• 2019-12-17 06:39:08
  • ការអប់រំ

សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ក្រុមហ៊ុន Smart ផ្ដល់​សេវាអ៊ីនធឺណិតតាម​សាលា​រៀន និង​មន្ទីរពេទ្យ

  • 2019-12-17 06:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បានសុំឲ្យ​ក្រុមហ៊ុន Smart Axiata ​ពិចារណា​ក្នុង​ការជួយផ្តល់នូវសេវា Internet ដល់​សាលា​រៀន រួម​ទាំងសាកលវិទ្យាល័យ និង​វិទ្យា​ល័យ ព្រម​ទាំង​នៅ​តាមបណ្ណាល័យជាដើម និង​មន្ទីរពេទ្យ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គ្រូបង្រៀន និស្សិត និង​សិស្សា​នុសិស្ស​មាន​ឱកាស​ប្រើប្រាស់បច្ចេកវិទ្យាតាម Internet ដើម្បី​បង្កើន​ការ​សិក្សា​ស្រាវ​ជ្រាវ​ពង្រីក​ចំណេះ​វិជ្ជាដើម្បីពង្រឹងគុណភាព និង​សមត្ថភាព​ធនធាន​មនុស្ស​ឲ្យ​កាន់​តែ​រីកចម្រើន។ ការ​លើកស្នើនេះ ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សារវាង​សម្ដេច និងលោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ប្រធានក្រុមហ៊ុន Axiata Group Berhad នៅ​ថ្ងៃទី១៧ ខែធ្នូ នេះ នៅ​វិមាន​សន្តិភាព។​

រូបភាព៖ ហ្វេសបុក សម្ដច ហ៊ុន សែន

សម្ដេច ក៏​បានស្នើសុំឲ្យក្រុមហ៊ុន ពិ​ចា​រណា​ពង្រីក​វិសាល​ភាព​របស់​ក្រុមហ៊ុន​ឲ្យ​គ្រប​ដណ្ដប់​ទៅ​លើ​ទី​ជនបទ​ឲ្យ​បាន​ច្រើនទូលំទូលាយ ជា​ពិសេស​ពិនិត្យ​មើល​ប្រព័ន្ធស្មាតនៅក្រៅប្រទេស (Roaming) ផង​ដែរ គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធស្មាត អាចដំណើរការទៅបានទាំងការហៅចេញចូល និងប្រព័ន្ឋ Internet ឲ្យ​បានល្អនៅក្រៅប្រទេសអោយបានច្រើន។ ព្រោះពេលសម្តេចតេជោ អញ្ជើញ​ទៅ​បេសកកម្ម​ក្រៅ​ប្រទេស គឺប្រព័ន្ឋស្មាតមិនសូវមាន Roaming ដែលលំបាកប្រើប្រាស់។

ជា​ការ​ឆ្លើយ​តប លោក TAN SRI ប្រធាន​ក្រុមហ៊ុន Smart Axiata បាន​បញ្ជាក់​ថា​ក្រុម​ហ៊ុន​នឹង​បន្ត​ពង្រីក​វិសាល​ភាព​របស់​ក្រុមហ៊ុន​បន្ត​ទៀត​ដែល​នឹង​គ្រប​ដណ្ដប់​ទៅ​តាម​ទីជនបទ​នៅ​ទូទាំង​ប្រទេស។

លោក TAN SRI ក៏​បាន​គោរព​ជម្រាប​ជូន​សម្តេច​ថា ក្រុមហ៊ុន Smart Axiata បាន​បោះ​ទុក​វិនិយោគ​នៅ​កម្ពុជា​អស់ប្រមាណ ១ ៤០០ លានដុល្លារ​អាមេរិកហើយ ហើយ​ក្រុមហ៊ុន​កំពុង​មាន​គម្រោង​វិនិយោគ​បង្កើត​បន្ថែមទៀតគឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែ​គឺ​មាន​គោល​ដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ។ ដូច​ជា វិស័យអប់រំ វិស័យសុខាភិបាលក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់