- 2019-04-02 07:18:34
- សេដ្ឋកិច្ច
នរណាខ្លះធ្លាប់ញ៉ាំចាហួយដូងអ្នកកំពត?
- 2019-04-02 07:18:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាខ្លះធ្លាប់ញ៉ាំចាហួយដូងអ្នកកំពត?
ចន្លោះមិនឃើញ
ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣១ ពីថ្នល់បែកគុស ទៅស្រុកកំពុងត្រាច ខេត្តកំពត មកដល់ម្ដុំភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ទឹកដីខេត្តកំពត នៅសងខាងផ្លូវឃើញមានលក់ដូងជាហូរហែ។ មិនមែនមានតែដូងទេ ប្រសិនអែបខាងផ្លូវរួចចូលទៅអង្គុយលេងបន្តិច និងឃើញមានតាំងពីស្ករត្នោត ស្ករផែន ឪឡឹក ត្រសក់ស្រូវ ជាពិសេសចាហួយដូង ក្លិនឡើងឈ្ងុយ។
ចាហួយដូងធ្វើចេញពីទឹកដូង និងសាច់ដូង ស្ករ ដូចៗគ្នា តែរសជាតិមិនដូចគ្នាទេ។ អ្នកស្រីគង់ សុខហឿនបានប្រាប់។ ព្រោះតែរូបមន្ត នៃបច្ចេកទេសធ្វើខុសគ្នាពីម្នាក់ទៅម្នាក់។ អ្នកស្រីប្រាប់ថា មិនកំណាញ់ចំណេះទេ ហូបហើយយល់ថាឆ្ងាញ់សាកធ្វើហូបខ្លួនឯងក៏បាន គាត់ប្រាប់គ្រឿងផ្សំ និងរបៀបធ្វើ។
គ្រឿងផ្សំរួមមាន
ដូងមិនចាស់ មិនខ្ចី ដូងទុំ ស្ករ និងម្សៅចាហួយ
វិធីធ្វើ
កាប់ដូងយកទឹកពូតជាមួយខ្ទិះដូង (ដូងទុំ) ឯសាច់ដូងច្រៀកជាចម្រៀកៗ ឬជាបន្ទះតូចៗល្មម បន្ទាប់មកយកទៅរំងាស់ជាមួយគ្នា ថែមស្ករតិច ឬច្រើន តាមតម្រូវការ និងដាក់ម្សៅចាហួយចូល រួចហើយកូរវាឲ្យខាប់ល្មម ប្រហែល៣ទៅ៥នាទី តាមបរិមាណច្រើន ឬតិច។
ដំណាក់កាលចុងក្រោយ គឺចាក់ចូលលលាដ៍ដូង ដែលឆ្កៀលយកសាច់អស់ហើយ រួចក្លាសេក្នុងទូទឹកកកឲ្យត្រជាក់។ ប្រយ័ត្នភ្លេចទុកលលាដ៍ដូងណា!
អ្នកស្រីសុខហឿនប្រាប់ថា ក្នុងមួយថ្ងៃគាត់លក់អស់៣០ ទៅ ៤០ ផ្លែដូងចាហួយ ក្នុងតម្លៃមួយផ្លែ ៥ ០០០រៀល។ ចាហួយ ១០០ ផ្លែដូង អ្នកស្រីចំណាយពេលពេញមួយថ្ងៃ ទើបធ្វើរួច។ អ្នកស្រីថា ត្បិតការងារហត់នឿយបន្តិច តែវាបានផ្ដល់ចំណូលដល់គ្រួសារប្រចាំថ្ងៃ។ សុខចិត្តរវល់បានចំណូល គ្រាន់បើជាងដកដង្ហើមចោលចាំព្រេងសំណាង ។ នេះជាប្រសាសន៍អ្នកស្រីគង់ សុខហឿន អ្នកភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។