• 2019-11-14 02:03:01
  • ព័ត៌មាន

ទីក្រុងល្បីឈ្មោះមួយរបស់អ៊ីតាលី រងគ្រោះដោយសារទឹកជំនន់មិនធ្លាប់មានក្នុងពេល ៥០ឆ្នាំ

  • 2019-11-14 02:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត កំពុង​វាយ​ប្រហារ​ទីក្រុង Venice ប្រទេស​អ៊ីតាលី​ដែល​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល ៥០​ឆ្នាំ និង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​សុវត្ថិភាព​ប្រជាជន។

យោង​តាម​អភិបាល​ក្រុង​លោក Luigi Brugnaro ឲ្យ​ដឹង​​ថា ក្រុង Venice បាន​រង​គ្រោះ​ដោយ​សារ​ទឹក​ជោរ​ខ្លាំង​កាល​ពី​យប់​ថ្ងៃ​អង្គារ ដែល​ឡើង​រហូត​ដល់​កម្ពស់ ១៨៧​សង់ទីម៉ែត្រ។ ក្នុង​នោះ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ដោយ​សារ​លង់​ទឹក ខណៈ​ពេល​ដែល​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ទៀត ឆក់​ខ្សែ​ភ្លើង​ស្លាប់​ពេល​កំពុង​អូស​ខ្សែ​ភ្លើង​ម៉ាស៊ីន​បូម​ទឹក​នៅ​ផ្ទះ​របស់​ខ្លួន។ ប្រភព​ដដែល​បន្ដ​ថា ទំហំ​នៃ​ការ​ខូច​ខាត​នឹង​ត្រូវ​ចំណាយ​ប្រាក់​រាប់​រយ​លាន​អ៊ឺរ៉ូ​ដើម្បី​ស្ដារ​ទីក្រុង​បុរាណ​នេះ​ឡើង​វិញ។ ជាមួយ​គ្នា​ដែរ អាជ្ញាធរ​អ៊ីតាលី​បាន​ប្រកាស​ដាក់​ទីក្រុង​ក្នុង​ស្ថានភាព​គ្រោះ​អាសន្ន និង​ត្រូវ​ការ​ជួយ​សង្គ្រោះ​បន្ទាន់។

គួរ​ឲ្យ​ដឹង​ថា ទីក្រុង​គោល​ដៅ​ទេសចរ​ដ៏​សំខាន់​របស់​អ៊ីតាលី​មួយ​នេះ ធ្លាប់​បាន​ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់​អាក្រក់​បំផុត​ចុង​ក្រោយ​កាល​ពី​ឆ្នាំ ១៩៦៦ ដែល​ទឹក​ជោរ​ឡើង​ដល់​កម្ពស់ ១៩៤​សង់ទីម៉ែត្រ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថិតិ​របស់​រដ្ឋាភិបាល៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់