• 2020-01-03 04:22:16
  • សុខភាព

មែនឬក៏អី ! ស្រ្តីកាត់ស្បូនប្រឈមនឹងជំងឺពុកឆ្អឹង?

  • 2020-01-03 04:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​ស្ត្រី​អស់​រដូវ គឺ​ស្ត្រី​ដែល​កាត់​ស្បូន​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ពុក​ឆ្អឹង។ តួលេខ​ក៏​បាន​បង្ហាញ​ដែរ​ថា ស្ត្រី​ច្រើន​ជាង​បុរស​ប្រឈម​កើត​ជំងឺ​ពុក​ឆ្អឹង ខណៈ​ដែល​បុរស​ក្នុង​ចំណោម​ ៨ នាក់​ គឺ​មាន​តែ​ ១ នាក់​ ប៉ុណ្ណោះ អាច​កើត​ជំងឺ​ពុក​ឆ្អឹង​បាន។  

តើ​ហេតុ​អ្វី​បាន​ជា​ស្រ្តី​កាត់​ស្បូន​ប្រឈម​ខ្លាំង​នៃ​ការ​កើត​ជំងឺ​ពុក​ឆ្អឹង? ចុះ​ហេតុ​អ្វី​បាន​ជា​ស្រ្តី​ច្រើន​ជាង​បុរស​ដែល​នឹង​ងាយ​កើត​ជំងឺ​ពុក​ឆ្អឹង? តើ​អ្វី​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង? សំណួរ​ទាំង​អស់​នេះ ត្រូវ​បាន​ លោក​វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស វះកាត់​ឆ្អឹង នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-សូវៀត និង គ្លីនិក លឹម តាំង បាន​ធ្វើ​ការ​ពន្យល់​ដូច​ខាង​ក្រោម៖ 

 

វេជ្ជបណ្ឌិត ម៉េង សុខ-07

 

Sabay៖ តើ​អ្វី​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង?  

​វេជ្ជបណ្ឌិត ម៉េង សុខ៖ ជំងឺ​ពុក​ឆ្អឹង​គឺជា​ជំងឺ​មួយ​ប្រភេទ​នៅ​ពេល​ដែល​កំហាប់​ឆ្អឹង ឬ រចនា​សម្ព័ន្ធ​ទ្រទ្រង់​ឆ្អឹង​មាន​ការ​ថយ​ចុះ ដែល​ធ្វើ​ឲ្យ​ឆ្អឹង​មិន​រឹង​មាំ​ឈាន​ទៅ​ពុក​ឆ្អឹង។ ឧទាហរណ៍ នៅ​ពេល​យើង​សាងសង់​ផ្ទះ​​ចាក់​ប្លង់​សេ គឺ​កំហាប់​តំណាង​ឲ្យ​ស៊ីម៉ង់​-ខ្សាច់​ ដែល​ត្រូវ​ប្រើ ហើយ​ប្រសិន​បើ​យើង​ប្រើ​ស៊ីម៉ង់​​តិច​ពេក​វា​នឹង​មិន​ធ្វើ​ឲ្យ​ប្លង់សេ​រឹងមាំ​នោះ​ទេ។  

Sabay៖ ជំងឺ​ពុក​ឆ្អឹង​ច្រើន​កើត​លើ​មនុស្ស​វ័យ​ណា?

​វេជ្ជបណ្ឌិត ម៉េង សុខ៖  ជំងឺ​ពុក​ឆ្អឹង​​អាច​កើត​មាន​​ឡើង​ទាំង​ក្មេង​ និង មនុស្ស​ចាស់  

វ័យ​ចំណាស់៖ ជំងឺ​ពុក​ឆ្អឹង​ដែល​កើត​លើ​មនុស្ស​ចាស់ ​គឺជា​រឿង​ធម្មតា ដែល​ជា​ពិសេស​ស្ត្រី​ដែល​ចាប់​ផ្ដើម​អស់​រដូវ គឺ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​រហូត​ដល់​ទៅ​ជិត ៤០% នៃ​ស្ត្រី​ទូទៅ​ គេ​ឃើញ​កើត​មាន​ជំងឺ​ពុក​ឆ្អឹង​នេះ។  

