពិត​ជា​ល្អ​បំផុត ព្រោះ​អាកាស​ធាតុ​អំណោយ​ផល បូក​ផ្សំ​ជា​មួយ​នឹង​សមុទ្រ​ដែល​នាជ​ ងាយ​ស្រួល​ក្នុង​ការ​ទស្សនា និង​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​កម្រ​នេះ​។ តំបន់​ថ្ម ការាំង មាន​ទីតាំង ស្ថិតនៅភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

២. តំបន់​ថ្មី​លយ​នៅ​ឧទ្យាន​ជាតិ​គីរីរម្យ

បើ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ឧទ្យាន​ជាតិ​គិរីរម្យ ភ្ញៀវ​ទេសចរនឹក​ស្រមៃ​មុន​គេ គឺ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​បំព្រង គ្រប​ដណ្ដប់​ដោយ​ដើម​ស្រល់​រាប់​ពាន់​ដើម និង​ទឹក​ជ្រោះដ៏​ស្រស់​ត្រកាល។ ប៉ុន្តែ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​រុក​រក​ទីតាំង​ប្លែកៗ​ក្នុង​ប្រទេស​កម្ពុជា Off-Road បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីតាំង​មួយ​ឈ្មោះ​ថា ថ្ម​លយ ឬ​អូរ​តាសេក ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត​មិន​នឹក​ស្មាន​ដល់។

បើ​តាម​ប្រភព​ពី​ទំព័រ​ហ្វេស​ប៊ុក Pol Rider បាន​ឱ្យ​ដឹង​ថា ថ្ម​លយ ឬ​អូរ​តាសេក មាន​ទីតាំង​នៅ​ជិត​ជ្រោះ​ផ្ដាច់​ព្រលឹង​ នៃ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​។ បើ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ ប្រិយ​មិត្ត​នឹង​លង់​នូវ​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​ ជា​ពិសេស​នៅ​ពេល​ថ្ងៃ​រៀប​លិច​ជះ​ពន្លឺ​នៃ​ព្រះទិនករ មក​លើ​ព្រៃ​ឈើ និង​ផ្ទាំង​សិលា​នានា រំលេច​ចេញ​ជា​ផ្ទាំង​ទស្សនីយភាព កម្រ​បាន​ឃើញ​បំផុត។

៣. ឧទ្យានជាតិ​វីរៈជ័យ

ស្ថិត​នៅ​ភូមិភាគ​ប៉ែក​ឦសាន នៃ​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​រតនគីរី និង​ស្ទឹងត្រែង​ឧទ្យាន​ជាតិ​វីរៈជ័យ គឺ​ជា​កន្លែង​លំហែ​អារម្មណ៍ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​ល្អ​បរិសុទ្ធ​មួយ​មិន​គួរ​មើល​រំលង។ ធម្មជាតិ​បាន​បង្កើត​ផ្ទាំង​ទស្សនីយភាព​ជា​ច្រើន ​​ក្នុង​ឧទ្យាន​មួយ​នេះ​សឹង​មិន​ជឿ​នឹង​ភ្នែក​​មាន​ទាំង​ដើម​ឈើ​ចម្រុះ​ពណ៌​យ៉ាង​ស្រស់​បំព្រង​នៅ​តាម​ដង​អូរ និង​សត្វព្រៃ​ជាច្រើន​កំពុង​សំងំ​រស់នៅ​យ៉ាង​មាន​សេចក្ដី​សុខ​ដូចជា សត្វ​ស្វា​កន្ទុយ​ស ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លា​ពពក ខ្ទីង និង ខ្លា​ឃ្មុំ​ជាដើម។ ​​នេះ​បើ​តាម​គេហទំព័រ​របស់​ក្រសួង​បរិស្ថាន។​

ធ្វើ​ដំណើរ​ផ្សង​ព្រេង​បន្ត​ទៅ​មុខ​ទៀត ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ នឹង​ភ្លាំង​ភ្លឹក​ស្មារតី​ជាមួយ​សម្រស់​ទឹកជ្រោះ​ដ៏​ស្រស់​ត្រកាល​នៅ​កណ្ដាល​ព្រៃ​ស្រោង​មួយ​ហៅ​ថា​ ទឹក​ជ្រោះ​យក្ស​កែ។ ទឹក​ធ្លាក់​ហូរ​ពីលើ​កំពូល​ភ្នំ​ បង្កើត​ជា​សូរសៀង​គ្រឹកគ្រាក់ លាយ​ឡំ​ជាមួយ​សំឡេង​សត្វ​យំ អឺង​កង ចំណែក​ឯ​ទឹក​វិញ​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ដី​ ធ្វើ​ឱ្យ​ទប់​អារម្មណ៍​មិន​ជាប់​ចង់​តែ​ងូត​លេង​ឱ្យ​សប្បាយ​រីករាយ​។

សូម​ជម្រាប​ជូន​ថា ដើម្បី​ទៅ​ដល់​ទីតាំង​​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី​នេះ អ្នក​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ស្រុក​តាវែង​ទៅ​ដល់​ភូមិ​មណ្ឌល​យ៉ន​ អ្នក​ទេសចរ​ត្រូវ​ឆ្លង​កាត់​ទន្លេ​សេសាន និង​អូរ​តាបូក​។ តាម​ផ្លូវ​ធ្វើ​ដំណើរ​អ្នក​ទេសចរ​អាច​មើល​ឃើញ​ផ្កា​ព្រៃ ទេសភាព​តាម​ដង​ព្រៃ​​មិន​ចេះ​ជិនណាយ​៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់