• 2020-02-24 00:43:00
  • ព័ត៌មាន

ជួយកុមារក្រីក្រភ្លាមៗបាន តាមមុខងាររបរិច្ចាគក្នុងកម្មវិធីទូរស័ព្ទថ្មីរបស់ធនាគារស្ថាបនា

  • 2020-02-24 00:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីពង្រឹងភាពជាដៃគូបន្ថែមជាមួយនឹងមន្ទីរពេទ្យកុមារអង្គរ និង ដើម្បីជំរុញអោយមានការបរិច្ចាគបន្ថែម ធនាគារ ស្ថាបនា ពេលថ្មីៗនេះបានជម្រាបជូនអតិថិជនរបស់ខ្លួនដែលមានទឹកចិត្តសប្បុរសធម៌ អាចបរិច្ចាគថវិការយៈកម្មវិធី Sathapana Mobile។

ក្តីសង្ឃឹម និងការរំពឹងទុកលើកិច្ចសហប្រតិបត្តិការដើម្បីរៃអង្គាស ថវិកាជួយ ដល់ មន្ទីរពេទ្យ កុមារអង្គរ នឹងអាចចូលរួមចំណែកគាំទ្រ និងធ្វើឱ្យមាននិរន្តភាព លើប្រតិបត្តិការ របស់មន្ទីរ ពេទ្យ ក្នុងបេសសកម្មផ្តល់ជូនការព្យាបាលដល់កុមារកម្ពុជាគ្រប់រូប ប្រកបដោយគុណភាព ខ្ពស់ ដោយសេចក្តីមេត្តាករុណា និងដោយឥតគិតថ្លៃ។ លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “ធនាគារ ស្ថាបនា ពិតជាមានមោទនភាព និងការសប្បាយរីករាយក្រៃលែង ដែលបានចូលរួមចំណែកគាំទ្រយ៉ាងពេញទំហឹងដល់មន្ទីរពេទ្យកុមារអង្គរ ដោយផ្តល់លទ្ធភាពដល់អតិថិជន បុគ្គលិក និងសាធារណជនទូរទៅដែលមានទឹកចិត្តចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ជាពិសេសជួយដល់មន្ទីរពេទ្យកុមារអង្គរដោយអាចធ្វើការបរិច្ចាគ ដោយភាពងាយស្រួល រហ័ស ទាន់ចិត្ត សុវត្ថិភាព តាមរយៈកម្មវិធី Sathapana Mobile។ លោកបានបន្តទៀតថា ធនាគារ ស្ថាបនា សូមកោតសរសើរចំពោះការងារ និងការលះបង់ដ៏ធំធេងរបស់បុគ្គលិក នៃមន្ទីរពេទ្យកុមារអង្គរទាំងអស់ចំពោះការយកចិត្តទុកដាក់ និងព្យាបាលជូនកុមារកម្ពុជាដោយស្នាមញញឹម ប្រកបដោយក្តីមេត្តាករុណា មានក្រមសីលធម៌វិជ្ជាជីវៈ និងផ្តល់ជូនការថែរទាំ ការព្យាបាលប្រកបដោយគុណភាពខ្ពស់ រហូត ជាសៈស្បើយពីជំងឺ”។ លោកបានបន្ថែមទៀតថា វាជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ធនាគារ ចំពោះទំនួលខុសត្រូវក្នុងសង្គម ធនាគារ ស្ថាបនា នឹងបន្តគាំទ្រវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដែលផ្តល់សេវាសុខាភិបាលសម្រាប់ប្រជាជនកម្ពុជាដែលមានការខ្វះខាត។

លោក ទេព ណាវី នាយកប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “មន្ទីរ ពេទ្យរបស់យើងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាពិនិត្យព្យាបាល អប់រំ និងបណ្តុះ បណ្តាលជំនាញវេជ្ជសាស្ត្រដល់បុគ្គលិកសុខាភិបាល និងធ្វើសកម្មភាពអប់រំបង្ការ នៅតាម សហគមន៍ សាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផងដែរ។ ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យកុមារអង្គរផ្តល់សេវាពិនិត្យព្យាបាលជូនកុមារកម្ពុជា ចន្លោះពី៤០០ទៅ៥០០នាក់។

