- 2020-03-22 03:58:25
- ព័ត៌មាន
អ្នកស្ម័គ្រចិត្តជាង ១០០នាក់ ប្រាប់បទពិសោធន៍ចាក់វ៉ាក់សាំង Covid-19 ដំបូងគេនៅចិន
- 2020-03-22 03:58:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្ម័គ្រចិត្តជាង ១០០នាក់ ប្រាប់បទពិសោធន៍ចាក់វ៉ាក់សាំង Covid-19 ដំបូងគេនៅចិន
ចន្លោះមិនឃើញ
អ្នកស្ម័គ្រចិត្តចំនួន ១០៨នាក់មកពីទីក្រុង Wuhan បានធ្វើការរៀបរាប់បទពិសោធន៍របស់ខ្លួនក្រោយទទួលការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 មុនដំបូងគេបង្អស់។
ដំណើរការចាក់វ៉ាក់សាំងសាកល្បងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលមានរយៈពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះក្រោយពេលដែលក្រុមហ៊ុនឱសថ CanSino Biologics បានអភិវឌ្ឍវាឡើងដោយរួមសហការជាមួយយោធាចិន ហើយត្រូវបានបើកភ្លើងខៀវដោយរដ្ឋាភិបាលក្រុងប៉េកាំង។ យោងតាមព័ត៌មានដែលបានចុះផ្សាយនៅលើបញ្ជីឈ្មោះសាកល្បងព្យាបាលរបស់ចិនឲ្យដឹងថា អ្នកស្ម័គ្រចិត្ត ១០៨នាក់ទាំងក្មេងទាំងចាស់អាយុចាប់ពី ១៨-៦០ឆ្នាំ ត្រូវបានបែងចែកជា ៣ក្រុម។ ក្នុងមួយក្រុមមាន ៣៦នាក់ ដោយក្រុមនីមួយៗត្រូវបានចាក់វ៉ាក់សាំងក្នុងបរិមាណខុសគ្នាដោយមានតិច, មធ្យម និងច្រើន។
យោងតាមស្ត្រីវ័យក្មេងឈ្មោះ Xiao Mi ដែលបានចាក់វ៉ាក់សាំងក្នុងបរិមាណតិចឲ្យដឹងថា "មានមនុស្ស ២នាក់ក្នុងក្រុមរបស់យើង ដែលបានឡើងកម្ដៅខ្លួនដល់ ៣៨អង្សា (ក្រោយចាក់វ៉ាក់សាំង) ហើយអ្នកខ្លះទៀតមានអាការរាគរូស។” ស្ត្រីរូបនេះបន្ថែមថា "ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចទ្រាំទ្រជាមួយឥទ្ធិពលនៃវ៉ាក់សាំងនេះបាន ហើយខ្ញុំចង់យកឈ្នះវាដើម្បីលះបង់សម្រាប់មនុស្សទូទៅ។”
យ៉ាងណាមិញ សាស្រ្តាចារ្យផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យឃ្វីនលែនក្នុងប្រទេសអូស្ត្រាលីលោក Roy Hall ឲ្យដឹងថាបើទោះបីជាដំណើរការសាកល្បងចាក់វ៉ាក់សាំងធ្វើទៅលឿនក៏ដោយ ប៉ុន្តែវានឹងត្រូវការពេលបន្ថែមទៀត មុនដែលអាចផលិតក្នុងបរិមាណច្រើននិងដាក់ឲ្យប្រើប្រាស់ជាសាធារណ។ សាស្ត្រាចារ្យរូបនេះ បន្ថែមថាវានឹងត្រូវការចាប់ពី ៦-៩ ខែដើម្បីធ្វើតេស្ដវ៉ាក់សាំង ដូច្នេះមានន័យថាការផលិតវ៉ាក់សាំងមួយ ត្រូវចំណាយពេលដល់ ១ឆ្នាំចាប់តាំងពីការរកឃើញធាតុបង្កជំងឺ៕