វ័យ​ក្មេង៖ ជំងឺ​ពុក​ឆ្អឹង​ដែល​កើត​មាន​លើ​មនុស្ស​មាន​វ័យ​ក្មេង ​គឺជា​ ជំងឺ​មិន​ប្រក្រតី ព្រោះ​អាច​បណ្ដាល​មក​ពី​ជំងឺ​ផ្សេង​ៗ ​ដែល​នៅ​ក្នុង​ខ្លួន​ហើយ​វា​បណ្ដាល​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង។ ជំងឺ​ដែល​នាំ​ឲ្យ​កើត​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង​ ដូចជា ជំងឺ​ពក ក បញ្ហា​តម្រង់​នោម ហើយ​ប៉ះពាល់​ដល់​អ័រម៉ូន ជាដើម។ អ័រម៉ូន​នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​ពុក​ឆ្អឹង​ដូច​មនុស្ស​ចាស់​ដែល​អស់​រដូវ​ ព្រោះតែ​ការ​ប្រែប្រួល​អ័រម៉ូន។  

លម្អិត​ព័ត៌មាន​បន្ថែម សូម​​ចុច​​វីដេអូ ទស្សនា​ខាង​ក្រោម៖  

 

Sabay៖  តើ​ស្ត្រី​ និង បុរស​ មួយ​ណា​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ជាង​គេ?

 

វេជ្ជបណ្ឌិត ម៉េង សុខ៖ តាម​ការ​សិក្សា​រក​ឃើញ​ថា ស្ត្រី​ប្រឈម​ខ្លាំង​ជាង​បុរស។ បុរស​តិចតួច​បំផុត​ដែល​នឹង​ប្រឈម​នឹង​កើត​ជំងឺ​ពុក​ឆ្អឹង។ តួលេខ ៨នាក់ គឺ​មាន​តែ ១នាក់ ប៉ុណ្ណោះ​ដែល​អាច​កើត​ជំងឺ​ពុក​ឆ្អឹង និយាយ​រួម​គឺ​តិចតួច​បំផុត ហើយ​បើ​បុរស​កើត​ជំងឺ​ពុក​ឆ្អឹង​វិញ​ ច្រើន​កើត​លើ​បុរស ​ដែល​​កើត​ដំ​ក្នុង​ពង​ស្វាស ហើយ​ត្រូវ​បាន​គេ​កាត់​ចោល ដូច្នេះ​ធ្វើ​ឲ្យ​កង្វះ​អ័រម៉ូន និង មនុស្ស​ចាស់​ដែល​មាន​វ័យ​ចន្លោះ​ពី ៦០​ឆ្នាំ​ឡើង​ទៅ ដែល​ខុស​អំពី​ស្ត្រី ​គឺ​រាប់​​ចាប់​ពី​ការ​អស់​រដូវ។  

វេជ្ជបណ្ឌិត ម៉េង សុខ-11  

Sabay៖ មាន​ការ​លើកឡើង​ថា ស្រ្តី​ដែល​កាត់​ស្បូន​ប្រឈម​មុខ​នឹង​ជំងឺ​ពុក​ឆ្អឹង។ ហេតុ​អ្វី​គ្រាន់​តែ​កាត់​ស្បូន​បែរ​ជា​ពាក់ព័ន្ធ​នឹង​ជំងឺ​ពុក​ឆ្អឹង​ទៅ​វិញ?  

