• 2020-01-22 07:07:09
  • ព័ត៌មាន

ធ្ងន់ធ្ងរហើយ! ជំងឺឆ្លងប្រភេទថ្មីមកពីចិន រកឃើញដំបូងបង្អស់នៅសហរដ្ឋអាមេរិក

  • 2020-01-22 07:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​បញ្ជាក់​ថា​ពិត​ជា​រក​ឃើញ​មេរោគ​ឆ្លង​ប្រភេទ​ថ្មី​ពី​ប្រទេស​ចិន​ប្រាកដ​មែន​នៅ​ក្នុង​ដែន​ដី​របស់​ខ្លួន។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​អាមេរិក​ (CDC) ឲ្យ​ដឹង​ថា មេរោគ​ថ្មី​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន ត្រូវ​បាន​ពិនិត្យ​ឃើញ​នៅ​ក្នុង​ខ្លួន​ជនជាតិ​អាមេរិក​ម្នាក់​ដែល​ធ្វើ​ដំណើរ​មក​ទីក្រុង Seattle ក្រោយ​ចាក​ចេញ​ពី​ប្រទេស​ចិន។ មេរោគ​នេះ ត្រូវ​បាន​ឆ្លង​រីករាល​ដាល​ដំបូង​ពី​ទីក្រុង Wuhan ដែល​ចម្លង​ទៅ​កាន់​មនុស្ស​ជាង ៣០០​នាក់ និង៦​នាក់​បាន​ស្លាប់។ សម្រាប់​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​មេរោគ​ខាង​លើ​ក្នុង​សហរដ្ឋអាមេរិក ត្រូវ​បាន​រាយការណ៍​ថា​ជា​បុរស​វ័យ ៣០ឆ្នាំ ដែល​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ទីក្រុង Wuhan កាល​ពី​ថ្ងៃ​ទី ១៥​ខែ​មករា​កន្លង​ទៅ។

យោងតាម​សេចក្ដីថ្លែងការណ៍​របស់ CDC បន្ថែម​ទៀត​ថា "អ្នក​ជំងឺ​ខាង​លើ កំពុង​ទទួល​ការ​ព្យាបាល​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ ដោយ​មើល​តាម​ប្រវត្ដិ​ធ្វើដំណើរ និង​អាការ​របស់​អ្នក​ជំងឺ ក្រុម​ជំនាញ​សុខាភិបាល​បាន​សង្ស័យ​ពី​ជំងឺ​ឆ្លង​ប្រភេទ​ថ្មី​នេះ។ ក្រោយ​មក​ទៀត ក្រុម​អ្នក​ពិសោធន៍​បាន​ធ្វើ​ការ​បញ្ជាក់​ថា​ពិត​ជា​ជំងឺ​ឆ្លង​មក​ពី​ចិន​មែន កាល​ពី​ថ្ងៃ​ទី ២០​ខែ​មករា។”

គួរ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ស្វែង​រក​ឃើញ​ថា​នេះ​ជា​មេរោគ​ប្រភេទ​អ្វី​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​រោគ​សញ្ញា​របស់​វា​ស្រដៀង​ទៅ​នឹង​ជំងឺ SARS ដែល​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ ២០០៣ ដែល​ចម្លង​មនុស្ស​ជាង ៨​ពាន់​នាក់ និង​សម្លាប់ ៧៧៤​នាក់​ទៀត​ផង។ ជំងឺ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​ជា​ច្រើន ដោយ​ពួកគេ​ចាប់​ផ្ដើម​បង្កើន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ​ចូល​ក្នុង​ប្រទេស ដោយ​ដាក់​ឧបករណ៍​ស្កេន​កម្ដៅ​ខ្លួន​រក​រោគ​សញ្ញា​នៃ​មេរោគ មុន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់