• 2020-01-12 03:03:33
  • ព័ត៌មាន

នាយិកាក្រុមហ៊ុន AIA ប្រកាសប្តេជ្ញាចិត្តការពារគ្រួសារកម្ពុជា ឲ្យបានកាន់តែច្រើន នៅឆ្នាំ២០២០

  • 2020-01-12 03:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានប្រកាសពីភាពរីកចម្រើនដ៏ខ្លាំងក្លារបស់ខ្លួន​នៅ​អំឡុង​ឆ្នាំ​ ២០១៩ ហើយ​បាន​ប្ដេជ្ញា​ធ្វើ​ឲ្យ​កាន់តែប្រសើរ​ថែម​ទៀត ដើម្បី​ផ្ដល់​សុខមាលភាព​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែទូលំទូលាយ​ នៅ​អំឡុង​ឆ្នាំ ២០២០​។ នេះជា​ការប្រកាស​ប្ដេជ្ញាចិត្ត​របស់​ លោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែល​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ នៅអំឡុងពេល​ធ្វើ​សន្និសីទ​ នៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ កាល​ពី​ថ្ងៃទី ១១ ខែមករា ២០២០។

លោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន

កាលពីម្សិលមិញនេះ ថ្នាក់ដឹកនាំ បុគ្គលិក​ ភ្នាក់ងារ និងដៃគូនានារបស់ អាយ អេ បានជួបជុំគ្នារាប់ពាន់នាក់ ធ្វើ​ពិធីជួបជុំ​ដ៏​ធំមួយ​ ដើម្បីអបអរសាទរសមិទ្ធិផលជាវិជ្ជមានរបស់ទីប្រឹក្សាផែនការជីវិត AIA ក្នុងការជួយការពារហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា និងដើម្បីលើកទឹកចិត្តឲ្យក្រុមការងារបន្ដការ ការពារដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើន រួមមានលោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃសម្ព័ន្ធ អេ អាយ អេ និងលោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា។

លោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃសម្ព័ន្ធ អេ អាយ អេ

ចំនុចសំខាន់ដែលត្រូវបានសង្កត់ធ្ងន់ក្នុងកម្មវិធីនេះ គឺការរីកចម្រើនដ៏ធំធេងរបស់ក្រុមហ៊ុន។ នេះជាការឆ្លុះបញ្ចាំងពីលទ្ធផលការងារដ៏អស្ចារ្យរបស់ទីប្រឹក្សាផែនការជីវិត AIA ដែលបានពង្រីកវិសាលភាពរបស់ខ្លួនដល់ទៅ៤ដងធំជាងឆ្នាំមុន ជាមួយនឹងការរីកចម្រើននៃអាជីវកម្មដ៏គួរឲ្យកត់សម្គាល់របស់ក្រុមហ៊ុនពីមួយឆ្នាំទៅមួយឆ្នាំ។

លោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «ឆ្នាំ២០១៩ គឺជាពេលវេលាដ៏ពិសេសមួយសម្រាប់ អេ អាយ អេ ខេមបូឌា ដូច្នេះវាពិតជាស័ក្ដិសមបំផុត ដែលយើងចាប់ផ្ដើមទំព័រថ្មីនៃឆ្នាំ២០២០ ជាមួយនឹងការអបអរសាទរនូវសមិទ្ធិផលរបស់ឆ្នាំចាស់ និងត្រៀមខ្លួនសម្រេចឲ្យបាននូវលទ្ធផលឆ្នាំថ្មី ឲ្យកាន់តែប្រសើរថែមទៀត។ សមិទ្ធិផល ដែលគួរជាទីមោទនៈនោះ គឺការកើនឡើងយ៉ាងគួរឲ្យកត់សំគាល់នៅបុព្វលាភប្រចាំឆ្នាំ ដែលនេះជាការផ្តល់ទំនុកចិត្តយូរអង្វែងពីប្រជាជនកម្ពុជាចំពោះ អេ អាយ អេ ដើម្បីការពារសុវត្ថិភាពហរិញ្ញវត្ថុ និងសុខមាលភាពរបស់ពួកគាត់ជាច្រើនជំនាន់បន្តទៅមុខ។ ហើយយើងមិនអាចសម្រេចសមិទ្ធិផលនេះបាន ដោយមិនមានអ្នករាល់គ្នានៅ អេ អាយ អេ ឡើយ ជាពិសេសគឺទីប្រឹក្សាផែនការជីវិត AIA។»

ចាប់តាំងពីឆ្នាំ ២០១៧ ដែល អេ អាយ អេ បានបង្កើតឡើងនៅកម្ពុជា​ ស្ថាប័នមួយនេះបាន​រីកចំរើនជា៣ដង​ រីឯភ្នាក់ងាររបស់​ អេ អាយ អេ បានកើនឡើងចំនួន​៤ដង​ ស្មើនឹងសមាជិកជាង ១ពាន់នាក់។ ទាំងនេះជាលទ្ធផលដែលសម្រេចបាន​នៅអំឡុងឆ្នាំ ២០១៧ ដល់ ២០១៩។ លោកស្រី Pauline Teoh បានប្រាប់ក្រុមអ្នកសារព័ត៌មាន។