វេជ្ជបណ្ឌិត ម៉េង សុខ៖  ជា​ការពិត​ណាស់​ស្ត្រី​កាត់​ស្បូន ​គឺ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ពុក​ឆ្អឹង​ ព្រោះ​ការ​កាត់​ស្បូន​ គេ​កាត់​ទាំង​ក្រពេញ​ភេទ​របស់​នារី (អូរវែរ​ទាំង​សង​ខាង)។ អូរវែរ មាន​តួនាទី​បញ្ចេញ​អ័រម៉ូន​ភេទ ​អូស្ត្រូហ្សេន ដែល​ពី​មុន​វា​បង្កើត​និង​បញ្ចេញ នៅ​ពេល​យើង​កាត់​ចោល​ ដូច្នេះ អូស្រ្ដូហ្សេន​ នឹង​ធ្លាក់​យ៉ាង​គំហុក។ អូស្រ្តូហ្សេន គឺ​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​កសាង​ឆ្អឹង។ ដើម្បី​បង្កើត​បាន​ឆ្អឹង​មួយ​គឺ​មាន​ ៣ ទី ១ ស្រូប ២ បន្ថែម ឬ​បង្កើត និង ៣ កែ​រូបរាង​ឆ្អឹង​ឡើង​មក​វិញ។  

លម្អិត​ព័ត៌មាន​បន្ថែម សូម​​ចុច​​វីដេអូ ទស្សនា​ខាង​ក្រោម៖  

 

Sabay៖ តើ​ជំងឺ​ពុក​ឆ្អឹង​កើត​ឡើង​ដោយ​សារ​អ្វី?  

វេជ្ជបណ្ឌិត ម៉េង សុខ៖  ជំងឺ​ពុក​ឆ្អឹង​បណ្ដាល​មក​ពី​កត្តា​មិនប្រែប្រួល និង ប្រែប្រួល  

កត្តា​មិន​ប្រែប្រួល  

  • ១. មនុស្ស​ចាស់ រាល់​មនុស្ស​ចាស់​រមែង​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ ជាពិសេស​ស្រ្តី​ដែល​ជិត​អស់ និង អស់​រដូវ

  • ២. ពូជសាសន៍៖ អឺរ៉ុប និង អាស៊ី​ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​ជំងឺ​ពុក​ឆ្អឹង​ច្រើន ដោយ​ថា នៅ​អឺរ៉ុប​ខ្វះ​ពន្លឺ​ថ្ងៃ ឯ​នៅ​អាស៊ី​មនុស្ស​ភាគច្រើន​មិន​ចង់​ឲ្យ​ប៉ះពាល់​ពន្លឺ​ថ្ងៃ​ ខ្លាច​ខូច​ស្បែក ដូច្នេះ ពួកគេ​ស្លៀកពាក់​រុំ​ជិត​ខ្លួន។

  • ៣. តំណពូជ៖ ប្រសិន​បើ​ក្នុង​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​ពុក​ឆ្អឹង ដូច្នេះ កូន​ក៏​ប្រឈម​បញ្ហា​នេះ​ដែរ  

កត្តា​ប្រែប្រួល៖  

  • ១. អាល់កុល (ស្រាបៀ ស្រា)៖ កាល​ណា​ប្រើប្រាស់​អាល់កុល​ច្រើន​​​ គឺ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​អ័រម៉ូន​ ហើយ​បញ្ឈប់​វីតាមីន​មួយ​ចំនួន​នៅ​ក្នុង​ថ្លើម​ វីតាមីន​ក្នុង​ថ្លើម​អត់​គ្រប់គ្រាន់​​វា​ជួយ​ឆ្អឹង​អត់​បាន។

  • ២. បារី៖ បារី​ប៉ះពាល់​ដល់​សរសៃ​ឈាម​តូច ដែល​ធ្វើ​ដំណើរ​ការ​ឈាម​រត់​អត់​ល្អ​

  • ៣. កង្វះ​វីតាមីន​D៖ មនុស្ស​មួយ​ចំនួន​ខ្វះ​វីតាមីន​ D និង កង្វះ​អាហារូបត្ថម្ភ (ហូប​ចុក​អត់​គ្រប់គ្រាន់) ក៏​ជា​បញ្ហា​ដែល​នាំ​ឲ្យ​ប្រឈម​នឹង​កើត​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ។

  • ៤. កង្វះ​ការ​ហាត់​ប្រាណ៖ អ្នក​នៅ​ភ្នំពេញ​ភាគច្រើន​មិន​សូវ​ហាត់​កីឡា ដែល​ប្រឈម​នឹង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង។ អ្នក​ហាត់​ប្រាណ​ភាគច្រើន​​គឺ​មាន​សរសៃឈាម​ធំៗ ហើយ​ធ្វើ​ឲ្យ​ដំណើរ​ឈាម​ដើរ​បាន​ល្អ ស្រប​នឹង​ការ​ហូប​ចុក​បាន​គ្រប់គ្រាន់។

  • ៥. ជំងឺ៖ អ្នក​ខ្លះ​មាន​បញ្ហា​ហើយ​បាន​រុំ​បង់​យូរ​ពេក​ ដែល​ធ្វើ​ឲ្យ​ឆ្អឹង​មិន​ដំណើរ​ការ​ ក៏​ជា​មូលហេតុ​មួយ​ផ្នែក​នាំ​ឲ្យ​កើត​ជំងឺ​ពុក​ឆ្អឹង​ដែរ។ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ដែល​ពួកគេ​ភាគច្រើន​ញាំ​ថ្នាំ​ផ្សះ​ច្រើន​ហើយ​មិន​សូវ​មាន​ចលនា ក៏​ជា​ដើម​ហេតុ​នាំ​ទៅ​កើត​ជំងឺ​ពុក​ឆ្អឹង។  

លម្អិត​ព័ត៌មាន​បន្ថែម សូម​​ចុច​​វីដេអូ ទស្សនា​ខាង​ក្រោម៖  

 

Sabay៖  តើ​ជំងឺ​ពុក​ឆ្អឹង​មាន​រោគសញ្ញា​ឲ្យ​យើង​អាច​ដឹង​បាន​ដែរ​ទេ?  

វេជ្ជបណ្ឌិត ម៉េង សុខ៖  តាម​ការ​សិក្សា​កន្លង​មក​ គឺ​ជំងឺ​ពុក​ឆ្អឹង​ពុំ​មាន​សញ្ញា​ណា​មួយ​ប្រាប់​អំពី​រោគ​សញ្ញា​នៃ​ជំងឺ​ពុក​ឆ្អឹង​ឲ្យ​យើង​បាន​ដឹង​នោះទេ វា​អាច​រក​ឃើញ​ដោយ​ចៃដន្យ​នៅ​ពេល​ពួកគាត់​មក​មន្ទីរ​ពេទ្យ ហើយ​មួយ​ទៀត​​ដោយ​សារ​តែ​អ្នក​ជំងឺ​មាន​បញ្ហា​ គឺ​គ្រាន់តែ​ដួល​បន្តិចបន្តួច​ក៏​បាក់​ឆ្អឹង។ ហើយ​បើ​រក​ឃើញ​ដោយ​សារ​រោគសញ្ញា​នៃ​ការ​ឈឺចាប់​ឆ្អឹង ​គឺ​មិន​មាន​នោះ​ទេ គឺ​ពួកគេ​អាច​រក​ឃើញ​ជំងឺ​នេះ​បាន​នៅ​ពេល​ពួកគេ​បាន​មក​មន្ទីរពេទ្យ និង ផល​លំបាក​បាក់​ឆ្អឹង​រួច​ទៅ​ហើយ​ដូច​បាន​និយាយ​ខាង​លើ។

Sabay៖ តើ​ជំងឺ​ពុក​ឆ្អឹង​អាច​ការពារ​បាន​ទេ?

