• 2019-04-04 09:47:05
  • ព័ត៌មាន

ឱកាស​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​វីដេអូ! ក្រសួង​ទេសចរណ៍​បង្កើត​កម្មវិធី​ប្រឡង​ប្រណាំង​វីដេអូ “កំណប់​សហគមន៍ ជំរំ​ទេសចរណ៍”

  • 2019-04-04 09:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍​ដាក់​ចេញ​នូវ​កម្មវិធី​ប្រលង​ប្រណាំង​វីដេអូ​អំពី​សហគមន៍​ទេសចរណ៍ ក្រោម​ប្រធាន​បទ “កំណប់​សហគមន៍ ជំរំ​ទេសចរណ៍” រដូវ​កាល​ទី​២ ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍ ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ។

សេចក្ដី​ជូន​ដំណឹង​ដដែល​ បាន​បន្ត​ទៀត​ថា ក្រសួង​ទេសចរណ៍​ សូម​ជម្រាប​ជូន​សិស្ស-និស្សិត​ យុវជន និង​សាធារណជន​ទាំង​អស់ ដែល​មាន​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ថត​វីដេអូ​ជ្រាប​ថា ដើម្បី​ចូលរួម​ក្នុង​​ចលនា​ប្រឡង​ប្រណាំង​ "សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍ លើកទី២ ឆ្នាំ២០១៩" ក្រសួង​ទេសចរណ៍​សូម​ដាក់​ចេញ​នូវ​ចលនា​ប្រឡង​ប្រណាំង​វីដេអូ (Video Contest) អំពី​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ក្រោម​ប្រធាន​បទ "កំណប់​សហគមន៍​ ជំរំ​ទេសចរណ៍​" រដូវ​កាល​ទី២ ឆ្នាំ២០១៩។

កម្មវិធី​នេះ​មាន​គោល​បំណង​ជំរុញ​ការ​ចូលរួម​របស់​សាធារណជន ជាពិសេស​យុវជន ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​ បណ្ដុះ​គំនិត​ស្រលាញ់​ជាតិ​មាតុភូមិ និង​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​សហគមន៍​​ តាមរយៈ​ការ​បញ្ចូល​សកម្មភាព​ទេសចរណ៍។ បេក្ខជន​ទាំង​អស់​អាច​ដាក់​ពាក្យ​ចូលរួម​ការ​ប្រឡង​ប្រណាំង​វីដេអូ និង​ត្រូវ​គោរព​តាម​នីតិវិធី ដូច​ខាង​ក្រោម៖

ដំណាក់​កាល​ទី១៖ ខែ​មេសា ឆ្នាំ ២០១៩

  • ការ​ចុះ​ឈ្មោះ​ប្រឡង​តាមរយៈ​ Online ឬ​តាមរយៈ​ក្រុម​ការងារ​ក្រសួង​ទេសចរណ៍​ និង​ក្រុម​ការងារ​ដើរព្រៃ ទូរសព្ទ​លេខ៖ 012 887 196/ 010 653 789 តាម​រយៈ​ហ្វេសបុក ផេកៈ សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​​កម្ពុជា

លក្ខខណ្ឌ​ជ្រើសរើស៖

  • បេក្ខភាព​អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រឡង​លក្ខណៈ​ជា​ក្រុម​​ (យ៉ាង​ច្រើន​ ០៥នាក់)

  • បេក្ខជន​ត្រូវ​ផ្ញើ​ប្រវត្តិរូប​ និង​បទ​ពិសោធន៍​អំពី​ការ​ផលិត​វីដេអូ​នា​ពេល​កន្លង​មក

ការ​ជ្រើសរើស​មាន​ពីរ​ដំណាក់​កាល៖

  • ការ​ជ្រើសរើស​ជំហាន​បឋម (Shortlist) ២១ ក្រុម ដើម្បី​ធ្វើ​ការ​សម្ភាសន៍​

  • ក្រុម​ចំនួន​៩ និង​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ធ្វើ​ការ​ប្រកួត​ និង​ក្រុម​បម្រុង​ចំនួន ៣ក្រុម

