• 2020-04-09 03:38:47
  • ព័ត៌មាន

ឆ្នាំ​២០២០​នេះ ផ្លែ​ប៊័រ​មណ្ឌលគិរី ទិន្នផល​ពុំសូវល្អ​ និង​ស្ងាត់​អ្នកបញ្ជា​ទិញ​

  • 2020-04-09 03:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណាំ​ប៊័រ​ជា​ប្រភេទ​ដំណាំ​មួយ​ដែល​កសិករ​នៅ​ខេត្តមណ្ឌលគិរី​បាននិងកំពុង​ពេញនិយម​ដាំ ព្រោះតែ​ទិន្នផលរបស់​វា​មាន​តម្រូវការ​និង​ទីផ្សារ​បញ្ជា​ទិញ​ច្រើន​លើសពី​ផល​កសិករ​ប្រមូលបាន​ទៅទៀត ប៉ុន្តែ​នៅ​ដើមរដូវ​ប្រមូល​ផល​ប៊័រ​ឆ្នាំ ២០២០​នេះ កសិករ​បានលើកឡើង​ថា​ ទិន្នផល​ប៊័រ​ពុំសូវល្អ​ដូច​រៀងរាល់ឆ្នាំ​ទេ រីឯ​ទីផ្សារ​ប្រមូល​ទិញ​ក៏​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​ដែរ អាចមកពី​ជំងឺឆ្លង​កូ​វីដ​១៩ ធ្វើ​ឲ្យ​ពលរដ្ឋ​ពុំ​សូវ​ចេញ​ក្រៅ​ផ្ទះ និង​ពុំ​សូវ​មាន​អ្នក​មក​ទិញ​ប៊័រ​ដល់​ចម្ការ​ដូច​ឆ្នាំមុន​។​

លោក អ៊ុក ញៀន មាន​ដំណាំ​ប៊័រ​ប្រហែល​ជាង​១០០​ដើម នៅ​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ បាន​ប្រាប់ថា អាចមកពី​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើ​ឲ្យ​ទិន្នផល​ប៊័រ​នៅ​ចម្ការ​លោក​ពុំ​សូវ​មាន​អ្នកទិញ​ច្រើនៗ​ដូច​មុន​។ ចំណែកទិន្នផល​ប៊័រ​ក៏​ពុំសូវល្អ ព្រោះ​ផ្លែ​ប៊័រ​តូចៗ ផល​ក៏​មិនបាន​ច្រើន​ប៉ុន្មាន​ដែរ មកពី​ភ្លៀង​ធ្លាក់​តិច ​បូករួម​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំងផង​។ លោក​បន្តថា ដំណាំ​ប៊័រ​នេះ​វា​ត្រូវការ​អាកាសធាតុ​ត្រជាក់ និង​ទឹកភ្លៀង​ច្រើន​ល្មម ទើប​វាចេញ​ផ្លែផ្កា​បានល្អ ប៉ុន្តែ​ទោះជា​មាន​បញ្ហា​បន្តិចបន្តួច​នេះ​ក្ដី ក៏​នៅ​ដើមរដូវ​ប្រមូល​ផល​នេះ​លោក​អាច​ប្រមូល​ផល​បាន​ជិត ១​តោន ​ហើយ​លក់​ជូន​អតិថិជន និង​អាច​លក់បាន​ក្នុងតម្លៃ​ទីផ្សារ​ដូច​ឆ្នាំមុនៗ គឺ​ចន្លោះ​ពី​៧​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល តាម​ការបញ្ជាទិញ​តិច​ឬ​ច្រើន​។

លោក អ៊ុក ញៀន បន្តទៀតថា ដើម​ប៊័រ​ចាប់ផ្ដើម​ចេញ​ផ្កា​ចាប់ពី​ខែមករា ហើយ​ក្នុងអំឡុង​ខែមីនា​-​មេសា នឹងមាន​ផ្លែបេះ​លក់បាន ក្រោយពេល​បេះ​ផ្លែ​អស់​ម្ដង វា​នឹង​ចាប់​ផ្ដើមចេញ​ផ្លែផ្កា​ម្ដងទៀត​រហូតដល់​ខែសីហា ទើប​ផុត​រដូវ​ប្រមូល​ផល​។ លោក​បញ្ជាក់ថា ទោះជា​ទីផ្សារ​បញ្ជា​ទិញ​ទិន្នផល​ប៊័រ​ធ្លាក់ចុះ​បន្តិច ប៉ុន្តែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ប៊័រ​នៅតែមាន​អ​តិ​ថិ​ជន​ចាំទទួល​ទិញ និង​មិនអាច​ជ្រុះ​ចោល​គ្មាន​ទីផ្សារ​នោះទេ​។

​លោក​បញ្ជាក់ទៀតថា ប៊័រ​ក្នុង​១​ដើម​ជាទូទៅ​គឺអាច​ទទួលបាន​ផល​ចន្លោះ​ពី​៣០​ទៅ​៧០​គីឡូ អាស្រ័យ​លើ​ដើម​ប៊័រ មាន​អាយុ​តិច ឬ​ច្រើន ដោយ​ដំណាំ​នេះ​ចាប់ផ្ដើម​ហុច​ផល​នៅ​ឆ្នាំ​ទី​៤ ប៉ុន្តែ​នៅ​ឆ្នាំ​ទី​៥​ទី​៦ ទើប​ទទួលបាន​ផល​ច្រើន​។ ដំណាំ​ប៊័រ​គឺអាច​ដាំ​បានតែ​លើ​ផ្ទៃដី​ក្រហម និង​នៅ​តំបន់​ដែលមាន​អាកាសធាតុ​ត្រជាក់​ប៉ុណ្ណោះ ខុស​ពីនេះ​គឺអាច​ដាំ​បាន ប៉ុន្តែ​មិន​ចេញ​ផ្លែ​ទេ មានតែ​ស្លឹក​។

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី លោក សុង ឃាង បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ដើមឆ្នាំ​២០២០​នេះ នៅ​ទូទាំង​ខេត្តមណ្ឌលគិរី មាន​ដាំ​ដុះ​ដំណាំ​ប៊័រ​សរុប​ចំនួន​២០៥​ហិកតា កើន​លើស​ឆ្នាំមុន​៤៧ ហិកតា និង​ពុំទាន់​មាន​ដាំ​ជា​លក្ខណៈ​ចម្ការ​ធំ​នោះទេ មាន​ត្រឹម​លក្ខណៈ​គ្រួសារ​ចន្លោះ​ពី​១​ហិកតា ទៅ​៥​ហិកតា ។ លោក​បញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តែ​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​ប៉ុណ្ណោះ ដែលមាន​ផ្ទៃដី​និង​អាកាសធាតុអំណោយផល​ដល់​ការបង្កបង្កើន​ផលដំណាំ​ប៊័រ​នេះ​ជាងគេ​៕

ប្រភព៖ រស្មីកម្ពុជា អត្ថបទ៖ សាត​ ចាន់​បុត្រ

មតិយោបល់