ជាការឆ្លុះបញ្ចាំងពីការថ្លែងអំណរគុណនេះ កម្មវិធីបានប្រកាសទីប្រឹក្សាផែនការជីវិត AIA ១៩នាក់ ដែលទទួលបានសមាជិកភាពបទដ្ឋានលំដាប់ពិភពលោក Million Dollar Round Table (“MDRT”) សម្រាប់ឆ្នាំ ២០១៩ ដោយមានលោកស្រី កែវ សុចិន្តា ដែលសម្រេចបាននូវបទដ្ឋានលំដាប់អន្តរជាតិកាន់តែខ្ពស់ជាងនេះទៅទៀតនោះ គឺ Court of the Table (“COT”) ដល់ទៅ​២ឆ្នាំ​ជាប់ៗគ្នា។

សមាជិកភាព MDRT ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាបទដ្ឋាននៃឧត្តមភាពក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ជូនទីប្រឹក្សាផែនការជីវិតដោយផ្អែកលើចំណេះដឹងវិជ្ជាជីវៈដ៏ហ្មត់ចត់ អាកប្បកិរិយាប្រកបដោយក្រមសីលធម៌ម៉ឺងម៉ាត់ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ ដើម្បីអាចក្លាយជាសមាជិកលំដាប់ COT ទីប្រឹក្សាផែនការជីវិតទាំងអស់ចាំបាច់ត្រូវមានផលិតភាពអាជីវកម្មរបស់ខ្លួន ៣ដងខ្ពស់ជាងលំដាប់ MDRT។

លោកស្រី កែវ សុចិន្តា បានលើកឡើង «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលខ្ញុំសម្រេចបាននូវផលិតភាពលំដាប់ Court of the Table ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។ នេះគឺជាសមិទ្ធិផលដ៏មានមោទនៈភាព ហើយខ្ញុំមិនអាចទទួលបាននូវភាពជោគជ័យនេះបានឡើយ ប្រសិនបើគ្មានទំនុកចិត្តពីអតិថិជន និងការជួយគាំទ្រពីក្រុមការងាររបស់ខ្ញុំនិង ក្រុមហ៊ុន អេ អាយ អេ ទាំងមូល។ ហើយឥឡូវនេះ ខ្ញុំប្តេជ្ញាចិត្តសម្រេចឲ្យបាននូវភាពជោគជ័យកាន់តែខ្លាំងក្លាជាងនេះទៅទៀតក្នុងឆ្នាំ ២០២០។»

ខ្លឹមសារសំខាន់ៗដែលបានលើកឡើងដោយ លោកស្រី Pauline Teoh និងលោក Tan Hak Leh បានគូសបង្ហាញអំពីផែនការជាច្រើនសម្រាប់ឆ្នាំនេះ ដោយផ្តោតសំខាន់លើការបង្កើតដំណោះស្រាយថ្មី ដែលផ្តល់អត្ថប្រយោជន៍បន្ថែម ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដើម្បីជួយការពារសុវត្ថិភាពហរិញ្ញវត្ថុរបស់អតិថិជនរយៈពេលវែង។ លើលពីនេះទៅទៀត ក៏មានការពង្រឹងការប្ដេជ្ញាចិត្តរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយប្រជាជនឲ្យរស់នៅដោយមានសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការជួយជ្រោមជ្រែងពីបុគ្គលិក ការផ្ដល់ជូនថ្មីៗ និងការគាំទ្រពីសម្ព័ន្ធ អេ អាយ អេ និងដៃគូអាជីវកម្មក្នុងស្រុក រួមមានធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុអម្រឹត។

សម្រាប់ឆ្នាំ ២០២០ នេះ ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ក៏បានលើកឡើងនូវគម្រោងពង្រីកវិសាលភាពបន្ថែមក្នុងប្រទេស បន្ទាប់ពីការសម្ពោធការិយាល័យនៅក្នុងខេត្តសៀមរាបកាលពីឆ្នាំកន្លងទៅថ្មីៗនេះ។ ការធ្វើដូច្នេះ នឹងផ្តល់ជូនប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត នូវឱកាសទទួលបានសេវាកម្មលំដាប់អន្តរជាតិ និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលឈានមុខគេរបស់ អេ អាយ អេ។

«បេសកកម្មរបស់យើង​នឹងប្ដេជ្ញាបន្ថែម​ទៀត​ដោយធ្វើយ៉ាងណា​ឲ្យ​សុខភាពរបស់ប្រជាជន​កម្ពុជាកាន់តែ​ប្រសើរ​ ដោយ​មាន​កិច្ចសហការ​នៅ​តាម​សាលារៀន និងមន្ទីរពេទ្យ​ជាច្រើន​ ដោយព្យាបាលជំងឺធ្ងន់ធ្ងរ​ និងការការពារ​សុខមាលភាព​របស់ប្រជាជន​យ៉ាងណា​ឲ្យ​បាន​ប្រសើរ​ទូទាំងប្រទេស។ ដូច្នេះនៅឆ្នាំ​២០២០​នេះ យើងនឹងពង្រីក​សាខារបស់យើង​ឲ្យ​កាន់តែច្រើន កាលពីឆ្នាំ ២០១៩ យើង​បានពង្រីកខ្លួន នៅ​ខេត្ត​សៀមរាប ដូច្នេះយើងនឹងពង្រីកទៅបណ្ដាខេត្តផ្សេងទៀត ដែលមានសក្កដានុពល​»។ លោកស្រី Pauline Teoh បាន​និយាយ។​

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ភូមា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៥៦ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៤លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែង របស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

អត្ថបទ៖​ វិបុត្រ

មតិយោបល់