• 2019-04-07 02:35:55
  • ព័ត៌មាន

មកស្ដាប់ សម្ដីរំជួលចិត្តពីជនរងគ្រោះដោយសារភ្លើងឆេះព្រៃមិនធ្លាប់មាននៅកូរ៉េខាងត្បូង

  • 2019-04-07 02:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​ និ​ងមិន​ធ្លាប់​មាន​​ បាន​កើត​ឡើង​ក្នុង​ស្រុក Goseong ខេត្ត Gangwon ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី ៧​​ខែ​មេសា​កន្លង​ទៅ។

ឧទ្ធម្ភាគចក្រ​​ពន្លត់​អគ្គិភ័យ ត្រូវ​បាន​គេ​ឃើញ​ហោះ​ហើរ​ពេញ​មេឃ ខណៈ​ដែល​រថយន្ដពន្លត់​អគ្គិភ័យ​ជា​ច្រើន​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ដើម្បី​ពន្លត់​ឲ្យ​ទាន់​ពេល​វេលា។ យោង​តាម​អ្នក​បើកតាក់ស៊ី​ម្នាក់​ឈ្មោះ Kim Young-joon ឲ្យ​ដឹង​ថា "ស្រុក Goseong ធ្លាប់​មាន​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​ជា​រៀងរាល់​និទាឃរដូវ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ឃើញ​ភ្លើង​ឆេះ​ព្រៃ​ណា​ខ្លាំង​ដូច​លើក​នេះ​ទេ។ កាល​ពី​មុន ភ្លើង​ឆេះ​តែ​តំបន់​ភ្នំ​ប៉ុណ្ណោះ ប៉ុន្តែ​លើ​កនេះ​វា​បាន​រាល​ដាល​មក​ដល់​ផ្ទះ​​របស់​ប្រជាពលរដ្ឋ។ មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ បាន​បាត់​បង់​ផ្ទះ​សម្បែង​របស់​គេ​ទាំង​ស្រុង ចំណែក​ម្នាក់​ទៀត​បាត់​បង់​ការងារ និង​ផ្ទះ​ត្រឹម​រយៈ​ពេល​មួយ​យប់​ប៉ុណ្ណោះ។"

ចំណែក​​ឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​បាន​ភៀស​ខ្លួន​ទៅ​កាន់​ជម្រក​បណ្ដោះ​អាសន្ន គឺ​លោក​តា Kim Tae-gi វ័យ ៦៩​ឆ្នាំ​ បាន​ឲ្យ​ដឹង​ដែរ​ថា "ខ្ញុំ​បាន​បាត់​បង់​អ្វី​គ្រប់​យ៉ាង​ ហើយទទួល​បាន​ការ​ផ្គត់​ផ្ដង់​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ដឹង​ថា​ពេល​ណា​ទើប​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​នោះទេ។" យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​នេះ បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង​ ៤​ពាន់​នាក់​ភៀស​ខ្លួន​ដើម្បី​សុវត្ថិភាព។ យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​ហើយ​ខណៈ​ដែល​ប្រជាជន​ភាគច្រើន​បាន​ត្រឡប់​ទៅ​កាន់​ផ្ទះ​របស់​ពួកគេ​វិញ។

គួរ​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​នេះ បាន​បំផ្លិចបំផ្លាញ​ផ្ទះ​សម្បែង​ ១៣៥​ខ្នង និង​អគារ​ជាង ១០០​ខ្នង​ទៀត ជាមួយ​ព្រៃឈើ​ប្រមាណ ៥២៥ ហិចតា ចំណែក​ការ​ជួយសងគ្រោះ​ ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ ៦០​គ្រឿង, យានយន្ដ ៣០០​គ្រឿង និង​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ១៧ ០០០​នាក់​ផង​ដែរ៕

ប្រភព៖ Asiaone ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់