• 2019-08-05 05:17:30
  • ព័ត៌មាន

សាលា​ភូមិន្ទ​រដ្ឋបាល​សង្ឃឹម​ ៥ឆ្នាំ​ទៀត​នឹង​សម្រេច​គោលដៅ​ Digital School

  • 2019-08-05 05:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​ភូមិន្ទ​រដ្ឋបាល​មាន​មហិច្ឆតា​ចង់​បង្កើត​កម្មវិធី​សិក្សា Digital School គឺ​ការ​បណ្ដុះបណ្ដាល​តាម​អន​ឡាញ។ ការ​បង្រៀន​តាម​អន​ឡាញ ធ្វើ​ឲ្យ​ចំណេញ​ពេល និង​បណ្ដុះបណ្ដាល​បាន​ធនធាន​បាន​ច្រើន​បំពេញ​សេចក្ដី​ត្រូវ​ការ​អ្នក​ទទួល​សេវា​បាន​ទាន់​ពេល។ យ៉ាង​ណា​ក៏ដោយ​ការ​វិវឌ្ឍ​ នៃ​​ការ​បង្រៀន​តាម​បច្ចេកវិទ្យា​នេះ​ ត្រូវ​ការ​ពេល​៥ឆ្នាំ​យ៉ាង​តិច ដើម្បី​សម្រេច​បាន​តាម​ផែន​ការ ព្រោះ​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ដែល​ត្រូវ​ជម្រះ? តើ​អ្វីខ្លះ​ជា​ឧបសគ្គ​ នៃ​ការ​បង្កើត​ Digital School?

សូមចុចអាន៖ នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​ ជម្រះ​មន្ទិល​សង្ស័យ​​រឿង​ប្រឡង​ក្របខណ្ឌ​រដ្ឋ ទាល់តែ​មាន​ខ្សែ និង​មាន​លុយ​ទើប​ជាប់

ឯកឧត្តម យក់ ប៊ុនណា នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​ បាន​ប្រាប់​ Sabay ថា សាលា​ពិត​ជា​មាន​មហិច្ឆតា​ចង់​បង្កើត​កម្មវិធី​សិក្សា Digital Shool ប៉ុន្ដែ​យើង​ត្រូវ​ការ​ពេល​យ៉ាង​តិច​ ៥ឆ្នាំ​ទៀត។ "យើង​ទាមទារ​ពេល​វេលា​នៃ​ការ​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​បង្រៀន​ធម្មតា​មក​ជា​បង្រៀន​តាម​អន​ឡាញ"។

ឯកឧត្តម យក់ ប៊ុនណា នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​ បាន

ទោះ​យ៉ាង​ណា​ ឯកឧត្ដម​ យក់ ប៊ុនណា បាន​លើក​ឡើង​ថា សព្វថ្ងៃ​នេះ​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​ចាប់​ផ្ដើម​បណ្ដើរ​ៗ​ហើយ គឺ​ផ្ដើម​ពី​ការ​ចុះ​ឈ្មោះ​រៀន​តាម​អន​ឡាញ និង​ការ​ប្រឡង​តេស្ត​សមត្ថភាព​តាម​អន​ឡាញ​ជាដើម។ កត្តា​ទាំង​អស់​នេះ​ផ្ដើម​ឲ្យ​មាន​ទម្លាប់​ទាំង​គ្រូ​ផង និង​អ្នក​មក​ចង់​ចូល​រៀន​ផង។

ឆ្លើយ​តប​នឹង​សំណួរ​ដែល​មហាជន​ធ្លាប់​លើកឡើង​ថា ការ​ផ្ដល់​សេវា​របស់​មន្រ្តី​នៅ​ថ្នាក់​មូលដ្ឋាន​កន្លង​មក​នៅ​មិនទាន់​ពេញ​ចិត្ត​អ្នក​ទទួល​សេវា ឯកឧត្តម​ យក់ ប៊ុនណា បាន​លើកឡើង​ថា រវាង​អ្នក​ផ្ដល់​សេវា និង​អ្នក​ទទួល​មិន​ងាយ​ជួប​គ្នា​នោះ​ទេ។ មិន​ងាយ​ជួប​នៅ​ត្រង់​នេះ​ចង់​ពន្យល់​ថា មន្ត្រី​អ្នក​ផ្ដល់​សេវា​បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ការ​រំពឹង​ទុក​របស់​អ្នក​ទទួល​សេវា​កាន់តែ​ខ្ពស់។

ឯកឧត្ដម​បាន​ពន្យល់​យ៉ាង​លម្អិត​ដូច្នេះ​ថា «កាល​ណា​អ្នក​ផ្ដល់​សេវា​ដល់​កម្រិត​មួយ អ្នក​ទទួល​សេវា​ដល់​កម្រិត​១​ទៀត។ ពិបាក​ណាស់​សេវា​រដ្ឋបាល​ផ្ដល់​ឲ្យ​ត្រូវ​តម្រូវ​ការ​រំពឹង​ទុក​របស់​អ្នក​ប្រើប្រាស់​សេវា​ ដោយ​សារ​សេចក្ដី​រំពឹង​ទុក​អ្នក​ប្រើប្រាស់​សេវា​ គឺ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ មាន​ការវិវឌ្ឈ​ខ្ពស់​ទៅៗ។ តែ​មន្ត្រី​ធ្វើ​ការងារ​រដ្ឋបាល​ ត្រូវ​ប្រឹងប្រែង​ជា​ប្រចាំ​មិន​អាច​នៅ​មួយ​កន្លែង​បាន​ឡើយ​ទើប​ដេញ​តាម​ទាន់​តម្រូវ​ការ​របស់​អ្នក​ទទួល»។

នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​ បាន​បន្ត​ទៀត​ថា «អ្នក​ធ្វើ​ការងារ​រដ្ឋបាល​ត្រូវ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ជា​និច្ច​អភិវឌ្ឈន៍​ខ្លួន​ជា​និច្ច។ មន្ត្រី​ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន​ជា​និច្ច​មិន​អាច​នៅ​មួយ​កន្លែង​បាន​ទេ ប៉ុន្តែ​ថា​ឲ្យ​ជួប​គ្នា​រវាង​អ្នក​ផ្ដល់ និង​អ្នក​ទទួល​ ពិបាក​ឲ្យ​ជួប​គ្នា។ យ៉ាង​ណា​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការ​ប្រឹងប្រែង​របស់​យើង គឺ​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ប្រសើរ​ពី​មួយ​ពេល​ទៅ​មួយ​ពេល»។

ដើម្បី​សម្រេច​បាន​នូវ​ការ​ផ្ដល់​សេវា​ឲ្យ​ទាន់​ពេល កម្មវិធី​សិក្សា Digital Shcool គឺជា​ផ្នែក​មួយ​ទៀត ដើម្បី​បណ្ដុះ​ធនធាន​មនុស្ស​របស់​មន្ត្រី ឲ្យ​កាន់តែ​រឹងមាំ និង​មាន​គុណភាព ស្រប​តាម​តម្រូវ​ការ​សព្វថ្ងៃ​នេះ។

សូមចុចអាន៖ នាយក​សាលា​ភូមិន្ទ​រដ្ឋបាល៖ "​អ្នក​ល្មើស​វិន័យ​មិន​អាច​ចរចា​បាន​ ហើយ​ប្រឈម​បញ្ឈប់​ពីការ​សិក្សា" (វីដេអូ)

កាល​ពី​ឆ្នាំ​ ២០១៥ សាលា​ភូមិន្ទ​រដ្ឋបាល​បាន​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ប្រមាណ​ជា ៣០០ទៅ​៤០០​នាក់។ បើ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​វិញ គឺ​បណ្ដុះបណ្ដាល​បាន​រហូត​ដល់​ជាង ៣ ០០០នាក់ ប៉ុន្តែ​តួលេខ​នេះ​នៅ​មិន​ទាន់​គ្រប់​តម្រូវ​ការ​របស់​អង្គភាព​ស្ថាប័ន​ ដែល​ចង់​បាន​នៅ​ឡើយ​ គឺ​ត្រូវ​បង្កើន​ចំនួន​ថែម​ទៀត។ នេះ​ជា​ការ​លើកឡើង​របស់​​ ឯកឧត្ដម យក់ ប៊ុនណា។

ដូច្នេះ​ការ​បង្រៀន​តាម​អន​ឡាញ​ ដែល​រំពឹង​ថា​នឹង​លេច​ជា​រូបរាង​នៅ​អំឡុង​ឆ្នាំ ២០២៣ ខាង​មុខ គឺជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​ការ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​មួយ​ចំនួន​ឲ្យ​កាន់តែ​មាន​គុណភាព ដើម្បី​ជា​ប្រយោជន៍​ផ្ដល់​សេវា​ដល់​សាធារណជន។ ប៉ុន្តែ​កិច្ច​ការ​ នៃ​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នៅ​កម្មវិធី​សិក្សា​ថ្មី​នេះ ទាមទារ​ពេល​វេលា ដូចជា​ការ​ផ្លាស់​ប្ដូរ​ទម្លាប់, កែ​ទម្រង់​រដ្ឋបាល​សាធារណៈ, កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ, កែ​ទម្រង់​វិមជ្ឈការ និង​សហ​វិមជ្ឈការ, និង​កិច្ច​ការ​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​កម្មវិធី​នេះ​កាន់តែ​ប្រសើរ​ឡើង។

"ខ្ញុំ​មាន​ជំនឿ​ថា មន្ត្រី​របស់​យើង​អាច​ទទួល​យក​ការ​បណ្ដុះ​បណ្ដាល​ នៃ​ការ​រៀន​តាម​អន​ឡាញ​នេះ​បាន ដោយ​សារ​តែ​សង្គម​របស់​យើង​បើក​ចំហ​បច្ចេកវិទ្យា ហើយ​លទ្ធភាព​ នៃ​ការ​ប្រើប្រាស់​ប្រសើរ​ជាង​មុន​ ហើយ​របៀប​នៃ​ការ​បង្រៀន​ ដោយ​ឧទាហរណ៍​ថា មុខ​វិជ្ជា​មួយ​បង្រៀន​​ ៦០ម៉ោង ​រៀន​នៅ​សាលា ហើយ​៤០​ម៉ោង​រៀន​តាម​អន​ឡាញ ឬ​៥០​ម៉ោង​នៅ​សាលា ៥០ម៉ោង​អន​ឡាញ ជាដើម"។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់