• 2020-01-06 10:18:08
  • ការអប់រំ

ដឹងអត់ថា ការអានសៀវភៅមានប្រយោជន៍ ១០ យ៉ាង?

  • 2020-01-06 10:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទទួលបាននូវចំណេះដឹង និងព័ត៌មាន នាពេលបច្ចុប្បន្ន មានច្រើនបែបយ៉ាង តែការអានសៀវភៅ នៅតែជាផ្នែកមួយក្នុងការផ្ដល់ចំណេះដឹង ដែលគ្មានអ្វីអាចមកជំនួសបានឡើយ ជាពិសេសការអានសៀវភៅ មិនត្រឹមតែផ្ដល់នូវចំណេះដឹង តែមួយមុខនោះទេ វាថែមទាំងផ្ដល់នូវអត្ថប្រយោជន៍ ១0 យ៉ាង ផ្សេងទៀតផងដែរ។

អ្នកចូលចិត្តអានសៀវភៅ និងអ្នកដែលមិនទាន់ចាប់ផ្ដើមអានសៀវភៅទាំងអស់ គួរតែមកចូលរួមពិព័រណ៍សៀវភៅធំបំផុត និងមិនធ្លាប់មានពីមុននៅកម្ពុជា ដែលនឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ៩ ខែមករា រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ អធ្រាត្រនៅ ផ្សាររុងរឿង ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

ហេតុអ្វីបានជាការអានសៀវភៅមានអត្ថប្រយោជន៍ ហើយយើងគួរតែបណ្ដុះទម្លាប់នៃការអានសៀវភៅបន្ថែមទៀតនោះ? ខាងក្រោមនេះគឺផលប្រយោជន៍ទាំង ១០ ដែលបានមកពីការអានសៀវភៅ៖

១. ដុះខាត់សតិរបស់អ្នក

តាមរយៈការផ្តោតអារម្មណ៍ ទៅលើពាក្យនៅក្នុងខ្សែរឿងនៃសៀវភៅ វារំញោចដល់ខួរក្បាលរបស់អ្នក។ ការរំញោចនេះ អាចជួយដុះខាត់សតិរបស់អ្នក ជាពិសេសផ្នែកនៃខួរក្បាលដែលទទួលខុសត្រូវ ចំពោះការផ្តោតអារម្មណ៍និងការវិភាគ។

២. បង្កើនវាក្យសព្ទ (ពាក្យ) ថ្មីៗ

នៅពេលអានសៀវភៅ អ្នកអាចនឹងជួបពាក្យថ្មីៗមួយចំនួន ដែលអ្នកមិនយល់ ឬមិនដែលស្គាល់ពីមុនមក ដែលអាចនាំឱ្យអ្នក ឈានទៅរកស្វែងរកនិយមន័យ នៃពាក្យទាំងនោះ។

៣. កាត់បន្ថយភាពតានតឹង

ការអាន និងផ្តោតលើពាក្យ ដែលសរសេរក្នុងសៀវភៅ អាចជួយបន្ធូរអារម្មណ៍របស់អ្នកពីសម្ពាធផ្សេងៗ ដោយសារតែ ទង្វើនេះវាបានទាញចិត្តរបស់អ្នក ឲ្យចាក់ចេញពីភាពតានតឹងទៅកាន់សៀវភៅនៅក្នុងដៃរបស់អ្នកវិញ។ ដូចនេះអ្នកអាចសម្រាក និងភាពតានតឹងដែលអ្នកមាននឹងរលាយបាត់។

៤. កាត់បន្ថយជំងឺបាក់ទឹកចិត្ត

ការអានសៀវភៅ ជាពិសេសសៀវភៅជួយខ្លួនឯង អាចជួយការពារកុំឲ្យ កើតមានជំងឺបាក់ទឹកចិត្ត។ ដូចគ្នាទៅនឹងការបន្ថយកម្រិតស្ត្រេសដែរ ការអានសៀវភៅ គឺបានរំញោចទៅផ្នែកនៃខួរក្បាល ដែលទាក់ទងនឹងការបាក់ទឹកចិត្តផងដែរ។

៥. ធ្វើអោយប្រសើរឡើងនូវការចងចាំ និងការផ្តោតអារម្មណ៍

ការអានសៀវភៅ យ៉ាងហោចណាស់តែបន្តិចមួយទំព័រក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ អាចជួយបង្កើនការផ្តោតអារម្មណ៍ និងមុខងារចងចាំរបស់អ្នក។ ការអានសៀវភៅ ជួយជំរុញខួរក្បាលឲ្យសកម្ម ជាពិសេសផ្នែកនៃខួរក្បាល ដែលជួយដល់ការចងចាំ និងការយកចិត្តទុកដាក់។

