• 2020-02-14 03:39:55
  • ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន៖ បើអ្នកនៅក្នុងនាវា WESTERDAM មានអ្នកជំងឺវីរុសកូរ៉ូណា នឹងអនុញ្ញាតឲ្យចូលចតលឿនបំផុត ដើម្បីព្យាបាលពួកគេ

  • 2020-02-14 03:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតបនឹង​សំណួរ​ថា ចុះបើមានជំងឺកូរ៉ូណានៅលើនាវា តើកម្ពុជាអនុញ្ញាតឲ្យចូលចតនៅកម្ពុជាដែរទេ? ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនបើមានអ្នកជំងឺនេះ នៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុត តាមដែលអាចធ្វើទៅបាន។ នេះជាការលើកឡើងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ដែលបានថ្លែងប្រាប់ត្រង់ទៅកាន់បណ្ដាអ្នកទេសចរណ៍ជាង ២ ០០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM និងសារព័ត៌មានជាតិ និងអន្ដរជាតិ កាលពីព្រឹកថ្ងៃទី ១៤ កុម្ភៈ ព្រឹកមិញនេះ។

នៅអំឡុងពេលដែលសម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅស្វាគមន៍អ្នកទេសចរណ៍នៅក្នុងនាវា WESTERDAM បានបញ្ជាក់ពី ដែលអនុញ្ញាតឲ្យនាវាចូលចតបើទោះបីជាមានអ្នកកើតជំងឺវីរុសកូរ៉ូណាថា «ប្រសិនបើមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺទាំងនោះស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសព តើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា នេះជាបញ្ហាអំពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលខុសត្រូវ របស់យើង ក្នុងយើងក្នុងនាម ជាសមាជិកសហគមន៍អន្ដរជាតិ»។

«ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថា ខ្ញុំមកទីនេះ ទោះបីរយៈពេលខ្លី តែខ្ញុំនឹងបញ្ជូនសារនេះ ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមន៍អន្ដរជាតិផងដែរ ពេលនេះមិនមែនជាពេលភ័យខ្លាច និងមិនមែនជាពេលវេលានៃការរើសអើងនោះទេ គឺជាពេលដែលយើងត្រូវរួបរួមសាមគ្គី ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។» សម្ដេចតេជោ មានប្រសាសន៍។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា «ខ្ញុំមកកាន់ទីនេះ ក៏ចង់ប្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យបានជ្រាបថា ប្រសិនបើខ្ញុំមកទទួលភ្ញៀវបរទេសដែលមាន ៤១ជាតិសាសន៍ បែរជាគ្រោះថ្នាក់ដល់ខ្លួនខ្ញុំ វាក៏ស័ក្ដិសមនឹងពលីកម្ម ដែលខ្ញុំធ្វើដើម្បីមនុស្សជាតិផងដែរ។ តើឲ្យយើងនិយាយពីសិទ្ធិមនុស្សយ៉ាងម៉េចទៅ បើសិទ្ធិរស់រានមានជីវិត មិនត្រូវបានគោរពផងនោះ»។

សម្ដេចតេជោ បានមានប្រសាសន៍បន្ដថា កម្ពុជាយកបញ្ហាសិទ្ធិមនុស្សជាចម្បង ហើយអ្វីដែលត្រូវគោរពបំផុតមុនដំបូងនោះ គឺការរស់រៀនមានជីវិត របស់មនុស្ស ដែលមានជាង ២ ០០០នាក់ នៅលើនាវានេះ ដែលមានរហូតដល់៤១ សញ្ជាតិ ហើយខណៈនេះ កម្ពុជាកំពុងធ្វើកិច្ចការទាក់ទងនឹងដំណើរការ នៃការគោរពសិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត សិទ្ធិគ្មានការរើសអើង សិទ្ធិវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ដោយសុវត្ថិភាព របស់ពួកគេ។

«ខ្ញុំគិតថា ប្រជាពលរដ្ឋយើងគួរយល់ ហើយមានមោទនភាព ហើយខ្ញុំអរគុណប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមលើកទឹកចិត្ត ហើយគាំទ្រការសម្រេចចិត្តរបស់ខ្ញុំ ឲ្យនាវានានេះបានមកចតនៅកម្ពុជា ។ តាមរយៈទឹកដីកម្ពុជា បងប្អូនលើនាវានេះ ទាំង៤១សញ្ជាតិ បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន ជួបជុំគ្រួសារ ពុំមានការភ័យខ្លាចនោះទេ»។ សម្ដេចថ្លែង។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានអរគុណស្ថានទូតសហរដ្ឋអាមេរិក ដែលបានទាក់ទងមកកាន់ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ទាំងក្រសួងការបរទេស និងអ្នកគ្រប់គ្រងកំពង់ផែ ហើយសម្ដេចបានយល់ព្រមឲ្យនាវានេះចូលចតនៅមុនម៉ោង 10 ថ្ងៃទី11 ខែកុម្ភៈ ២០២០។

ការអនុញ្ញាតឲ្យនាវាយកមួយនេះចូលចតលើទឹកដីកម្ពុជា ក្រោយពី កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សប្រមាណជា ២ ២០០នាក់ ក្នុងនោះអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

ទន្ទឹមនឹងការអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ភ្ញៀវទេសចរចំនួន២០នាក់ ដែលស្ថិតនៅលើកប៉ាល់ Westerdam ក្នុងចំណោមអ្នកដែលស្ថិតនៅលើកប៉ាល់ ជាង២ ០០០នាក់ ដែលមានបញ្ហាសុខភាពបន្ដិចបន្ដួច ដូចជាក្រពះ ពោះវៀន និងរាករូសជាដើម ត្រូវបានក្រុមគ្រូពេទ្យកម្ពុជាយកសំណាកទៅពិនិត្យដើម្បីតាមដាន សុខភាពរបស់ពួកគាត់ ហើយជាលទ្ធផលបានបង្ហាញហើយថា ពុំមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 នោះឡើយ។

សំណាក​ដឹកតាមឧទ្ធម្ភាចក្រ ពីខេត្តព្រះសីហនុ មក​ពិនិត្យ​វិទ្យាស្ថានប៉ាស្ទ័រ កាល​ពី​ថ្ងៃទី ១៣ កុម្ភៈ

ទាក់ទងនឹងវីរុសកូរ៉ូណា ដែលផ្ទុះឡើងដំបូងនៅប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បញ្ហាពិតប្រាកដរបស់កម្ពុជា មិនមែនជាវីរុសកូរ៉ូណានោះទេ គឺការភ័យខ្លាច។ រហូតមកទល់នឹងពេលនេះ ប្រទេសកម្ពុជាមិនមានអ្នកឆ្លងវីរុសកូរ៉ូណានោះឡើយ គឺគ្រាន់តែរកឃើញមាននៅលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។

ជនជាតិដែលមានជំងឺវីរុសកូរ៉ូណា មានឈ្មោះថា មោះ JIA JIANHUA ក៏ត្រូវបានកម្ពុជាព្យាបាលឲ្យជាសះស្បើយ បន្ទាប់ដាក់ឲ្យរស់នៅដាច់ដោយឡែក និងបានអនុញ្ញាតឲ្យមានសេរីភាពមកវិញ កាលពីថ្ងៃទី ១០ ខែកុម្ភៈ កន្លងទៅនេះ។

ទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់