• 2020-01-10 03:32:21
  • ការអប់រំ

ពិព័រណ៍សៀវភៅធំជាងគេ​បើកផ្លូវការហើយ ដើម្បី​បណ្ដុះទម្លាប់ការអាន​នៅស្រុកខ្មែរ

  • 2020-01-10 03:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍សៀវភៅ Big Bad Wolf Book ធំជាងគេ​នៅកម្ពុជា បាន​បើក​ឲ្យ​ចូលទស្សនាផ្លូវការ​ កាល​ពី​ថ្ងៃទី ៩ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួម​ជា​កិត្តយស​ពី​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ពិព័រណ៍សៀវភៅ ដ៏ធំ​ដំបូងគេ​នៅកម្ពុជា​ នឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង 9 ព្រឹក រហូតដល់ម៉ោង 12អធ្រាត្រ ចាប់ពីថ្ងៃទី 9 ខែមករា ឆ្នាំ 2020 ដល់ថ្ងៃទី20 ខែមករា ឆ្នាំ2020 នៅផ្សារបុរីរុងរឿង ស្ថិតនៅក្នុង ខណ្ឌជ្រោយចង្វារ។

ពិព័រណ៍សៀវភៅ Big Bad Wolf Book បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗ ចំនួន 1 លានក្បាល មកដាក់លក់បញ្ចុះតម្លៃចាប់ពី 50% រហូតដល់ 90% ក្នុងនោះមានសៀវភៅជាច្រើនប្រភេទរួមមានដូចជា សៀវភៅសម្រាប់កុមារ, សៀវភៅប្រលោមលោក, សៀវភៅរឿងពិត, សៀវភៅលក់ដាច់បំផុត, សៀវភៅប្រលោមលោកបែបវិទ្យាសាស្រ្ត, សៀវភៅស្នេហា, សៀវភៅអភិវឌ្ឍន៍ខ្លួនឯង, សៀវភៅក្រាហ្វិក, សៀវភៅអាជីវកម្ម, សៀវភៅស្ថាបត្យកម្ម, សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត។

លោក Andrew Yap សហស្ថាបនិកពិព័រណ៍ Big Bad Wolf Books បានថ្លែងថា៖ “យើងមិនមែន គ្រាន់តែជាពិព័រណ៍សៀវភៅនោះទេ។ យើងចាត់ទុកខ្លួនយើងជាស្ថាប័នមួយដែលធ្វើយុទ្ធនាការដើម្បីលើកកម្ពស់អក្ខរកម្មភាសាអង់គ្លេស។ បេសកម្មចម្បងរបស់យើង គឺដើម្បីផ្លាស់ប្តូរពិភពលោក ជាមួយសៀវភៅមួយក្បាល ក្នុងមួយម្តងដោយធ្វើឲ្យប្រាកដថា សៀវភៅរបស់យើង មានតម្លៃសមរម្យ និងអាចរកទិញបាន សម្រាប់មនុស្សគ្រប់រូប។ មានមនុស្ស ច្រើន ណាស់ដែលគ្មានលទ្ធិភាពក្នុងការទទួលបានសៀវភៅ ដោយសារតែតម្លៃរបស់សៀវភៅ។ វាពិតជាគួរឲ្យសោកស្តាយណាស់ ព្រោះតាមរយៈការអានសៀវភៅ អាចផ្លាស់ប្ដូរ ជីវិតរបស់ មនុស្ស និងជួយជម្រុញឲ្យពួកគេព្យាយាមសម្រេចនូវក្តីស្រមៃរបស់ខ្លួន។

