• 2019-05-02 08:33:42
  • ព័ត៌មាន

​៥យ៉ាងនេះ អ្នកស្ទើរលុយ តែចង់ដើរលេងក្រៅប្រទេសអាចលៃលកបាន

  • 2019-05-02 08:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដើរ​លេង​ក្រៅ​ប្រទេស​ជា​រឿង​ដែល​មនុស្ស​ភាគច្រើន តែង​ប្រាថ្នា​នៅ​ពេល​ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​។ ​ប៉ុន្តែ​ការ​ដើរលេង​ក្រៅ​ប្រទេស​មិន​ដូច​ការ​ដើរ​លេង​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ គឺ​ត្រូវ​ស្វែង​យល់​ឱ្យ​បាន​ច្រើន​មុន​ទៅ​ប្រទេស​ណា​មួយ​ ប្រសិន​បើ​ចង់​ដើរ​លេង​ដោយ​ខ្លួន​ឯង មិន​មែន​​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​។ ​ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​​គន្លឹះ​សំខាន់ៗ របស់​យុវជន​ពីរ​រូប ដែល​ធ្លាប់​ចំណាយ​ពេល និង​លុយ​ផ្ទាល់​ខ្លួន​ក្នុង​ការ​ដើរ​លេង​ក្រៅ​ប្រទេស។ ​

១. ​ស្វែងរក​កន្លែង​គេង​ធូរ​ថ្លៃ​

តាម​រយៈ​បទ​ពិសោធន៍​ធ្លាប់​ដើរ​លេង​ក្រៅ​ប្រទេស​ដោយ​ខ្លួន​ឯង ដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ​កញ្ញា ​រ៉ាឌី ដែល​ជា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​​សេដ្ឋកិច្ច​ ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ បាន​លើក​ឡើង​ថា ​ការ​ដើរ​លេង​ក្រៅ​ប្រទេស​អាច​អស់​លុយ​ច្រើន ​ប្រសិន​បើ​​ចំណាយ​ទៅ​លើ​ការ​គេង​ច្រើន​ពេក​។ ​រ៉ាឌី ប្រាប់​ថា តាម​បទពិសោធន៍​របស់​កញ្ញា​ដូចជា​ទៅ​លេង​ប្រទេស​ថៃ​ជា​ដើម ​អាច​គេង​ផ្ទះ​សំណាក់​តម្លៃ​ ១៥ ដុល្លារ​អី​បាន​ហើយ​ មិន​ចាំបាច់​គេង​ក្នុង​សណ្ឋាគារ​អី​នោះ​ទេ​។ ​រ៉ាឌី បន្ថែម​ទៀត​ថា៖ "ត្រឹម​បន្ទប់​មួយ​ដែល​មាន​បន្ទប់​ទឹក មាន​ពូក​សម្រាប់​គេង​គឺ​គ្រប់​គ្រាន់​ហើយ ព្រោះ​យើង​ទៅ​ដើរ​លេង​ មិន​មែន​ទៅ​សង្វាត​កន្លែង​គេង​នោះ​ទេ"។​​

២. ​មធ្យោបាយ​ធ្វើ​ដំណើរ

មក​ដល់​ចំណុច​នេះ រ៉ាឌី ដដែល​លើក​ឡើង​ថា ​មូលហេតុ​ដែល​ដើរ​លេង​ក្រៅ​ប្រទេស​អស់​លុយ​ច្រើន គឺ​អាច​បណ្ដាល​មក​ពី​ចំណាយ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ច្រើន​ពេក​។ ​ដូច្នេះ​ហើយ​កំឡុង​ពេល​ដើរ​លេង​ក្រៅ​ប្រទេស គួរ​តែ​ដឹង​ពី​គន្លឹះ​ក្នុង​ការ​ធ្វើ​ដំណើរ។ ​កញ្ញា​រ៉ាឌី ប្រាប់​ថា ​ប្រសិន​បើ​តំបន់​ទេសចរណ៍​ណា​ដែល​នៅ​ជិត ឬ​គោល​ដៅ​ដែល​យើង​ចង់​ទៅ​នៅ​ជិត​ដែរ មិន​គួរ​ចំណាយ​លុយ​ជិះ​តាក់ស៊ី​អី​ទេ គឺ​អាច​ដើរ​បាន​មិន​ត្រឹម​តែ​សន្សំ​លុយ​ទេ ថែមទាំង​សប្បាយ​ជាង​ជិះ​ផង​ តែ​ក៏​ត្រូវ​មាន​ផែន​ទី​ក្នុង​ដៃ​ដែរ​កុំ​ឱ្យ​វង្វេង​។ រ៉ាឌី បន្ថែម​ទៀត​ថា៖ "បើ​កន្លែង​ណា​ឆ្ងាយ​​យើង​អាច​ជិះ​បាន តែ​ត្រូវ​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ណា​ដែល​តម្លៃ​សមរម្យ​បំផុត​។ ​បើ​ដូច​នៅ​ថៃ​អី ​គេ​ជិះ​តែ​រថភ្លើង ឬ​ឡាន​ក្រុង តុក​តុក ទេ​អស់​លុយ​តិច"​។​

៣. ​Street food

ដោយឡែក ​កញ្ញា វ៉ាន់ឌី រៀន​ជំនាញ​ទេសចរណ៍ នៅ​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប វិញ​និយាយ​ថា ចំពោះ​កញ្ញា​ផ្ទាល់​ទៅ​លេង​ច្រើន​ប្រទេស​ដែរ ជាពិសេស​ប្រទេស​ថៃ​តែម្ដង​។ ​ដើម្បី​កុំ​ឱ្យ​អស់​លុយ​ច្រើន​ហើយ​សប្បាយនោះ ​មិន​ត្រូវ​ចំណាយ​លើ​ម្ហូប​ថ្លៃ​ក្នុង​ហាង​អ្វី​នោះ​ទេ​ ព្រោះ​គោលដៅ​អ្នក​ទេសចរ គឺ ចង់​សាក​ម្ហូប​ប្រចាំ​ប្រទេស​នោះ ឬ​ម្ហូប​ក្នុង​ស្រុក​​ដែល​អ្នក​នៅ​ក្នុង​តំបន់​ចម្អិន​លក់​នៅ​តាម​ផ្លូវ​។ ​កញ្ញា​ វ៉ាន់ឌី ប្រាប់​ថា បើ​ហូប​ក្នុង​ហាង​ម្ហូប​គ្មាន​អ្វី​ប្លែក​ទេ តែ​បើ​ម្ហូប​តាម​ផ្លូវ​មិន​ត្រឹម​តែ​តម្លៃ​សមរម្យ​ទេ ថែម​ទាំង​ឆ្ងាញ់ ហើយ​បាន​ស្គាល់​ពី​ម្ហូប​ក្នុង​ស្រុក​របស់​ប្រទេស​នោះ​ទៀត​ផង​។​​

៤. ​កំណត់​ទិសដៅ និង​តម្លៃ​កន្លែង​ដើរ​លេង

កញ្ញា វ៉ាន់ឌី លើក​ឡើង​បន្ថែម​ទៀត​ថា ​មុន​នឹង​ទៅ​ដើរ​លេង​តំបន់​ណា​មួយ ក្នុង​ប្រទេស​ដែល​កំពុង​តែ​ដើរ​លេង ចំណុច​សំខាន់​នោះ​ គឺ​ស្គាល់ និង​ដឹង​តម្លៃ​នៃ​តំបន់​ទេសចរណ៍​នោះ​ឱ្យ​ហើយ​។ ​វ៉ាន់ឌី និយាយ​ថា៖ "​មុន​នឹង​យើង​​ទៅ​លេង​តំបន់​ណា​មួយ យើង​គួរ​ស្រាវជ្រាវ​កន្លែង​នោះ​ឱ្យ​ច្បាស់​សិន ហើយ​ក៏​ត្រូវ​ស្រាវជ្រាវ​ពី​តម្លៃ​សំបុត្រ ម្ហូប​អាហារ និង​សេវា​ផ្សេងៗ​ទៀត​នៅ​កន្លែង​នោះ​"។ វ៉ាន់​បន្ត​ទៀត​ថា ប្រសិន​បើ​ដឹង​មិន​ច្បាស់​ទេ អាច​ឱ្យ​គេ​កោរ ឬ​ដើរ​លេង​គ្មាន​គោលដៅ គឺ​មិន​សប្បាយ​​នោះ​ទេ​។ ដូច្នេះ​ហើយ​ត្រូវ​កំណត់​កន្លែង​ដើរ​​លេង និង​ស្រាវ​ជ្រាវ​តម្លៃ​ឱ្យ​ច្បាស់​សិន​។

​​ ៥. ​ពេល​ដើរ​ផ្សារ​ថ្ងៃ​ចុង​ក្រោយ

មក​ដល់​ចំណុច​នេះ រ៉ាឌី បាន​ឱ្យ​ដឹង​ថា ជាទូទៅ​ដើរ​ផ្សារ​ជា​ថ្ងៃ​ចុង​ក្រោយ​ហើយ​នៃ​ការ​ដើរ​លេង​ក្រៅ​ប្រទេស​​បន្ទាប់​ពី​សល់​លុយ​ខ្លះ​។ ​រ៉ាឌី ប្រាប់​ថា មិន​គួរ​ដើរ​ផ្សារ​ភ្លាម​ទេ គួរ​ទុក​លុយ​ដើរលេង​ឱ្យ​សប្បាយ​សិន បើ​សល់​លុយ​ចាំ​ដើរ​ផ្សារ​ពេល​ក្រោយ​។ ​ប៉ុន្តែ​កំឡុង​ពេល​ដើរ​ផ្សារ មុន​សម្រេច​ចិត្ត​ទិញ​ទំនិញ​ណា​មួយ ត្រូវ​សួរ​តម្លៃ​ឱ្យ​ច្បាស់​២ ទៅ​កន្លែង​សិន មិន​មែន​ឃើញ​ភ្លាម​ទិញ​ភ្លាម​នោះ​ទេ​ ព្រោះ​អាច​ត្រូវ​បាន​គេ​កោរ​។ ​ដូច្នេះ​ហើយ​ត្រូវ​មើល​ឱ្យ​ច្បាស់​ទៅ​គុណភាព និង​តម្លៃ​៕​​​

មតិយោបល់