• 2019-01-10 02:14:48
  • ព័ត៌មាន

សហស្ថាបនិកគេហទំព័រសិចកូរ៉េខាងត្បូងម្នាក់ ត្រូវជាប់គុក និងពិន័យជាង ១លានដុល្លារ

  • 2019-01-10 02:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហស្ថាបនិក​នៃ​គេហទំព័រ​អាសអាភាស​ធំ​បំផុត​មួយ​របស់​កូរ៉េខាងត្បូង ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​រយៈពេល ៤ឆ្នាំ​ដោយ​តុលាការ​នៅ​ទីក្រុង​សេអ៊ូល។ ស្ត្រី​រូប​នោះ​មាន​ឈ្មោះ​ថា សុង ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទោស​ដោយ​សារ​ការ​ជួយ និង​ចែកចាយ​សម្ភារៈ​អាសអាភាស។

គេហទំព័រ​អាសអាភាស Soranet ដែល​មាន​អ្នក​ប្រើប្រាស់​ជាង​មួយ​លាន​នាក់ បាន​ផ្ទុក​នូវ​វីដេអូ​ខុស​ច្បាប់​រាប់​ពាន់ ដែល​ភាគ​ច្រើន​ថត​ដោយ​កាមេរ៉ា​បង្កប់ (spy camera) និង​ចែករំលែក​ដោយ​គ្មាន​ការ​ឯកភាព​ពី​ស្ត្រី​ក្នុង​វីដេអូ​ឡើយ។

គួរ​បញ្ជាក់​ថា ការផលិត និង​ផ្សព្វផ្សាយ​រូបភាព​អាសអាភាស គឺ​ជា​ទង្វើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ គេហទំព័រ Soranet ត្រូវ​បាន​បិទ បន្ទាប់​ពី​មាន​ប្រតិកម្ម និង​ការ​តវ៉ា​ពី​សាធារណៈ។ សុង ក៏​ត្រូវ​ពិន័យ​ជា​លុយ ១,៤ពាន់​លាន​វ៉ុន (១,២៥លាន​ដុល្លារ) ផង​ដែរ ហើយ​ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​រៀន​វគ្គ​អប់រំ​ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ផ្លូវ​ភេទ ចំនួន ៨០ម៉ោង​ទៀត​ផង។

(រូបលួចថតក្រោមសំពត់មនុស្សស្រីនៅកូរ៉េខាងត្បូង)

បើ​យោង​តាម​ទីភ្នាក់ងារ Korea Herald បាន​រាយការណ៍​ថា ស្រ្តី​ឈ្មោះ សុង វ័យ ៤៦ឆ្នាំរូបនេះ គឺ​ជា​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​មនុស្ស ៤នាក់ ដែល​ដំណើរការ​គេហទំព័រ​នោះ​ចាប់​ពី​ឆ្នាំ ១៩៩៩ ដល់ ២០១៦ ដោយ​ប្រើប្រាស់ Server បរទេស។ សុង បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​នូវែលហ្សេឡង់ បន្ទាប់​ពី​ប៉ូលិស​ចាប់ផ្ដើម​ស៊ើបអង្កេត​ពី Soranet នៅ​ក្នុង​ឆ្នាំ២០១៥ ប៉ុន្តែ​នាង​ត្រូវ​បង្ខំ​ចិត្ត​ត្រលប់​មក​ប្រទេស​កូរ៉េខាងត្បូង​វិញ នៅ​ពេល​ដែល​លិខិត​ឆ្លងដែន​ត្រូវ​បាន​ដក​ហូត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់