ចាប់តាំងពីការបើកបម្រើរសេវាពិនិត្យព្យាបាលនៅឆ្នាំ១៩៩៩មកទល់នឹងពេលបច្ចុប្បន្ន មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការព្យាបាលជូនកុមារកម្ពុជាប្រមាណជាង២លាន៥សែនករណីដល់កុមារកម្ពុជាទូទាំងប្រទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាលវេជ្ជសាស្រ្តដល់គិលានុ បដ្ឋាយិកា និងវេជ្ជបណ្ឌិតរាប់រយនាក់ផងដែរ។ យុទ្ធនាការសប្បុរសធម៌ដ៏ធំនិងជាការផ្តួចផ្តើមថ្មីដែលមិនធ្លាប់មានពីមុនមករបស់ធនាគារ ស្ថាបនា ជាមួយមន្ទីរពេទ្យកុមារអង្គរ នឹងបង្កើនឱ្យមានការយល់ដឹងព្រមទាំងបង្ហាញពី បេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរក្នុងកិច្ចការមនុស្សធម៌នេះផងដែរ។ ស្របពេលជាមួយ គ្នានេះ វារំលេចឱ្យឃើញពីតំរូវការជំនួយដែលត្រូវធ្វើការរៃអង្គាសដើម្បីឧបត្ថម្ភគាំទ្រដល់ មន្ទីរពេទ្យក្នុងការបន្តបេសកកម្មបម្រើសេវាពិនិត្យព្យាបាលជូនកុមារកម្ពុជាដែលកំពុងត្រូវការជាចាំបាច់។

ក្នុងឆ្នាំ២០២០នេះ មន្ទីរពេទ្យកុមារអង្គរត្រូវការថវិកាចំនួន៦លាន៥សែនដុល្លាអាមេរិកដើម្បីឧបត្ថម្ភគាំទ្រលើតម្រូវការទាំងមូលរបស់មន្ទីរពេទ្យ។ ហើយថវិកាទាំងអស់នេះគឺទទួលបានពីការរៃអង្គាសទាំងក្នុងប្រទេសកម្ពុជា និងពីក្រៅប្រទេស តាមរយៈការរៀបចំជាព្រឹត្តិការ ដើម្បីរៃអង្គាសនិងការដាក់គម្រោងសំណើរទៅតាមក្រុមហ៊ុន និងតាមស្ថាប័នមូលនិធិផ្សេងៗទៀត។ នៅក្នុងឆ្នាំ២០១៩កន្លងទៅ មន្ទីរពេទ្យកុមារអង្គរបានផ្តល់សេវាពិនិត្យព្យាបាលជូនដល់ កុមារចំនួន ១៣៥ ៤៨៨នាក់ក្នុងចំណោមកុមារទាំងអស់នេះមាន ជម្ងឺដូចជា ជម្ងឺ រលាកផ្លូវ ដង្ហើម ជម្ងឺគ្រុនឈាម ឆ្កែឆ្គួតខាំ អូទីសឹម និងជម្ងឺផ្សេងៗទៀត។ ក្រៅតែពីការផ្តល់សេវា ព្យាបាល មន្ទីរពេទ្យកុមារអង្គរបានផ្តល់សេវាអប់រំវេជ្ជសាស្រ្តទៅដល់ វេជ្ជបណ្ឌិត ចំនួន៨០នាក់ គិលានុបដ្ឋាយិកាចំនួន៥៩៥នាក់ និងផ្តល់ការអប់រំបង្ការជូនទៅសហគមន៍ មណ្ឌលសុខភាព និងសិស្សានុសិស្សសរុបចំនួន ១០៥ ៥១៩នាក់។

ជិះកង់ដើម្បីស្នាមញញឹមកុមារកម្ពុជា

ក្នុងទិវានៃក្តីស្រលាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ គណគ្រប់គ្រង ធនាគារ ស្ថាបនា ច្រើនជាង២០០នាក់ បានចូលរួមក្នុងការជិះកង់ដើម្បីប្រមូលថវិកាទៅមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។ ក្នុងទិវាជិះកង់ដើម្បីស្នាមញញឹមកុមារកម្ពុជា ធនាគារ ស្ថាបនា បាន ប្រមូលថវិកាសរុបចំនួន២០លានរៀល។

អតិថិជន អាចបរិច្ចាគថវិកាមកកាន់ មន្ទីរពេទ្យកុមារអង្គរ ដែលរហ័ស និងងាយស្រួល តាមរយៈ Sathapana Mobile ដូចខាងក្រោម៖

១. សូមចូលទៅកាន់ Sathapana Mobile ២. សូមជ្រើសចុចយកប៊ូតុង “ការបរិច្ចាគ“ ៣. សូមជ្រើសយកពាក្យ ថា “មន្ទីរពេទ្យកុមារអង្គរ” ៤. សូមវាយបញ្ចូល ចំនួនថវិកាដែលលោកអ្នកចង់បរិច្ចាគ ៥. សូមជ្រើសយក គណនីដើម្បីបរិច្ចាគ ( បើលោកអ្នក មានគណនីស្ថាបនាលើសពី១ ) ៦. បន្ទាប់មក លោកអ្នកអាចបន្ថែម កំណត់សំគាល់ ប្រសិនបើមានត្រូវការ ៧. សូមត្រួតពិនិត្យព័ត៌មានលម្អិតឡើងវិញ បន្ទាប់មក ចុច ពាក្យ “ បព្ជាក់“ ៨. ចុងក្រោយបញ្ចូល លេខសំងាត់ និងជ្រើសរើសពាក្យថា “ទូទាត់“ ជាការស្រេច

អត្ថបទ៖ រ័ត្ន

មតិយោបល់