• 2020-03-24 01:52:11
  • ព័ត៌មាន

ABA ក្លាយជា “ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ២០២០” របស់ទស្សនាវដ្តី Global Finance

  • 2020-03-24 01:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំងបីនៅក្នុងប្រទេសកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ប្រកាស​ថ្ងៃនេះថា ធនាគារត្រូវបានប្រសិទ្ធនាមជា "ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020” ពីទស្សនាវដ្តី Global Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក។ ធនាគារ ABA បានទទួលពានរង្វាន់កំពូលសម្រាប់ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះតម្រូវការរបស់អតិថិជន ហើយសម្រេចបានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត។

ការជ្រើសរើសទាំងអស់ត្រូវបានធ្វើឡើងដោយនិពន្ធនាយករបស់ទស្សនាវដ្តី Global Finance បន្ទាប់ពីការប្រឹក្សាយ៉ាងល្អិតល្អន់ជាមួយនឹងនាយកប្រតិបត្តិហិរញ្ញវត្ថុសាជីវកម្មទូទាំងពិភពលោក។ លក្ខខន្តិកវត្ថុវិស័យសម្រាប់ការជ្រើសរើសនេះ រួមមាន នវានុវត្តន៍ផលិតផល និងសេវាកម្ម ទំនាក់ទំនងយុទ្ធសាស្រ្ត ការអភិវឌ្ឍអាជីវកម្មថ្មី ផលចំណេញ និងការពង្រីកភូមិសាស្រ្តអាជីវកម្ម។ រីឯលក្ខខន្តិកប្រធានវិស័យ រួមមាន យោបល់របស់អ្នកវិភាគសមភាព អ្នកវិភាគចំណាត់ថ្នាក់ឥណទាន អ្នកប្រឹក្សាវិស័យធនាគារ និងអ្នកផ្សេងៗទៀតនៅក្នុងឧស្សាហកម្មនេះ។

យោងតាមទស្សនាវដ្តី Global Finance ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ ABA បញ្ជាក់តាមរយៈកំណើនថេរគ្រប់សូចនាករហិរញ្ញវត្ថុទាំងអស់ រួមមាន ទ្រព្យសកម្មសរុប បញ្ញើ និងកម្ចីដែលបានដាក់ជូនគណៈកម្មាធិការវាយតម្លៃ។ ក្នុងឆ្នាំ២០១៩ ទ្រព្យសកម្មសរុបរបស់ធនាគារ ABA បានកើនឡើង ៦០% ធៀបនឹងចុងឆ្នាំ ២០១៨ និងស្មើនឹង ៤,៤ ប៊ីលានដុល្លារ ចំណែកផលបត្របញ្ញើបានកើនឡើង ៥៥% ដល់ចំនួន ៣,៤ ប៊ីលានដុល្លារ និងផលបត្រកម្ចី កើនឡើងដល់ ២,៨ ប៊ីលានដុល្លារ ស្មើនឹងកំណើន ៥០% ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “ពានរង្វាន់នេះជាភស្តុតាងបង្ហាញពីភាពជាអ្នកដឹកនាំរបស់ធនាគារ ABA។ យើងបន្តវិនិយោគជំនាញរបស់យើងទៅលើប្រព័ន្ធអេកូ ទូលំទូលាយរបស់យើង ហើយអតិថិជនរបស់យើងទទួលបានការចូលប្រើប្រាស់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលតាមរយៈបណ្តាញសាខាធនាគារ សេវាធនាគារអនឡាញ និងធនាគារស្វ័យសេវាដ៏ទំនើបរបស់យើង។ នេះជាការរួមចំណែករបស់យើងដល់ការបន្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ហើយនេះជាសេចក្ដីសោមនស្សមួយពេលដែលយើងដឹងថា កិច្ចប្រឹងប្រែងរបស់យើងត្រូវបានទទួលស្គាល់ជាធនាគារឆ្នើមពីទស្សនាវដ្តី Global Finance។ យើងសូមចែករំលែកកិត្តិនាមនេះដល់អតិថិជនដ៏មានតម្លៃរបស់យើងសម្រាប់ទំនុកចិត្ត និងការគាំទ្រពេញលេញរបស់ពួកគេចំពោះគំនិតផ្តួចផ្តើមរបស់យើងខ្ញុំ។”

“ពិភពលោកឈានដល់ដំណាក់កាលដែលហានិភ័យបន្តកើនឡើងជាលំដាប់។ អំឡុងពេលនេះ ធនាគារត្រូវធ្វើជាតួអង្គសំខាន់ក្នុងការជួយដល់សង្គម” ប្រសាសន៍របស់លោក Joseph D. Giarraputo នាយកបោះផ្សាយ និងនិពន្ធនាយករបស់ Global Finance។ “ធនាគារ ដូចជា ABA ដែលត្រូវបានប្រសិទ្ធនាមជាធនាគារដ៏ឆ្នើម ដោយ Global Finance អាចជាទីពឹងក្នុងកាលៈទេសៈបែបនេះ និងដើម្បីគាំទ្រដល់អតិថិជន” លោកបានបន្ថែម។

សូមបញ្ជាក់ថា ទស្សនាវដ្តី Global Finance បង្កើតឡើងនៅឆ្នាំ១៩៨៧ មានចរាចរណ៍ចំនួន ៥ម៉ឺនច្បាប់ និងមានអ្នកអាននៅ ១៨៨ ប្រទេស។ អ្នកអានទស្សនាវដ្តី Global Finance រួមមាន មន្ត្រីជាន់ខ្ពស់ផ្នែកសាជីវកម្ម និងហិរញ្ញវត្ថុដែលទទួលខុសត្រូវក្នុងការធ្វើការសម្រេចចិត្តនានាទាក់ទងនឹងការវិនិយោគ និងយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនចម្រុះជាតិសាសន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ គេហទំព័ររបស់ទស្សនាវដ្តី— GFMag.com — ផ្តល់នូវការវិភាគ និងអត្ថបទដែលជាកេរដំណែលនៃបទពិសោធ ៣៣ឆ្នាំ នៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ទស្សនាវដ្តី Global Finance មានទីស្នាក់ការនៅទីក្រុងញ៉ូវយក និងមានការិយាល័យនៅជុំវិញពិភពលោក។ ទស្សនាវដ្តី Global Finance ជ្រើសរើសជាទៀងទាត់នូវធនាគារកំពូលៗក្នុងចំណោមធនាគារ និងគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុនានា។ ពានរង្វាន់ទាំងអស់នេះបានក្លាយជាបទដ្ឋានឧត្តមភាពដែលអាចទុកចិត្តបានសម្រាប់សហគមន៍ហិរញ្ញវត្ថុសកលលោក៕

មតិយោបល់