• 2019-10-14 09:19:14
  • ការអប់រំ

វេជ្ជបណ្ឌិត​៖ ការឱ្យ​លុយ​​កុមារ​តូច ​​ទៅ​​សាលា​រៀន​​មិន​មែន​ជា​ជម្រើស​ល្អ​ទេ

  • 2019-10-14 09:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វេជ្ជបណ្ឌិត​ជំនាញ​​បាន​ផ្ដល់​ដំបូន្មាន​ដល់​ឪពុក​ម្ដាយ​ ឬ​អាណាព្យាបាល​​​ថា ​ការ​ឱ្យ​លុយ​​កូន​​តូច​ ទៅ​សាលា​រៀន​មិន​មែន​ជា​ជម្រើស​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ​វា​​អាច​បង្ក​ផល​​​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​សុខភាព​កូន ​ដូចជា​ប្រឈម​ទៅ នឹង​ជំងឺ​ទឹក​នោម​ផ្អែម និង​កង្វះ​អាហារូបត្ថម្ភ​​ជាដើម​។ ​

មាតាបិតា ​និង​អាណាព្យាបាល​​កូន​ទាំងអស់ ត្រូវ​ចេះ​​ពី​របៀប​ថែ​ទាំ​ និង​ផ្តល់​ចំណី​អាហារ​ដល់​កូន​ចៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​សុខភាព​ល្អ ​លូត​លាស់​បាន​ល្អ ​មាន​បញ្ញា​វាងវៃ ​និង​រៀន​ពូកែ​។​

ក្នុង​ពិធី​បិទ​សន្និសីទ ​រោគ​កុមារ​លើក​ទី​១ ​ដែល​រៀប​ចំ​ ដោយ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ  ក្រោម​ប្រធានបទ​ ការ​ចែក​រំលែក​បទពិសោធន៍​ នៃ​ការ​អនុវត្ត​ការ​ថែ​ទាំ​ព្យាបាល​ជំងឺ​ទារក ​និង​កុមារ ​កាលពី​ចុង​សប្ដាហ៍​មុន ​លោក​វេជ្ជបណ្ឌិត​ ញឹប ​អង្គាបុស្ស ប្រធាន​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ណែ​នាំ​ដល់​មាតាបិតា​ គួរ​តែ​រៀប​ចំ​អាហារ​ដល់​កុមារ​ទៅ​សាលា​រៀន​ជា​ប្រចាំ​ដូច​ជា​ផ្ដល់​នំ ​​ចំណី​អាហារ​ណា ​ដែល​មាន​អត្ថប្រយោជន៍​ដូច​ជា​ទឹក​ដោះ​គោ​ ក៏​ដូច​ជា​នំ​ដល់​កុមារ​ ដោយ​មិន​ចាំ​បាច់​ផ្ដល់​ថវិកា​ដល់​កុមារ​ទេ​ ដើម្បី​កុំ​ឲ្យ​កុមារ​ទិញ​ចំណី​អាហារ​ ដែល​ប៉ះពាល់​ដល់​សុខភាព​ពិសេស​ភេសជ្ជៈ​ផ្អែម​ៗ​ ដែល​កុមារ​ចូល​ចិត្ត​។​ កាល​ណា​កុមារ​ញ៉ាំ​អាហារ​ ដែល​មាន​ជាតិ​ផ្អែម​ច្រើន​ពេក​ធ្វើ​ឲ្យ​កុមារ​ឆាប់​ឆ្អែត ​មិន​បាន​ញ៉ាំ​អាហារ​ផ្សេង​ៗ​ទៀត​ ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​ ហើយ​អាច​ឲ្យ​កុមារ​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ។

“និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​ហាម​ឃាត់​មិន​ឲ្យ​កុមារ​ញ៉ាំ​អាហារ​ ដែល​មាន​រសជាតិ​ផ្អែម​នោះ​ទេ​ តែ​ត្រូវ​ញ៉ាំ​ ដោយ​បរិមាណ ​ដែល​សម​ស្រប​ហើយ​កុំ​ឲ្យ​ទម្លាប់​ទិញ​ដាក់​ទឹក​ក្រូច​ទាំង​កេស​ៗ​នៅ​ផ្ទះ​ ព្រោះ​ថា​ក្មេង​ៗ​ តែង​តែ​ចូល​ចិត្ត​រស់​ជាតិ​ផ្អែម​ជាង​គេ​បន្ទាប់​ពី​​សាច់​ រី​ឯ​បន្លែ​ផ្លែ​ឈើ​មិន​សូវ​ជា​ចូល​ចិត្ត​ញ៉ាំ​ទេ​”​។

​លោក​ជំទាវ​សាស្ត្រាចារ្យ គ្រុយ  លាងស៊ីម អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា​ការ​ឲ្យ​កុមារ​ទទួល​ទាន​ចំណី​អាហារ ​មាន​រសជាតិ​ផ្អែម​នឹង​ធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​អាណាព្យាបាល​ និង​មាតាបិតា ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​ថវិកា​ប្រចាំ​ថ្ងៃ ​ព្រោះ​ថា​ ជំងឺ​ទឹក​នោម​ផ្អែម​នេះ​ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល​អស់​មួយ​ជីវិត​។ ​ចំណែក​កូន​ៗ​ វិញ​ក៏​ត្រូវ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​ខ្លួន​ផង​ដែរ​។​ កុមារ​គួរ​​បរិភោគ​ឲ្យ​មាន​ទាំង​បន្លែ​ សាច់​និង​មាន​ផ្លែ​ឈើ​ដើម្បី​ឲ្យ​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ល្អ​និង​កម្លាំង​​មាំមួន​។

លោក​វេជ្ជបណ្ឌិត ​ញឹប ​អង្គាបុស្ស ​បាន​បន្ថែម​ទៀត​ថា ​ការ​ចេះ​ពី​របៀប​ថែ​ទាំ ​និង​ផ្ដល់​ចំណី​អាហារ​ដល់​កូន​បាន​ល្អ​នឹង​ជួយ​ឲ្យ​កុមារ​ជៀស​ផុត​ ពី​កង្វះ​អាហារូបត្ថម្ភ​ ​ដែល​បង្ក​ឲ្យ​កុមារ​ត្រូវ​ប្រឈម​ ​នឹង​ការ​ឆ្លង​ជំងឺ​ដង្កាត់​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រាក់​ចំណូល​គ្រួសារ ​និង​ការ​សិក្សា​ប្រចាំ​ថ្ងៃ​ផង​ដែរ​។​ មន្ទីរពេទ្យ​តែង​មាន​​កម្ម​វិធី​អប់រំ​ណែនាំ​ដល់​មាតាបិតា ​និង​អាណាព្យាបាល​កុមារ​ ដែល​យក​កូន​មក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ឲ្យ​ចេះ​ពី​របៀប​ការ​ចិញ្ចឹម​ថែ​ទាំ​កូន​របៀប​ណា ​ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​សុខភាព​ល្អ​ និង​ផ្ដល់​​ចំណី​អាហារ​ណា​ខ្លះ​ ដែល​គួរ​ផ្ដល់​ឲ្យ​កុមារ​៕  

អត្ថបទ៖ សុផល

មតិយោបល់