• 2019-10-11 03:55:42
  • ព័ត៌មាន

គម្រោង​កន្ត្រក​វិល​ខ្នាត​យក្ស​តម្លៃ​ជាង ​៧លានដុល្លារ​ នៅ​សៀមរាប​ កំណត់​ពេល​ជាក់​លាក់​ដំណើរ​ការ​

  • 2019-10-11 03:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្ត្រក​វិល​កម្ពស់​ ៨៥ ម៉ែត្រ នៅ​ខេត្ត​សៀមរាប ​ដែល​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​​ជប៉ុន​មួយ​​នៅ​ខេត្ត​សៀមរាប​ ​គ្រោង​​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ​នេះ​បើ​តាម​តំណាង​ក្រុម​ហ៊ុន​បាន​​ប្រាប់ ​sabay ។

គម្រោង​កន្ត្រក​​វិល​យក្ស​តម្លៃ​ជាង ៧ លាន​ដុល្លារ​នេះ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​​៣០ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ កន្លង​មក ​ដោយ​ក្រុមហ៊ុន ​ក្រុមហ៊ុន​ Angkor Eye Co.,Ltd ​ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ចន្លោះ​ថ្ងៃ​ទី​២០ ឬ ២៥ ខែ​ធ្នូរ​ ឆ្នាំ​២០១៩ខាង​មុន​។ តំណាង​ក្រុម​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​ បច្ចុប្បន្ន​នេះ​ ការសាងសង់​កន្ត្រក​វិល​នេះ​សម្រេច​បាន​ច្រើន​ភាគ​រយ​ហើយ និង​ត្រៀម​ដាក់​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ ​ជិះ​កម្សាន្ត​ក្នុង​ពេល​ឆាប់​ៗ​នេះ។

យ៉ាង​ណា​មិញ​យោង​តាម​ទំព័រ​ហ្វេសបុក​ឈ្មោះ BOX VILLE - Siem Reap ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ទំព័រ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ពី​ការ​ដាក់​ឱ្យ​ដំណើរ​ឆាប់​ៗ​នេះ​ដែរ​។ “កន្ត្រក​វិល (Ferris Wheel) ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​នៅ​ព្រះ​រាជា​ណា​ច្រក​​កម្ពុជា​ និង​សាង់​សង់​រួច​រាល់​ក្នុង​ឆ្នាំ​នេះ​នៅ​ផ្សារ​និង​សួន​កម្សាន្ត​បកស៍ វីល​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀម​រាប​!​”។​

លោក​ ហូ វណ្ឌី ​សហប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន​បាន ​ចាត់​ទុក​នេះ​គឺ​ជា​ផលិត​ទេសចរ​ថ្មី​មួយ​​ទៀត សម្រាប់​ខេត្ត​សៀមរាប ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ខេត្ត​ប៉ូល​ទេសចរ​ដ៏​សំខាន់​របស់​កម្ពុជា ។​ភ្ញៀវ​ជា​ច្រើន​មក​លេង​ខេត្ត​សៀមរាប​រមែង​ចង់​ឃើញ​ និង​ទទួល​សេវាកម្ម​ប្លែក​ៗ​បន្ថែម​​។ ​ដូច្នេះ​នេះ​ជា​ការ​រួ​ម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​សេវាកម្ម​ទេសចរ​កម្ពុជា​។  ​

លោក​ចង់​ឃើញ​ការ​​បង្កើត​​​​នូវ​ផលិត​​ផល​ទេសចរ​ថ្មីៗ​ជាច្រើន​ទៀត​​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​​ និង​អន្តរជាតិ​។ ​កន្ត្រក​​វិល​នេះ ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្សារ​ Box Vill នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយ​ដង្គុំ ពោល​គឺ​ស្ថិត​នៅ​​ខាង​កើត​មជ្ឈមណ្ឌល​ភូមិ​វប្បធម៌ ​នៃ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​តែ​ម្ដង​។​

