• 2019-03-22 10:30:00
  • សុខភាព

តើអំបិលធម្មជាតិផលិតចេញពីទឹកសមុទ្រមានគុណប្រយោជន៍អ្វីខ្លះ?

  • 2019-03-22 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំបិលមិនមែនគ្រាន់តែធ្វើឲ្យម្ហូបអាហារមានរសជាតិប្រៃនោះទេ នៅក្នុងអំបិលមានសារធាតុរ៉ែជាច្រើនមុខ ដែលរាងកាយមនុស្សយើងត្រូវការ។ ប៉ុន្តែជាទូទៅអ្នកឯកទេសសម្គាល់អំបិលបានថា ជាសមាសធាតុ នៃរ៉ែពីរប្រភេទ គឺ សូដ្យូម (Sodium) និងក្លរីន (Chlorine) ដែលជួយដល់ខួរក្បាល និងសរសៃប្រសាទរបស់មនុស្សឲ្យទទួលដឹងបានរហ័សវាងវៃ។ អ្នកដែលបរិភោគប្រៃច្រើនអាចបណ្ដាលឲ្យមានបញ្ហាសម្ពាធឈាមឡើងខ្ពស់។ នេះបើយោងតាមគេហទំព័រសុខភាពមួយឈ្មោះថា helthline.com ។

កសិករស្រែអំបិលខេត្តកែបប្រមូលអំបិលនៅពេលព្រលឹម

មិនមែនមានតែសមាសធាតុសូដ្យូម ក្លរីនពីរមុខប៉ុណ្ណោះទេ ក្នុងអំបិលសមុទ្រ នៅមានសារធាតុរ៉ែផ្សេងៗ រហូតដល់ជាង៧០មុខទៀត។ នេះបើតាម លោកប៊ុន ណារិន ប្រធានផ្នែកបច្ចេកទេសនៃសហគមន៍អ្នកផលិតអំបិលកំពត-កែប។ បន្ថែមពីលើសូដ្យូម ក្លរីន ដែលជួយដល់ខួរក្បាល អំបិលមានផ្ទុក ប៉ូតាស្យូម (Potassium) ជួយសម្រួលសម្ពាធឈាម និងស្បែក ជាតិដែក (Iron) ជួយដល់គ្រាប់ឈាមក្រហម និងស័ង្កសី (Zinc) ដែលជួយដល់កោសិកាភាពស៊ាំរបស់មនុស្ស។ ទាំងនេះជារ៉ែដែលមានវត្តមានក្នុងអំបិលសមុទ្រធម្មជាតិច្រើនជាងគេ។

លោកសំ ថូវកសិករស្រែអំបិលកំពុងវាស់កម្រិតជាតិអំបិលក្នុងថ្នាលបណ្ដុះ នៅស្រែអំបិលសង្កាត់ព្រៃធំ ក្រុងកែប

ត្រង់នេះ លោកប៊ុន ណារិនថា នេះហើយជាគុណសម្បត្តិរបស់អំបិលធម្មជាតិ ដែលខុសពីអំបិលរ៉ែ បូមចេញពីក្រោមដី។ អំបិលរ៉ែមានសមាសធាតុរ៉ែ តែពីរមុខប៉ុណ្ណោះ គឺ សូដ្យូម និងក្លរីន ឬសូស្យូបក្លរីដ ដែលមានរសប្រៃ។

បើតាមគេហទំព័រសុខភាពខាងលើ អំបិលរឹងហើយស្រួយ មានសម្បុរល្អក់ ជាអំបិលដែលមានផ្ទុករ៉ែក្រាសជាងអំបិលពណ៌សថ្លា។ ប៉ុន្តែបញ្ហាចោទមួយគឺការបំពុលសមុទ្រ។ ការបំពុលសមុទ្រដោយបង្ហូរកាកសំណល់ ប្រេងម៉ាស៊ីន និងប្លាស្ទិក ដែលហូរចូលសមុទ្រ គឺជាមូលហេតុដែលនាំឲ្យអំបិលសមុទ្រមានផ្ទុកនូវកម្ទេចប្លាស្ទិកតូចៗ (Microplastic) នាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់