• 2019-09-27 00:00:00
  • ព័ត៌មាន

កុំភ្លេចថ្ងៃភ្ជុំបិណ្ឌស្អែក! ពិធីបំបោលក្របី-សេះ បោកចំបាប់ គុណដំបង និងប្រណាំងទូកង

  • 2019-09-27 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

<<ជាពិធីបុណ្យប្រពៃណីដ៏ស្រស់ផូរផង់របស់អ្នកឃុំវិហារសួគ៌ និងឃុំស៊ីធរ>>

រៀងរាល់ឆ្នាំឲ្យតែនៅថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌ អ្នកភូមិវិហារសួគ៌ និងអ្នកភូមិស៊ីធរ តែងតែប្រារព្ធធ្ធើពិធីបុណ្យប្រពៃណីប្រចាំភូមិគឺ ការបំបោលក្របី សេះ បោកចំបាប់ និងប្រណាំងទូកង។

នៅព្រឹកថៃ្ងភ្ជុំបិណ្ឌទី ២៩ ខែកញ្ញានេះ មានប្រជាពលរដ្ឋ ២ឃុំនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នឹងរៀបចំពិធី បំបោលក្របី សេះ បោកចំបាប់ គុណដំបងនិងប្រណាំងទូកង។ អ្នកភូមិវិហារសួគ៌ ឃុំវិហារសួគ៌ រៀបចំបំបោលក្របី សេះ បោកចំបាប់ នៅក្នុងបរិវេណវត្តវិហារសួគ៌ និងអ្នកភូមិស៊ីធរ ឃុំធរ គេរៀបចំបំបោលក្របី សេះ បោកចំបាប់ នៅក្នុងបរិវេណវត្តស៊ីធរ និងប្រណាំងទូកនៅវត្តម៉ែបាន។

បើតាមមេឃុំវិហារសួគ៌ លោក ម៉េង ឈាងហេង បានប្រាប់ឲ្យដឹងថាប្រារព្ធធ្វើតាំងពីបុរាណកាលមកមិនដែលខានឆ្នាំណាទេ កម្មវិធីឆ្នាំនេះមាន ក្របី១០គូ សេះ១៥គូ និងចំបាប់ គុណដំបងជាង២០គូ។ កម្មវិធីនេះនឹងចាប់ផ្តើមនៅម៉ោង៦ព្រឹក ដល់ថ្ងៃត្រង់។

មេឃុំស៊ីធរ លោក រស់ សំអុល បានបញ្ជាក់ថា ពិធីបំបោលក្របី សេះ បោកចំបាប់ និងប្រណាំងទូកងរ នៅទីនេះចាប់ផ្តើមដំបូងនៅឆ្នាំ១៩៧៩ គឺមានរយៈពេល៤០ឆ្នាំគឺកើតក្រោយកម្មវិធីវត្តវិហារសួគ៌ទេ។ ចំនួនក្របីឆ្នាំនេះមាន ១០គូ សេះ១០គូ ចំបាប់ជាង២០គូ និងប្រណាំងទូកង២គូ ហើយកម្មវិធីចាប់ផ្តើមនៅម៉ោង ៦ព្រឹករហូតដល់ម៉ោង ៤រសៀល។

ពិធីនេះរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងដើម្បី រំលឹក និងអភិរក្ស ថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ដូនតា សុំឱ្យម្ចាស់ទឹកម្ចាស់ដីជួយថែរក្សាប្រជាជន និងសត្វពាហន:ទាំងឡាយក្នុងភូមិជៀសផុតពីជំងឺ និងគ្រោះចង្រៃនានា និងធ្វើឲ្យមានភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ និងភ្ញៀវទេចរជាតិអន្តរជាតិដែលមានទស្សនាក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរ៕

<<គ្រាន់តែអ្នកទៅទស្សនាអ្នកបានក្លាយជាអ្នកចូលរួមលើកស្ទួយថែរក្សាប្រពៃណីដ៏ស្រស់ផូរផង់របស់ខ្មែរយើង>>

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទពេញនិយម