- 2019-07-21 00:00:00
- សុខភាព
ផ្សែង ៥ ប្រភេទនេះ អាចនាំគ្រោះថ្នាក់ធំដល់អាយុជីវិតនឹកស្មានមិនដល់!
- 2019-07-21 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សែង ៥ ប្រភេទនេះ អាចនាំគ្រោះថ្នាក់ធំដល់អាយុជីវិតនឹកស្មានមិនដល់!
ចន្លោះមិនឃើញ
នៅសម័យទំនើបនេះ មានកន្លែងជាច្រើនដែលសំបូរទៅដោយផ្សែងកខ្វក់ ដែលបំពុលដល់សុខភាពប្រជាជនយ៉ាងខ្លាំង។ ត្បិតអី បញ្ហាភាគល្អិតអ៊ីដ្រូកាបួ កាបូនម៉ូណូអុកស៊ីដ និងសារធាតុពុលផ្សេងៗទៀតធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស។ ដូចនេះ អ្នកគួរតែព្យាយាមចៀសឲ្យឆ្ងាយ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសម្រាប់ផ្សែង ៥ ប្រភេទដូចជា ៖
១. ទឹកកកស្ងួត
ទឹកកកស្ងួត ជាទម្រង់ដ៏រឹងមាំនៃកាបូនឌីអុកស៊ីដ។ វាមានភាពត្រជាក់ខ្លាំងណាស់។ បើយកដៃទៅប៉ះផ្ទាល់ វាអាចធ្វើអោយអ្នករលាកបាន។ ទឹកកកស្ងួតបង្កើតបានឧស្ម័នកាបូនឌីអុកស៊ីដ។ ថ្វីបើកាបូនឌីអុកស៊ីដមិនពុលក៏ដោយ តែវាអាចផ្លាស់ប្ដូរសារធាតុរបស់ខ្យល់ អោយមានអុកស៊ីហ្សែនទាប។ កំហាប់ឧស្ម័នកាបូនឌីអុកស៊ីដកាន់តែច្រើន អាចបង្កអោយមានបញ្ហាគ្រោះថ្នាក់ធំ ជាពិសេសទៅដល់សត្វ និងកូនក្មេង។
២. ផ្សែងឡាន
នៅកម្ពុជាសម្បួរណាស់ឡានចាស់ៗ ឬឡានមួយតឹកដែលនាំចូលពីក្រៅប្រទេស។ ឡានចាស់ដែលជាន់ហ្គែចេញផ្សែងខ្មៅនេះ បំពុលដល់បរិស្ថាន និងសុខភាពមនុស្សយ៉ាងខ្លាំង។ ផ្សែងឡានខ្មៅ ដែលជាកាបូនឌីអុកស៊ីដទាំងនេះ អាចបណ្ដាលឱ្យស្បែកខូច ភ្នែករលាក អាឡែករហ្សី ប៉ះពាល់សួត និងបណ្ដាលអោយមានបញ្ហាផ្លូវដង្ហើម។ ម្យ៉ាង វាផ្ដល់គ្រោះថ្នាក់ដល់ទារក និងមនុស្សដែលទទួលរងពីជំងឺបេះដូងពីព្រោះវាអាចរំខានដល់សមត្ថភាពក្នុងការដឹកជញ្ជូនអុកស៊ីហ្សែន។
៣. ផ្សែងឧស
ភាគច្រើនអ្នកនៅតាមជនបទចូលចិត្តប្រើប្រាស់ឧសមកបង្កាត់ភ្លើងចម្អិនម្ហូបអាហារ ឬដាំទឹក។ យ៉ាងណាមិញ ពេលដែលបង្កាត់ភ្លើង គួរតែជៀសវាងកុំហិតផ្សែងនោះ។ ពីព្រោះវាអាចបង្កអោយសួត និងផ្លូវដង្ហើមតូចចង្អៀត។ ជាងនេះទៅទៀត ផលប៉ះពាល់រយៈពេលខ្លីរបស់វាគឺ រលាកភ្នែក បំពង់ក ច្រមុះ ក្អក ពិបាកដកដង្ហើម និងជំងឺហឺតធ្ងន់ធ្ងរ។ ចំណែកផលប៉ះពាល់រយៈពេលវែង គឺអាចកើតជំងឺរលាកសួតរ៉ាំរ៉ៃ និងប៉ះពាល់ជំងឺរលាកសរសៃឈាមបេះដូង។
៤. ផ្សែងហ្គាស
ជាតិឧស្ម័នចេញពីហ្គាស អាចសម្លាប់អាយុជីវិតមនុស្សបាន ប្រសិនបើមិនមានការប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ក្នុងទីបិតឈឹងគ្មានចន្លោះចេញ ដូចជាក្នុងផ្ទះ ឬឃ្លាំងជាដើម។ តួយ៉ាង អ្នកមិនអាចមើលឃើញផ្សែងនោះទេ តែវាពិតជាគ្រោះថ្នាក់ខ្លាំង។
៥. ផ្សែងបារី
បារីមិនមែនប៉ះពាល់តែអ្នកជក់ផ្ទាល់ទេ ប៉ុន្តែអ្នកដែលបានហិតផ្សែងតពីគេដ៏ទៃនោះ ក៏មានគ្រោះថ្នាក់ខ្លាំងដែរ។ ជំងឺចម្បងៗ ដែលអាចកើតមានដោយសារបារីមានដូចជា ខូចសួត ជំងឺបេះដូង ពិបាកក្នុងការមានកូន ស្ត្រីមានផ្ទៃពោះ និងបណ្ដាលឲ្យកើតជំងឺមហារីក៕