​លោក Takeyoshi Shinomiya ​ប្រធាន​​ក្រុមប្រឹក្សាភិបាល​​នៃ​ក្រុម​ហ៊ុន Angkor Eye Co.,Ltd​ បាន​ថ្លែង​តាម​រយៈ​សន្ទរកថា​ ក្នុង​ឱកាស​​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ពេល​កន្លងមក​​ថា គម្រោង​កន្ត្រក​​វិល Angkor Eye មាន​កម្ពស់​ខ្ពស់​បំផុត​នេះ​ អាច​មើល​ឃើញ​ទេសភាព​ស្រែ​ចម្ការ​ដ៏​ស្រស់​ស្អាត ហើយ​កន្ត្រក​​សណ្ដោង​ទាំង​អស់​សុទ្ធតែ​បំពាក់​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ ដែល​អាច​ផ្ទុក​មនុស្ស​ចំនួន ១៩២ ​នាក់ ​ប្រកប​ដោយ​ផាសុកភាព និង​មាន​រយៈពេល ១៨​នាទី ក្នុង​១ជុំ។

លោក Takeyoshi Shinomiya ​បាន​បន្ថែម​ថា កន្ត្រក​​វិល​នេះ ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ពី​ប្រទេស​ជប៉ុន​ពី​ឆ្នាំ​មុន តាមរយៈ​ទូរ​កុង​តឺន័រ ៨៥ទូរ និង​ត្រូវ​បាន​តុបតែង​កែ​លម្អ​ពេល​យក​មក​ដល់​ ហើយ​​មាន​លក្ខណៈ​ពិសេស​ប្លែក​ ដែល​ត្រូវ​បាន​ផលិត និង​បង្កើត​ឡើង​ជាមួយ​រូប​សណ្ឋាន​មាន​លក្ខណៈ​លម្អិត​ដ៏​កម្រ ក្នុង​ចំណោម​កន្ត្រក​​វិល​ទាំង ១៤០ ក្នុង​ប្រទេស​ជប៉ុន។ ចំណុច​ពិសេស​មួយ​ទៀត​ ​កន្ត្រក​​វិល នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ធន់​ជាមួយ​នឹង​លក្ខខណ្ឌ​អាកាស​ធាតុ ​ដូច​ជា ​កម្លាំង​ខ្យល់ និង​ភ្លៀង​ខ្លាំង ឬ​ស្ថានភាព​ដី​លំបាក​ពាក់ព័ន្ធ​នឹង​តំបន់​ប្រឈម​នឹង​គ្រោះ​រញ្ជួយ​ផែនដី។

ទន្ទឹម​នឹង​ចំណុច​ពិសេស​ខាង​លើ​នេះ ​កន្ត្រក​​មាន​ទម្ងន់​រហូត​ដល់​ទៅ ​៦១​តោន ​ចំណែក​ទម្ងន់​ទោង​កន្ត្រក​វិល​ សរុប​មាន​ទម្ងន់​ប្រហែល ​៧០០​តោន​។ ​សម្រាប់​ម៉ាស៊ីន​ស្ទូច​ប្រើប្រាស់​ក្នុង​ការងារ​សាងសង់​នឹង​ត្រូវ​ដឹក​យក​មក​ពី​ប្រទេស​វៀតណាម ហើយ​បុគ្គលិក​គ្រប់គ្រង និង​វិស្វករ ត្រូវ​បាន​សម្រិត​សម្រាំង​មក​ពី​ប្រទេស​ជប៉ុន ដូច្នេះ យើង​មាន​ទំនុក​ចិត្ត​​ថា យើង​នឹង​បញ្ចប់​គម្រោង​សាងសង់​នេះ​នៅ​ចុង​ឆ្នាំ​នេះ។

ឯកឧត្ដម​ ទៀ ​សីហា ​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ធ្លាប់​បាន​លើកឡើង​ថា ​ការ​វិនិយោគ​មណ្ឌល​កម្សាន្ត​មួយ​នេះ ​មិន​ត្រឹមតែ​ធ្វើ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ដែល​ចូល​មក​ទស្សនា​ខេត្ត​សៀមរាប​ស្នាក់​នៅ​បាន​កាន់តែ​យូរ​ថែម​ទៀត​ប៉ុណ្ណោះ​​ទេ តែ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ពី​ការ​វិនិយោគ​នេះ​បាន​មួយ​ចំនួន​ធំ​ផង​ដែរ​​ ដែល​ពិត​ជា​បាន​រួម​ចំណែក​ដល់​ការ​ជំរុញ​ និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ថែម​ទៀត៕​  

អត្ថបទ៖ សុផល

មតិយោបល់