• 2020-01-28 07:58:26
  • ព័ត៌មាន

ប្រយ័ត្នឲ្យមែនទែន! អ្នកជំនាញអាមេរិកអះអាងថា វីរុសកូរ៉ូណាអាចអូសបន្លាយពេលច្រើនខែ

  • 2020-01-28 07:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរុស​កូរ៉ូណា​​ដ៏​កាច​សាហារ​ដែល​ផ្ទុះ​ឡើង​នៅ​ចិន​ហើយ​រាល​ដាល​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត នឹង​ប៉ះពាល់​ដល់​មនុស្ស​យ៉ាង​ហោច ១០​ម៉ឺន​នាក់ និង​អូស​បន្លាយ​ពេល​ជា​ច្រើន​ខែ។ នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​នាក់ ផ្អែក​លើ​ទិន្នន័យ​បឋម។

យោង​តាម​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ Northeastern លោក Alessandro Vespignani ឲ្យ​ដឹង​ថា "ការ​ផ្ទុះ​ជំងឺ​នេះ នឹង​មិន​ត្រូវ​បញ្ចប់​នៅ​អាទិត្យ​ក្រោយ ឬ​ខែ​ក្រោយ​នោះ​ទេ។ វា​នឹង​អូស​បន្លាយ​ពេល​ជា​ច្រើន​សប្ដាហ៍ ឬ​ប្រហែល​រាប់​ខែ ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​វា​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។” ជាមួយគ្នាដែរ ក្រុម​អ្នក​ស្រាវជ្រាវ បាន​ប្រើគំរូគណិតវិទ្យាដើម្បីប៉ាន់ស្មានចំនួនករណីជាក់ស្តែងដូចជាកាលបរិច្ឆេទបច្ចុប្បន្ន ប្រៀបធៀបទៅនឹងការផ្ទុះ​ជំងឺ​កាលពីមុន ប៉ុន្តែសម្មតិកម្មរបស់ពួកគេជាច្រើននៅតែមិន​ជាក់​លាក់។

លើស​ពី​នេះ​ទៀត ពួកគេ​ជឿ​ថាអ្នក​ជំងឺ​ខ្លះ​អាច​ចម្លង​ដល់​មនុស្ស​ជា​ច្រើន​នាក់ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ចម្លង​តិច​តួច​ប៉ុណ្ណោះ។ យ៉ាង​ណាមិញ វិធានការណ៍​ផ្សេង​ៗ និង​ការ​ដាក់​អ្នក​ជំងឺ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក អាច​កាត់​បន្ថយ​ចំនួន​អ្នក​ឆ្លង​ជំងឺ​ និង​ការ​រីករាល​ដាល​ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់