៦. ពង្រឹងសមត្ថភាពសរសេរអត្ថបទ

មិនថាអ្នកសរសេរអត្ថបទ សម្រាប់ការងារ ឬគ្រាន់តែដើម្បីភាពរីករាយនោះទេ ការអានសៀវភៅច្រើន អាចបង្កើនជំនាញ និងសមត្ថភាពក្នុងការសរសេររបស់អ្នក។ មានវិធីជាច្រើនដែលការអានសៀវភៅ អាចជួយពង្រឹងជំនាញក្នុងការសរសេររបស់អ្នក ហើយវិធីទាំងនេះកើតឡើងដោយឯកឯង សម្បីតែរូបអ្នកក៏មិនដឹងផង។

៧. បង្កើនការស្រមើលស្រមៃរបស់អ្នក

អ្នកនឹងពិចារណា អំពីពិភពលោកនិងតួអង្គ នៅក្នុងសៀវភៅប្រលោមលោក ដែលអ្នកកំពុងអាន។ ដោយសារតែពិភពលោកនិងតួអង្គ នៅក្នុងសៀវភៅ វាបានជំរុញផ្នែកនៃខួរក្បាលរបស់អ្នកដែលផ្ទុកដោយការស្រមើលស្រមៃ ត្រូវបានរំញោច ដែលបណ្តាលឱ្យភាពស្រមើលស្រមៃ កាន់តែដូចទៅនឹងរូបភាព និងពាក្យដែលសរសេរនៅក្នុងសៀវភៅ។

៨. ជួយឲ្យគេងលក់ស្កប់

ការអានសៀវភៅ បានជួយឱ្យអ្នកលំហែរអាម្មរណ៏ និងបំបាត់ភាពតានតឹង ដូចនេះ ការអានសៀវភៅ អាចជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ក្នុងដំណេក។ វាហាក់ដូចជាមិនគួរឲ្យជឿ តែជាការពិត ការអានពិតជាអាចជួយឱ្យអ្នកគេងលក់ស្រួលមែន។ បើមិនជឿអ្នកអាចសាកល្បងបាន។

៩. រីករាយជាមួយការកម្សាន្ត និងស្ងប់អារម្មណ៍

អ្នកអានសៀវភៅទាំងអស់ដឹងថា ការអានសៀវភៅអាចឲ្យមានអារម្មណ៍ស្ងប់ និងនាំឱ្យមានអារម្មណ៍ធូរស្បើយ។ តាមរយៈការបញ្ចូលអារម្មណ៍របស់អ្នក ទៅក្នុងសៀវភៅល្អណាមួយក្បាល អ្នកស្ទើរតែអាចមានអារម្មណ៍ថា ភាពតានតឹងឬកង្វល់ ទាំងឡាយត្រូវបានរលាយបាត់។

១០. ការអានសៀវភៅ ធ្វើឲ្យស្រស់ស្រាយនៅក្នុងជីវិតប្រចាំថ្ងៃ

សៀវភៅ អាចផ្ដល់នូវសេចក្តីរីករាយដល់ជីវិតប្រចាំថ្ងៃ។ ការអានសៀវភៅ គឺផ្ដល់នូវគុណប្រយោជន៍ដ៏ធំធេងទាំងសុខភាពផ្លូវចិត្ត និងរាងកាយ ហើយថែមទាំងអាចជួយឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកស្រស់ស្រាយផងដែរ។

ការអានសៀវភៅពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដូច្នោះសូមកុំខកខានឱកាសនេះ ក្នុងការស្វែងរកសៀវភៅថ្មីៗ ល្អៗ នៅក្នុងកម្មវិធីតាំងពិព័រណ៍សៀវភៅ Big Bad Wolf នៅទីក្រុងភ្នំពេញ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២០ ខែមករា ចាប់ពីម៉ោង៩ ព្រឹក ដល់ម៉ោង ១២អធ្រាត្រ នៅផ្សាររុងរឿង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ៕

រូបភាពផ្ដល់ជូន​ដោយ​ Big Bad Wolf

អត្ថបទ៖ វិបុត្រ

មតិយោបល់