• 2019-09-27 23:30:00
  • ជំនឿ

ម្ហូប១មុខ មានប្រវត្តិទាក់ទងប្រែតខែភ្ជុំ ដែលខ្មែរយើងកម្ររំលង តែងចម្អិនទៅវត្ត

  • 2019-09-27 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆា​មី​សួ ជា​មុខម្ហូប​មួយ​ប្រភេទ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​និយម​ទុក​យក​ទៅ​វត្ត ក្នុង​រដូវ​ភ្ជុំបិណ្ឌ។ ពុទ្ធបរិស័ទ​កម្រ​រំលង​ម្ហូប​នេះ ដោយ​ហេតុ​ថា វា​​ជា​ម្ហូប​មិន​មាន​ភាព​ស្មុគស្មាញ​ចម្អិន​ អាច​ទុក​បាន​យូរ និង​ចំណាយ​លុយ​សម​ល្មម​ តែ​អាច​ញ៉ាំ​គ្នា​ច្រើន។ ក្រៅ​ពី​ចំណុច​ទាំង​នេះ ឆា​មី​សួ ក៏​មាន​ប្រវត្តិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​សឹង​តែ​មិន​មាន​អ្នក​ដឹង​ច្រើន​នោះ​ទេ។

តាមរយៈ​អត្ថបទ​ថ្ងៃ​នេះ Sabay សូម​ជូន​ ពី​ប្រវត្តិ​នៃ​មុខ​ម្ហូប​ឆា​មី​សួ និង​គ្រឿង​ផ្សំ​ធ្វើ​ងាយ​ៗ​ ដែល​អាច​ធ្វើ​បាន​ទុក​យក​ទៅ​វត្ត ឬ​ទុក​បរិភោគ​ជុំ​គ្រួសារ​ ពិសេស​រដូវ​ភ្ជុំ​បិណ្ឌ​នេះ​តែ​ម្តង។

១. ប្រវត្តិ​ទាក់ទង​មីសួ

​ព្រះ​ភិក្ខុ​ ធួន​ ច័ន្ទ​ថន​ គង់​នៅ​វត្ត​សន្សំ​កុសល​ រាជ​ធានី​ភ្នំ​ពេញ​ធ្លាប់​មាន​សង្ឃដីកា​រ​ ប្រាប់ Sabay ថា​ការ​ចម្អិន មី​សួ ដើម្បី​ធ្វើ​ជា​ចង្ហាន់​យក​ទៅ​វត្ត​ ​គឺ​ដោយ​សារ​​តែ​មាន​ជំនឿ​មួយ​ទាក់​ទង​នឹង​​​​ប្រេត​មួយ​ពួក។ ប្រេត​ទាំង​​នោះ​មាន​មាត់​តូច​ប៉ុន​គូថ​ម្ជុល ​គឺ​​មិន​អាច​បរិភោគ​ចំណី​អាហារ​ដែល​មាន​ទំហំ​ធម្មតា​​​បាន​ទេ។

ដូច​នេះ​ហើយ ទើប​ពុទ្ធ​បរិស័ទ​ដែល​មាន​ជំនឿ ​ក្រែង​​ញាតិកា​របស់​ខ្លួន​មាន​បាប​កម្ម ​ធ្លាក់​ទៅ​ចាប់​កំណើត​ជា​​ប្រេត​ជំពូក​នេះ​​ ចម្អិន​​មី​សួយក​ទៅ​វត្ត​​ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​នោះ​ឡើយ​ថា ​បុព្វ​ការី​ជន​របស់​ខ្លួន​បាន​ចាប់​កំណើត​​ជា​អ្វី​ឲ្យ​​ប្រាកដ។

តាម​ឯក​សារ​មួយ​ចំនួន​បាន​បង្ហាញ​ថា ចំពោះ​ពពួក​ប្រេត​ ដែល​មាន​លក្ខណៈ​ដូច​ដែល​ព្រះ​ភិក្ខុ ធួន​ ច័ន្ទ​ថន​​លើក​ឡើង​ខាង​លើ ​គឺ​ត្រូវ​នឹង​ពពួក​​ប្រេត​ឈ្មោះ​ "សុចិមុខ"។​

តាម​រយៈ​សៀវភៅ​កំណាព្យ​​ល្បើក​ប្រេត របស់​លោក​ សុង ស៊ីវ បាន​សរសេរ​ថា​​ប្រេត​​ឈ្មោះ សុចិមុខ នេះ​គឺ​ជា​ប្រភេទ​ប្រេត​មួយ​ពួក​ដែល​មាន​ខ្លួន​ធំ​​ប៉ុន​ភ្នំ​ ដៃ​ជើង​វែង​ៗ តែ​មាត់​វិញ​ស្រួច​ រន្ធ​មាត់​ប៉ុន​គូថ​ម្ជុល ក្បាល​ធំ​ត្រមែង​ ភ្នែក​លៀន​ក្រឡោត​ ក្រចក​ដៃ​វែង​ៗ​​ កើត​ស្រែង​ស៊ី​ជុំ​ជិត សាច់​ពក​ធំ​ៗ​ដូច​ជា​ថ្ម​ ​ស្បែក​​ក្រាស់​គគ្រាត​ ស្លែ​ដុះ​ព្រោង​ព្រាត សក់​ក្បាល​ពុក​មាត់​​ និង​ ពុក​ចង្កា​ដុះ​​ដូច​ ព្រឹក្សា​។

២. គ្រឿង​ផ្សំ

បើ​តាម​ស្ត្រី​មេផ្ទះ​មួយ​រូប​រស់​នៅ​រាជធានី​ភ្នំពេញ និង​សុំ​មិន​បង្ហាញ​ឈ្មោះ បាន​និយាយ​ថា រាល់​ឆ្នាំ​ពេល​បុណ្យ​ភ្ជុំ អ្នក​ស្រី​ដែល​តែង​និយម​ឆា​មី​សួ​ ទុក​ទៅ​វត្ត ហេតុផល គឺ​មាន​ជំនឿ​ដូច​នឹង​ប្រវត្តិ​ខាង​លើ ​ដែល​ព្រះសង្ឃ​បាន​ជូន​សង្ឃដីកា។

​មួយ​វិញ​ទៀត ​អ្នកស្រី តែង​ត្រៀម​សម្រាប់​ការ​បរិភោគ​ជួបជុំ​គ្រួសារ ព្រោះ​តែ​ឆា​មី​សួ ងាយ​ស្រួល​ចម្អិន ចំណាយ​លុយ​សម​ល្មម​ទិញ​គ្រឿង​ផ្សំ​សរុប​អស់​ប្រហែល​ ៣៥០០០រៀល តែ​អាច​បរិភោគ​គ្នា​ច្រើន រហូតដល់ ៥ ឬ៦នាក់ និង​អាច​រក្សា​ទុក​លើស​ពី​១​ថ្ងៃ​ទៅ​ក៏​បាន ដោយ​មិន​ខ្លាច​ឆាប់​ផ្អូម។

លាយ​មុខ​គ្រឿង​ផ្សំ​ ៨​មុខ ដែល​សរុប​ជា​លុយ​អស់​ប្រហែល​ ៣៥០០០រៀល តែ​បាន​មីសួ ១​ខ្ទះ​ឆា

១. មីសួ ៦០០ក្រាម ឬ​៦ខាំ

២. ស្ពៃ​ខៀវ ៤០០ក្រាម ឬ៤ខាំ

៣. សាច់​គោ​ ឬសាច់ជ្រូកសុទ្ធ ៤០០ក្រាម ឬ៤ខាំ

៤. ការ៉ុត ១មើម

៥. ផ្សិត​ចំបើង ឬ​ផ្សិត​ត្រចៀក​កណ្ដុរ

៦. ខ្ទឹមបារាំង

៧. ស្លឹក​ខ្ទឹម​

៨. ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង ១ស្លាបព្រា ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម