• 2020-01-28 04:39:08
  • សេដ្ឋកិច្ច

ធនាគារ ABA និង ធនាគារឯកទេស វីង ចាប់ដៃគ្នាផ្ដល់ភាពងាយស្រួលលើការផ្ទេរប្រាក់ និងដាក់ប្រាក់

  • 2020-01-28 04:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែងាយស្រួលលើការផ្ទេរប្រាក់ និងដាក់ប្រាក់ទៅវិញទៅមករវាងធនាគារ ABA និង ធនាគារឯកទេស វីង បន្ទាប់ពីភាគីទាំងពីរ បានប្រកាសចាប់ដៃគ្នាជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២៨ ខែមករា នៅ Raffles Hotel Le Royal។

បើផ្អែកតាមសេចក្ដីប្រកាសព័ត៌មានពីភាគីទាំងពីរ គឺធនាគារ ABA និង ធនាគារឯកទេស វីង បានឲ្យដឹងថា តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារទំាងពីរ នឹងអាចផ្ទេរប្រាក់ពីគណនី វីង ទៅគណនី ABA ទៅវិញទៅមកបានយ៉ាងងាយស្រួល និងសុវត្ថិភាពបំផុត។ ការផ្ទេរប្រាក់ទៅវិញទៅមកនេះ អាចធ្វើទៅបានដោយគ្រាន់តែប្រើម្រាមដៃរបស់អ្នកចុចពីរ ឬបីដងនៅលើកម្មវិធី ABA Mobile និងកម្មវិធីស្មាតហ្វូន វីង តែប៉ុណ្ណោះ។

លើសពីនេះទៅទៀត ភាពជាដៃគូនេះអនុញ្ញាតឲ្យអតិថិជនធនាគារ ABA អាចបង់សងប្រាក់កម្ចីរបស់ពួកគាត់នៅតាមភ្នាក់ងារវីង ដែលនៅជិតបំផុតដោយមិនចំាបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខាធនាគារ ABA ណាមួយក៏បាន។ ដំណើរការនៃការបង់សងប្រាក់កម្ចីនេះ កាន់តែចំណាយពេលវេលាតិច និងមានភាពងាយស្រួល ដោយអតិថិជនអាចដាក់ប្រាក់ចូលគណនី ABA របស់ខ្លួនដោយផ្ទាល់តាមរយៈភ្នាក់ងារវីង ដែលមានជាង ៧ ៣០០ កន្លែងនៅទូទាំងប្រទេស ឬអាចផ្ទេរប្រាក់ពីគណនី វីង ទៅគណនី ABA នៅក្នុងកម្មវិធីស្មាតហ្វូនវីង នៅផ្នែកទូទាត់វក្ក័យបត្រ ឬប្រើ USSD កូដ *989# ក៏បាន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត បានមានប្រសាសន៍ថា “យើងតាំងចិត្តធ្វើឲ្យប្រាកដថា ប្រជាជនកម្ពុជានឹងទទួលបានភាពងាយស្រួល និងមានសុវត្ថិភាព នៅពេលដែលប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុចល័តមួយនេះ។ យើងមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលភាពជាដៃគូនេះ អាចឲ្យយើងបម្រើតម្រូវការផ្ទេរប្រាក់ និងដាក់ប្រាក់ដ៏សម្បូរបែបជូនដល់អតិថិជនរបស់យើងនៅទូទាំងប្រទេសកម្ពុជា និងជួយសន្សំសំចៃពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាខារបស់ធនាគារ”។

លោកបន្ថែមទៀតថា “សកម្មភាពនេះ បង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងក្នុងការផ្ដល់ជូនប្រជាជនកម្ពុជានូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មធនាគារផ្លូវការមួយដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់យើង និងបានជម្រុញឌីជីថល យេនឌ័រ ព្រមទាំងការដាក់បញ្ចូលហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ”។

លោក ឈុន វឌ្ឍនភក្ដី នាយកគ្រប់គ្រងអាជីវកម្មខ្នាតធំ នៃធនាគារឯកទេស វីង បានលើកឡើងដែរថា ការចាប់ដៃគូនេះ គឺការផ្ដល់សេវាកាន់តែធំទូលាយជាងមុន ដោយធនាគារឯកទេសវីង មានសាខារហូតដល់ ៧ ៣០០កន្លែង ហើយ ABA អត់ទាន់ទៅដល់ ដូច្នេះអតិថិជនអាចប្រើប្រាស់សេវានេះបានតាមរយៈវីង នៅគ្រប់ទីកន្លែង។ មួយទៀតនៅពេលអតិថិជនមាន APP របស់ស្ថាប័នទាំងពីរ គឺងាយស្រួលក្នុងការផ្ទេរទៅផ្ទេរមកបានយ៉ាងងាយស្រួល និងលឿន រហ័សទាន់ចិត្ត។

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានលើកឡើងដែរថា “យើងមានភាពរីករាយសូមប្រកាសជាផ្លូវការនូវភាពជាដៃគូរបស់យើងជាមួយធនាគារ Wing លើសេវាផ្ទេរប្រាក់ និងទូទាត់សងកម្ចី។ អតិថិជនរបស់យើងឥលូវនេះអាចដាក់ប្រាក់ចូលគណនី ABA របស់ពួកគេបានកាន់តែងាយស្រួល ព្រមទាំងអាចផ្ទេរប្រាក់ទៅទៅមករវាងកម្មវិធី Wing និងកម្មវិធី ABA Mobite ជាមួយតម្លៃសមរម្យ ហើយអាចប្រើប្រាស់សម្រាប់ការទិញទំនិញ ឬផ្ទេរប្រាក់ជូនបងប្អូនសាច់ញាតិរបស់ពួកគេបានថែមទៀតផង”។

លោកបានបន្ដថា “សេវាហិរញ្ញវត្ថុឌីជីថលដ៏ទំនើបរបស់ធនាគារ ABA មានសក្កដានុពលនាំមកនូវវឌ្ឍនភាពដ៏ធំទូលាយ ហើយខ្ញុំជឿជាក់ថា កិច្ចសហការរបស់យើងជាមួយធនាគារ Wing ដែលយើងប្រកាសនាថ្ងៃនេះ នឹងជួយជំរុញឲ្យកម្ពុជាយើងឆ្ពោះទៅរកសង្គមទំនើប ទូទាត់បែបឌីជីថល”។

បន្ថែមលើនេះ លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃធនាគារ ABA បាននិយាយប្រាប់អ្នកសារព័ត៌មានថា “តាមរយៈភាពជាដៃគូនេះ អតិថិជនដែលស្ថិតនៅតំបន់ឆ្ងាយៗ អាច ផ្ទេរប្រាក់ ដាក់ប្រាក់ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។ ទន្ទឹមនឹងនេះភាពជាដៃគូក៏ជាផ្នែកមួយទាក់ទាញអ្នកមិនទាន់មានគណនីរបស់ស្ថាប័នទាំងពីរងាកមកប្រើប្រាស់សេវារបស់ ABA និង វីង កាន់តែមានចំនួនច្រើនឡើង”។

ធនាគារឯកទេសវីង និងធនាគារ ABA ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារឯកទេសវីង តែងតែខិតខំប្រឹងប្រែងក្នុងការនាំផលិតផលប្រកបដោយភាពច្នៃប្រឌិតក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាដោយរួមបញ្ចូលទាំងអ្នកមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្ដាញធនាគារ។ ស្របពេលនេះដែរ ធនាគារ ABA ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្ដរជាតិ ជាធនាគារដែលឈានមុខគេនៅកម្ពុជា តាមរយៈការផ្លាស់ប្ដូរផ្នែកឌីជីថល ដោយផ្ដោតសំខាន់លើបច្ចេកវិទ្យា និងធនាគារចល័តប្រកបដោយភាពងាយស្រួល។

មតិយោបល់