វេជ្ជបណ្ឌិត ម៉េង សុខ៖ ដើម្បី​ការពារ​ជំងឺ​ពុក​ឆ្អឹង គឺ​មនុស្ស​ទាំង​ឡាយ​ជាពិសេស​នារី នៅ​ពេល​ដឹង​ថា ខ្លួន​ចូល​ចិត្ត​គ្រឿង​អាល់កុល (គ្រឿងស្រវឹង) បារី វ័យ​ចំណាស់ ហើយ​ជិត​អស់​រដូវ គឺ​ចាំបាច់​ត្រូវ​តាម​ដាន​និង​ពិនិត្យ​សុខភាព​​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ដោយ​ការ​​ពិនិត្យ​ឆ្អឹង (ថ្លឹង​ឆ្អឹង) ឬ ប្រើ​កាំ​រស្មី​ X ដើម្បី​ថត​ឆ្អឹង​ខ្នង ឬ ឆ្អឹង​ភ្លៅ គេ​អាច​ដឹង​អំពី​បញ្ហា​ឆ្អឹង ស្ពោត​ ឬ ពុក​ឆ្អឹង ​ជាដើម។ មួយ​ទៀត​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង ញាំ​គ្រប់គ្រាន់។  

Sabay៖ តើ​ជំងឺ​ពុក​ឆ្អឹង​អាច​ព្យាបាល​បាន​ទេ?  

វេជ្ជបណ្ឌិត ម៉េង សុខ៖ ជំងឺ​ពុក​ឆ្អឹង​គេ​អាច​ព្យាបាល​បាន។ ការ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​គឺ​បែងចែក​ជា​ពីរ​ គឺ ព្យាបាល​លើ​មនុស្ស​វ័យ​ក្មេង និង មនុស្ស​ចាស់៖  

ការ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​លើ​មនុស្ស​វ័យ​ក្មេង

  • ១. រក​មូល​ហេតុ​ឲ្យ​ឃើញ​ច្បាស់​ ហើយ​ព្យាបាល​ជំងឺ​ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺ​ពុក​ឆ្អឹង​នោះ។

  • ២. ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ គេង​គ្រប់គ្រាន់ និង ញាំ​គ្រប់គ្រាន់ ព្រម​ទាំង​ទាមទារ​ឲ្យ​ត្រូវ​ពន្លឺ​ពេល​ព្រឹក។  

ការ​ព្យាបាល​លើ​មនុស្ស​ចាស់​  

ការ​ព្យាបាល​លើ​មនុស្ស​ចាស់​ គឺ​ពេទ្យ​នឹង​​ផ្ដល់​ថ្នាំ​ជំនួយ​ និង តម្រូវ​ឲ្យ​បញ្ឈប់​ទម្លាប់​ខ្លះ​ដែល​នាំ​ឲ្យ​ពុក​ឆ្អឹង ដូចជា បញ្ឈប់​ការ​ញាំ​គ្រឿង​ស្រវឹង, ជក់​បារី ជាដើម។ មួយ​ទៀត​ត្រូវ​ញាំ​ និង គេង​ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ គឺ​ចន្លោះ​ពី​ម៉ោង ៧-៩ ព្រឹក ដើម្បី​ទទួល​បាន​ពន្លឺ​ថ្ងៃ​ល្អ​សម្រាប់​ឆ្អឹង។ ប៉ុន្តែ ការ​ព្យាបាល​លើ​មនុស្ស​ចាស់ គឺ​ទាមទារ​រយៈពេល​យូរ ដោយ​ត្រូវ​ញាំ​ថ្នាំ​យូរ​អង្វែង និង តាម​ដាន​ជាមួយ​គ្រូ​ពេទ្យ​​ឲ្យ​បាន​ទៀងទាត់។ ចំពោះ​រយៈពេល​នៃ​ការ​ព្យាបាល​មិន​អាច​កំណត់​បាន​នោះ​ទេ អាស្រ័យ​លើ​ស្ថានភាព​ជំងឺ និង ការ​សហការ​ពី​អ្នក​ជំងឺ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ៕

 

លម្អិត​ព័ត៌មាន​បន្ថែម សូម​​ចុច​​វីដេអូ ទស្សនា​ខាង​ក្រោម៖

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់