ដំណាក់កាល​ទី២ ខែ​ឧសភា ឆ្នាំ ២០១៩

  • ការ​រៀប​ចំ​សិក្ខាសាលា​តម្រង់​ទិស​មុន​ចុះ​ថត​វីដែអូ​ជូន​បេក្ខជន​ទាំង​អស់​ ដែល​បាន​ចុះ​ឈ្មោះ​ ដោយ​ក្រសួង​ទេសចរណ៍​ និង​ក្រុម​ការងារ​ដើរ​ព្រៃ

  • បេក្ខជន​ទាំង​អស់​មាន​ពេល ១សប្ដាហ៍​ ក្នុង​ការ​រៀប​ចំ​ផែន​ការ​ចុះ​ថត (Shooting Plan)

  • បេក្ខជន​ត្រូវ​យក​ផែន​ការ​ថត​ដែល​បាន​រៀប​ចំ​មក​បង្ហាញ​គណៈកម្មការ​វាយ​តម្លៃ

  • ការ​ប្រកាស​លទ្ធផល​ក្រុម​ទាំង​៩ ដែល​ត្រូវ​បាន​ជ្រើសរើស​ចុះ​ទៅ​ថត​នៅ​តាម​គោលដៅ​ដែល​បាន​កំណត់

ដំណាក់កាល​ទី៣ ខែ​មិថុនា ឆ្នាំ​២០១៩

  • បេក្ខជន​ទាំង​៩ក្រុម និង​ត្រូវ​ចុះ​ទៅ​ថត​វីដេអូ​នៅ​តាម​គោលដៅ​ដែល​គណៈកម្មការ​បាន​កំណត់​

  • បន្ទាប់​ពី​ការ​ចុះ​ថត បេក្ខជន​មាន​រយៈពេល​មួយ​សប្ដាហ៍​សម្រាប់​ការ​ផលិត​វីដេអូ

  • បេក្ខជន​ត្រូវ​ធ្វើ​វីដេអូ​ទំហំ FULL HD 1080p មក​គណៈកម្មការ​រៀប​ចំ​កម្មវិធី

ដំណាក់​កាល​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៩

  • វីដេអូ​ទាំង​៩ក្រុម និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook ដើម្បី​ធ្វើ​ការ​បោះឆ្នោត​ មួយ​សប្ដាហ៍​ គឺ​ ៤០% នៃ​ពិន្ទុសរុប
  • វីដេអូ​ទាំង ៩ក្រុម នឹង​ត្រូវ​បាន​ដាក់​ពិន្ទុ​លើ​ខ្លឹមសារ​ ដោយ​ក្រុម​ការងារ​ក្រសួង​​ទេសចរណ៍ ៣០% នៃ​ពិន្ទុសរុប
  • វីដេអូ​ទាំង ៩ក្រុម ត្រូវ​បាន​ដាក់​ពិន្ទុ​លើ​គុណភាព​ នៃ​ការ​ផលិត ដោយ​ក្រុម​ការងារ​ដើរ​ព្រៃ​ ៣០% នៃ​ពិន្ទុ​សរុប​

ដំណាក់​កាល​ទី ៥ ខែ​កក្កដា ឆ្នាំ ២០១៩

  • ក្រសួង​ទេសចរណ៍​ នឹង​រៀប​ចំ​​ពិធី​ប្រគល់​រង្វាន់​ជយលាភី​ចលនា​ ប្រឡង​ប្រណាំង​​វីដេអូ​រដូវ​កាល​ទី២។

  • រង្វាន់​សម្រាប់​ជ័យ​លាភី​ ដែល​នឹង​ត្រូវ​ទទួល​បាន​គឺ៖**

-លេខ១៖ ១ ០០០ ដុល្លារ

-លេខ២៖ ៦០០ ដុល្លារ

-លេខ៣៖ ៤០០ ដុល្លារ

ចំពោះ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ចលនា​ប្រឡង​ប្រណាំង​វីដេអូ​ស្ដីពី "សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​" រដូវ​កាល​ទី២​នេះ សូម​ទំនាក់ទំនង​លេខ​ទូរសព្ទ៖ 012 887 196/ 010 653 789 ឬ​តាម​រយៈ​ Facebook Page: សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​កម្ពុជា។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់