• 2019-03-07 04:28:00
  • ព័ត៌មាន

ជម្រះមន្ទិលរឿងគេផ្អើលថាបោក ឥលូវ Wing ហៅអ្នកឈ្នះពិតពីកម្មវិធីវិទ្យុ "វីងឈ្នះឥតល្ហែ" មកជុំគ្នាម្តង

  • 2019-03-07 04:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដំណើរការ​អស់​រយៈ​ពេល​៣សប្តាហ៍ នូវ​កម្មវិធី​វិទ្យុ​របស់​ខ្លួន​ "វីង​ឈ្នះ​ឥត​ល្ហែ" ថ្មីៗនេះ​ធនាគារ​ឯកទេស​វីង (ខេមបូឌា)​ លីមីតធីត បាន​រៀប​ចំ​ជា​ការ​សំណេះ​សំណាល​ជាមួយ​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ពី​កម្មវិធី​វិទ្យុ​ខាង​លើ នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន ដោយ​មាន​ការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​អតិថិជន​មួយ​ចំនួន​ដែល​បាន​ឈ្នះ​រង្វាន់ ក៏​ដូចជា​ពិធីករ​នៃ​ស្ថានីយវិទ្យុ​ដែល​បាន​សហការ​ជាមួយ​ធនាគារ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​នូវ​កម្មវិធី "វីង​ឈ្នះ​ឥត​ល្ហែ" នេះ។ អតិថិជន​ដែល​ចូល​រួម​ក្នុង​ពីធិ​សំណេះ​សំណាល​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​អតិថិជន ក៏​ដូច​ជា​ភ្នាក់​ងារ​វីង​ទាំង ៣០០នាក់ ដែល​បាន​ឈ្នះ​រង្វាន់​ទឹក​ប្រាក់ ១០ ម៉ឺន​រៀល ក្នុង​រយៈពេល​បី​សប្តាហ៍​ចុង​ក្រោយ​នេះដែរ។

អ្នក​ឈ្នះមួយ​ចំនួន​​ក្នុង​កម្មវិធីវិទ្យុ "វីង​ឈ្នះ​ឥត​ល្ហែ"

មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះ​សំណាល​នេះ លោក ស្រ៊ុន ឈាង​ស្រេង នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម​អតិថិជន​នៃ​ធនាគារ​ឯកទេស​វីង បាន​លើក​ឡើង​ថា កម្មវិធី​វិទ្យុ "វីង​ឈ្នះ​ឥត​ល្ហែ" ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អបអរសាទរ​គម្រប់​ខួប ១០​ឆ្នាំ ដែល​ធនាគារ​ឯកទេស​វីង បាន​ផ្តល់​សេវាកម្ម​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា និង​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​​វីង​ទាំងអស់​ដែល​តែង​តែ​គាំទ្រ​នូវ​ផលិតផល និងសេវាកម្ម​របស់​ធនាគារ​ឯកទេស​វីង។

លោក​បន្ត​ថា៖ «បន្ថែម​លើ​ការ​ទំនាក់ទំនង​ទៅ​កាន់​អតិថិជន ដើម្បី​ផ្តល់​ជា​រង្វាន់​ទឹក​ប្រាក់ ១០ ម៉ឺន​រៀល​ទៅ​កាន់​គណនី​វីង​របស់​ពួក​គាត់ កម្មវិធី​វិទ្យុ "វីង​ឈ្នះ​ឥត​ល្ហែ" ក៏​មាន​បំណង​បង្កើត​ជា​វេទិកា​ដែល​អតិថិជន​អាច​ចូល​រួម​ផ្តល់​ជា​យោបល់ ឬ​មតិ​ផ្សេង​ៗ​ពាក់​ព័ន្ធ​នឹង​សេវាកម្ម​របស់​វីង​ផង​ដែរ។ សម្រាប់​ជំហាន​បន្ទាប់ យើង​ក៏​មាន​គម្រោង​ធ្វើ​ឲ្យ​កម្មវិទ្យុ​នេះ ក្លាយ​ជា​វេទិកា​សម្រាប់​ផ្តល់​ជា​ចំណេះដឹង​ពាក់​ព័ន្ធ​នឹង​សេវាកម្ម​ហិរញ្ញវត្ថុ តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​អ្នក​ជំនាញ​នៃ​ធនាគារ​ឯកទេស​វីង​ផង​ដែរ​»។

លោក ឡា គឹមសើ អតិថិជន ម្នាក់ ក្នុង​ចំណោម ៤នាក់ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​សំណេះ​សំណាល​នេះ មាន​ឲ្យ​ដឹង​​ថា លោក​ពិត​ជា​មាន​អារម្មណ៍​រំភើប និង​ភ្ញាក់​ផ្អើល​មែន​ទែន ពេល​ដែល​ពិធីករ​វិទ្យុ​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​មក​កាន់​គាត់ ដើម្បី​ផ្តល់​ជា​រង្វាន់​ទឹក​ប្រាក់ ១០ ម៉ឺន​រៀល​នេះ។

