• 2020-03-24 03:05:55
  • ព័ត៌មាន

ប្រាសាក់ បរិច្ចាគ​ប្រាក់ ១០០លាន​រៀល ចូលរួម​ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

  • 2020-03-24 03:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបរិច្ចាគទឹកប្រាក់ចំនួន ១០០លានរៀល ជូនចំពោះគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ សូមចូលរួមជាកម្លាំងផ្នែកមួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ បង្ការ និងព្យាបាលជំងឺកូវីដ១៩ ដើម្បីសុវត្ថិភាព និងសុខភាពប្រជាជនកម្ពុជា។

លោក សូនី បន្ត «ក្រៅពីការរួមចំណែកជាថវិកាជាមួយរដ្ឋាភិបាល ប្រាសាក់ ក៏បានដាក់ចេញជាវិធានការជាបន្ទាន់ និងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់បុគ្គលិក និងអតិថិជន ដោយបានអនុវត្តវិធានផ្នែកអនាម័យល្អ និងសុវត្ថិភាព ដូចជា ការត្រួតពិនិត្យវាស់ស្ទង់សីតុណ្ហភាពរបស់បុគ្គលិក និងអតិថិជនទាំងអស់មុននឹងចូលក្នុងអគារប្រាសាក់ ការលាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូឬអាល់កុលលាងដៃ ការពាក់ម៉ាស់ ការរក្សាគម្លាតនៃការប្រាស្រ័យទាក់ទង និងការសម្អាតការិយាល័យជាប្រចាំ»។

ប្រាសាក់ ក៏បានផ្សព្វផ្សាយពីវិធីបង្ការកូវីដ១៩ តាមប័ណ្ណផ្សាយ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយ ផលិតវីដេអូខ្លីដែលផ្សាយតាមទំព័រហ្វេសប៊ុកប្រាសាក់ និងផលិតឯកសារអប់រំក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ផ្សេងទៀតជូនដល់បុគ្គលិកនិងអតិថិជនទាំងអស់ ដើម្បីបញ្ជ្រាបការយល់ដឹងនិងចូលរួមប្រយុទ្ធនឹងការចម្លងជំងឺដ៏កាចសាហាវនេះ។

លើសពីនេះ ប្រាសាក់ ក៏បានលើកទឹកចិត្តឱ្យអតិថិជននិងសាធារណជនងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលវិញ ក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ ដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក-ភ្លើង ស្គេនទូទាត់តាម QR កូដ តាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ និងសេវាទូទាត់ឆ្លងធនាគារតាមកម្មវិធីបាគងនៅលើទូរសព្ទដៃ ដើម្បីចៀសវាងការប្រើប្រាស់សាច់ប្រាក់ដែលមិនចាំបាច់ ដែលអាចមានជាប់បាក់តេរី និងវីរុស ជាយថាហេតុ។

លោកបន្តថា «ក្នុងពេលវេលាដ៏លំបាកនេះ តាងនាមថ្នាក់គ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ប្រាសាក់ ខ្ញុំបាទសូមគោរពជូនពរចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់ៗគ្នា។ សូមចូលរួមសកម្មភាពការពារខ្លួនអ្នកផ្ទាល់ និងក្រុមគ្រួសារ។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ 19 និងរក្សាបានសុវត្ថិភាពខ្ពស់ទាំងអស់គ្នា!»។

មតិយោបល់