Big Bad Wolf Books ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2009 ដោយស្ថាបនិកជនជាតិម៉ាឡេស៊ីចំនួន២រូប ដើម្បីអាចឲ្យប្រជាជនម៉ាឡេស៊ី អាចទទួលបាន សៀវភៅភាសាអង់គ្លេស ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។ នៅក្នុងឆ្នាំ 2016 ពិព័រណ៍សៀវភៅនេះ បានចាប់ផ្តើមរៀបចំធ្វើឡើងនក្រៅប្រទេស ដើម្បីធានាថា មនុស្សគ្រប់រូប មានលទ្ធិភាពក្នុងការទទួលបានសៀវភៅកាន់តែច្រើន តាមដែលអាចធ្វើបាន។ នៅក្នុងឆ្នាំ ២០១៩ ពិព័រណ៍នេះ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងចំនួន 32 នៅក្នុងប្រទេសចំនួន 10 ក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីភាគខាងត្បូង, មជ្ឈឹមបូព៌ា បានអាចទាក់ទាញអ្នកចូលរួមច្រើនជាង 5 លាននាក់។

លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 មានប្រសាសន៍ថា៖ “នេះគឺជាមោទនភាពមួយរបស់ប្រជាជនកម្ពុជា ដែលពិព័រណ៍សៀវភៅធំជាងគេលើពិភពលោក បានរៀបចំធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនាពេលនេះ។ នេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍ជំនាញនិងចំណេះដឹងរបស់ខ្លួនតាមរយ:ការអានសៀវភៅ។ ទន្ទឹមនឹងនេះ វានឹងបង្កើតទម្លាប់ក្នុងការអាន សៀវភៅ ដល់កុមារតាំងពីក្មេងវ័យ។ តម្រូវការសៀវភៅអង់គ្លេស កាន់តែច្រើនឡើងៗ នៅក្នុងស្រទាបយុវវ័យ ជំនាន់ថ្មី គឺជាកម្លាំងជំរុញផែនការរបស់យើង ក្នុងការនាំយកពិព័រណ៍សៀវភៅនេះ មកកាន់ប្រទេសកម្ពុជា”។

លោក អ៊ុក ចាន់ដារ៉ា បន្តទៀតថា៖ ”ក្នុងបរិបទបច្ចុប្បន្ននេះ ដើម្បីឲ្យប្រជាជនកម្ពុជាអាចរីកចម្រើននៅក្នុងសេដ្ឋកិច្ច​សកល​ភាវូប​នីយកម្ម និងដើម្បីអាចឲ្យប្រទេសកម្ពុជា អភិវឌ្ឍធនធានមនុស្សរបស់ខ្លួនបានឆាប់រហ័សនោះ យើងត្រូវបន្តធ្វើការឆ្ពោះទៅរកការធានាឱ្យបានថា មនុស្សជំនាន់ក្រោយ ទទួលបាននូវធនធានចំណេះដឹងដែលចាំបាច់ ដើម្បីកែលម្អអនាគតរបស់ខ្លួន ក៏ដូចជាអនាគតនៃប្រទេសជាតិផងដែរ។”

ស្របតាមគោលការណ៍របស់ពិព័រណ៍សៀវភៅ ដែលជឿជាក់ថាមនុស្សគ្រប់រូប គួរតែមានលទ្ធភាពទទួលបានសៀវភៅភាសាអង់គ្លេស ដែលមានគុណភាព មិនថាពួកគេស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ។ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 បានសហការជាមួយ បណ្ណាល័យបញ្ញវន្ត និងបណ្ណាល័យកណ្តាលរបស់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើជាដៃគូសម្រាប់កម្មវិធី ទំនួលខុសត្រូវចំពោះសង្គម (CSR) របស់ខ្លួនដែលមានឈ្មោះថា Red Readerhood ដើម្បីបរិច្ចាគសៀវភៅ ឲ្យទៅអ្នកដែលខ្វះខាត។ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យបរិច្ចាគសៀវភៅនៅបញ្ជរ Red Readerhood ដែលមានទីតាំងបន្ទាប់ពី បញ្ជរគិតលុយ នៅក្នុងសាលពិព័រណ៍។ សម្រាប់គំនិតផ្តួចផ្តើមនៅក្នុងកម្មវិធី Red Readerhood នេះ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សន្យាថា នឹងបរិច្ចាគសៀវភៅចំនួន ៥០០ ក្បាល ពីលើការបរិច្ចាគ ដែលប្រមូលបាននៅក្នុងកម្មវិធីពិព័រណ៍។

អត្ថបទ៖ វិបុត្រ

មតិយោបល់