លោក ​ថា ៖«ខ្ញុំ​កំពុង​រត់​រ៉ឺម៉ក​កង់​បី ស្រាប់​តែ​មាន​ពិធីករ​វិទ្យុ​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​ និង​ប្រាប់​ថា​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​ពី​ធនាគារ​វីង។ ពេល​នោះ ក្នុង​ចិត្ត​ខ្ញុំ​ដូច​ជា​រីករាយ​ផង តែ​ក៏​មាន​ការ​ងឿង​ឆ្ងល់​ដែរ​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​ឈ្នះ​រង្វាន់។ បន្ទាប់​ពី​ពិធីករ​វិទ្យុ​ពន្យល់​ និង​បាន​ធ្វើ​ការ​ផ្ទេរ​ប្រាក់ ១០​ម៉ឺន​រៀល​ចូល​ទៅ​ក្នុង​គណនីវីង ខ្ញុំ​មាន​អារម្មណ៍​រំភើប​មែន​ទែន »។​

តាមរយៈកម្មវិធីវិទ្យុចំនួន៥ ដែល​គ្រប​ដណ្តប់​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​កម្ពុជា កម្មវិធី​វិទ្យុ "វីង​ឈ្នះ​ឥត​ល្ហែ" មាន​រយៈ​ពេល ១​ម៉ោង​នេះ នឹង​ផ្តល់​នូវ​ព័ត៌មាន​ស្តី​អំពី​ប្រូម៉ូសិន​ជាច្រើន​របស់​វីង។ អ្វី​ដែល​រឹត​តែ​ពិសេស និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នៅ​ក្នុង​កម្មវិធី​នេះ គឺ វគ្គ​ដែល​ពិធីករ​វិទ្យុ​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​អតិថិជន​វីង​ចំនួន ៥​នាក់ និង​ផ្តល់​ភាព​ភ្ញាក់​ផ្អើល​ដល់​ពួក​គាត់​ដោយ​ផ្ទេរ​ប្រាក់​ចំនួន ១០ ម៉ឺន​រៀល ទៅ​កាន់​គណនី​វីង​របស់​ពួក​គាត់​។ រង្វាន់​សរុប​ដែល​វីង​នឹង​ចែក​ជូន​ទៅ​អតិថិជន​តាម​រយៈ​កម្មវិធី​វិទ្យុ​នេះ គឺ​សរុប ៥០០ លាន​រៀល។

រាល់​អតិថិជន​វីង​ទាំងអស់ (រួម​បញ្ចូល​ទាំង​ភ្នាក់​ងារ​វីង) សុទ្ធ​តែ​មាន​សិទ្ធិ​ទទួល​បាន​រង្វាន់​នេះ ដោយ​គ្រាន់​តែ​ដំណើរ​ការ​បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​តាម​រយៈ​កម្មវិធី​ស្មាត​ហ្វូន​វីង ឬ​នៅ​តាម​ភ្នាក់ងា​រវីង។

ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ចំនួន ២៥​នាក់ (៥​នាក់​ជា​ភ្នាក់​ងារ​វីង) នឹង​ត្រូវ​បាន​ជ្រើស​រើស ដើម្បី​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ពួក​គាត់ និង​ធ្វើ​ការ​ផ្ទេរ​ទឹក​ប្រាក់​រង្វាន់​ភ្លាម​ៗ​ទៅ​កាន់​គណនី​វីង​របស់​ពួក​គាត់​។ កម្មវិធី​វិទ្យុ "វីង​ឈ្នះ​ឥត​ល្ហែ" នឹង​ចាក់​ផ្សាយ​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ​នៅ​ស្ថានីយ៍​វិទ្យុ​ចំនួន​៥ រួម​មាន៖

  • វិទ្យុ វាយោ ១០៥.៥ ​ម៉ោង ៧ ព្រឹក
  • វិទ្យុ​ស្រ្តី​​ ១០២ ​ម៉ោង ៩ ព្រឹក
  • វិទ្យុទន្លេ ១០២.៥ ម៉ោង ១២ ថ្ងៃ​ត្រង់​
  • វិទ្យុ​ស្ត្រី នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា អេហ្វអឹម ១០៣.៥ ម៉ោង ១ រសៀល
  • និង​វិទ្យុ​ហង្សមាស ១០៤.៥ ​ម៉ោង ៥ ល្ងាច។

អតិថិជន​វីង​ក៏​អាច​ចូលរួម​ជាមួយ​កម្មវិធី​នេះ​ផង​ដែរ ដោយ​សារ​តែ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​មួយ​ចំនួន​នឹង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ធនាគារ​ឯកទេស​វីង​។ លើស​ពី​នេះ​ទៀត​វា​នឹង​មាន​ការ​សាក​ល្បង​ជាច្រើន​ទាក់​ទង​នឹង​កម្មវិធី​វិទ្យុ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​សម្រាប់​អតិថិជន​ដើម្បី​ទទួល​បាន​អំណោយ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ពាក់​ព័ន្ធ​នឹង​កម្មវិធី​វិទ្យុ​នេះ សូម​ទាក់ទង​លេខ​ទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ឬ ចូល ទៅ​កាន់​គេហទំព័រ៖ Link

អត្ថបទ៖ លីដា

មតិយោបល់