• 2019-09-13 02:15:00
  • ព័ត៌មាន

ពិព័រណ៍ឧត្តមសិក្សា ជួយសម្រួលដល់សិស្សក្នុងការជ្រើសរើសមុខជំនាញនៅសាកលវិទ្យាល័យ

  • 2019-09-13 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការប្រកាសលទ្ធផលប្រឡងបាក់ឌុបត្រូវបានបញ្ចប់ សិស្សានុសិស្សចាប់ផ្តើម គិតគូរដល់ការសិក្សានៅសាកលវិទ្យាល័យ ថាតើគួររៀននៅសាលាណា ឬមុខជំនាញអ្វី ដែលសាកសម ហើយឲ្យត្រូវនឹងទីផ្សារការងារទៅថ្ងៃអនាគត។ ការជ្រើសរើសមុខជំនាញសិក្សាមានសារៈសំខាន់ក្នុងការកំណត់គោលដៅជីវិតរបស់សិស្សានុសិស្ស ដែលតម្រូវអោយពួកគេមានការត្រៀមខ្លួន រួមនឹងការសម្រេចចិត្តអោយបានត្រឹមត្រូវក្នុងការជ្រើសរើសដើម្បីសិក្សា។

កញ្ញាឡាយ ចាន់រស្មី ជាសិស្សដែលទើបជាប់បាក់ឌុប មកពីសាលារៀនជំនាន់ថ្មី បានអោយដឹងថា កញ្ញាជាមនុស្សម្នាក់ដែលចូលចិត្តរៀនមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា រូបវិទ្យានិងមុខវិទ្យាណាដែលទាក់ទងនឹងវិទ្យាសាស្ត្រ ប៉ុន្តែកញ្ញាមានការលំបាកក្នុងការសម្រេចចិត្តជ្រើសយកមុខវិជ្ជាមួយអោយច្បាស់លាស់ក្នុងការសិក្សា។

រស្មីក៏បានបញ្ជាក់អោយដឹងថា៖“ខ្ញុំបានគិតគូរពីការជ្រើសរើសមុខវិជ្ជាសិក្សា និងការជ្រើសរើសសាកលវិទ្យាល័យតាំងពីថ្នាក់ទី១២ មកម៉្លេះ ប៉ុន្តែព័ត៌មានទាក់ទងទៅនឹងសាកលវិទ្យាល័យខ្ញុំបានដឹងតិចតួចពេក។”

ក្នុងនោះផងដែរកញ្ញា សម្យ សុជាតា ដែលជាសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យដូចគ្នានោះ បានលើកឡើងថា៖ “ខ្ញុំមានមុខវិជ្ជាជាជម្រើសមួយទុករួចទៅហើយ ប៉ុន្តែខ្ញុំមានភាពស្ទាក់ស្ទើរក្នុងការជ្រើសរើសមុខវិជ្ជាជាជម្រើសទី២របស់ខ្ញុំ។”

ជាការពិតណាស់ សិស្សានុសិស្សបា្រកដជាមានភាពលំបាកច្រើនក្នុងការជ្រើសរើសមុខវិជ្ជាដែលសាកសមនឹងខ្លួន ជាពិសេសសម្រាប់សិស្ស ដែលមិនទាន់មានគោលបំណង និងទិសដៅច្បាស់សម្រាប់ជិវិតសិក្សារបស់ខ្លួន។ ដូចនេះដើម្បីជាជំនួយដល់សិស្សានុសិស្សទាំងអស់ កម្មវិធីពិព័រណ៍ឧត្តមសិក្សា បានប្រារព្ធធ្វើឡើងជាលើកទី២នៅថ្ងៃទី១៤ និង ១៥ ខែកញ្ញា នៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី ក្នុងគោលបំណងជួយសិស្សានុសិស្សក្នុងការជ្រើសរើសមុខជំនាញនិងសាកលវិទ្យាល័យ និងព័ត៌មានដែលទាក់ទងនឹងអាហារូបករណ៏ដែលផ្តល់ពីស្ថាប័នផ្សេងៗដែលចូលរួម។

លើសពីនេះទៅទៀតពួកគេនឹងទទួលបានបទពិសោធន៍ថ្មីៗពីសំណាក់វាគ្មិនដែលចូលរួមដែលមានដូចជា៖ ព្រះអង្គ គូ សុភាព វីជេ ណាណា កញ្ញា អ៊ុង ច័ន្ទសោភា និងវាគ្មិនមួយចំនួនទៀតដែលនឹងមកចែករំលែកចំណេះដឹងល្អៗទៅកាន់អ្នកដែលចូលរួម។ ដើម្បីជាចំណែកក្នុងការជួយសម្រួលដល់សិស្សានុសិស្ស កម្មវិធីក៏មានការរៀបចំស្តង់ពីសាកលវិទ្យល័យផ្សេងៗដែលមកពីគ្រប់ទិសទីនៅក្នុងទីក្រុងភ្នំពេញ សម្រាប់សិស្សានុសិស្សក្នុងការសាកសួរព័ត៌មានផ្សេងៗផងដែរ។

អត្ថបទផ្តល់ជូនដោយ៖ ដៃគូរសហការ

មតិយោបល់