- 2015-10-08 17:13:38
- ព័ត៌មាន
"វត្តស្វាយ" ខេត្តកំពង់ធំ មានបិណ្ឌម៉្យាងហៅបិណ្ឌក្រមុំ-កំលោះ
- 2015-10-08 17:13:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"វត្តស្វាយ" ខេត្តកំពង់ធំ មានបិណ្ឌម៉្យាងហៅបិណ្ឌក្រមុំ-កំលោះ
ចន្លោះមិនឃើញ
ជារឿងមួយដែលប្រិយមិត្ត Sabay មួយចំនួនមិនធ្លាប់ដឹងនោះ គឺបិណ្ឌកំលោះ-ក្រមុំ ឬ បិណ្ឌយុវវ័យ។ បិណ្ឌនេះ មាននៅ "វត្តស្វាយ" ស្ថិតក្នុងភូមិស្វាយ ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ។
រូបតំណាង
លោក អៀង ប៊ុនថេងរស់នៅភូមិស្វាយប្រាប់ថា បិណ្ឌកំលោះ-ក្រមុំ ជាបិណ្ឌដែលបុរសនារី មិនទាន់មានប្ដី ឬប្រពន្ធ រួមទាំងស្ត្រីមេម៉ាយ និងបុរសពោះម៉ាយ ជាអ្នកធ្វើចង្ហាន់ទៅវត្ត ប្រគេនព្រះសង្ឃ ខណៈចាស់ៗមិនបាច់យកបាយម្ហូបអ្វីទៅឡើយ។
បុរសវ័យ ៤១ ឆ្នាំថ្លែងថា បិណ្ឌកំលោះ-ក្រមុំ ធ្វើមុនថ្ងៃឆ្លងបុណ្យភ្ជុំ (ឬថ្ងៃបង្ហើយ) មួយថ្ងៃ។ "ថ្ងៃហ្នឹងសុទ្ធតែក្រមុំកំលោះ...គេសុំមួយថ្ងៃ ដើម្បីជួបជុំគ្នាសប្បាយ និងធ្វើបាយសម្លទៅវត្ត...ចាស់ៗមិនចាប់យកបាយម្ហូបទៅទេ ហើយបាយរាប់បាតអី ក្មេងៗជាអ្នកចាត់ចែងឱ្យទាំងអស់"។
លោក ប៊ុនថេង បន្តថា វត្តស្វាយទម្លាប់កាន់បិណ្ឌកំលោះក្រមុំយូរមកហើយ បើគិតមកដល់ពេលនេះ ប្រហែលប្រាំពីរទៅប្រាំបីឆ្នាំ ចំណែកអ្នកចូលរូមមាន អ្នករស់នៅភូមិជីអោក ភូមិស្វាយ ភូមិកំញាត និង អ្នកមកពីស្រុកភូមិផ្សេងៗទៀត។
មិនមែនមានតែវត្តស្វាយទេ វត្តប្រាសាទនៅឃុំប្រាសាទ ស្រុកសន្ទុក និងវត្តនៅក្បែរនោះ ក៍កាន់បិណ្ឌនេះដែរ។ កញ្ញា លក្ខិណា បានប្រាប់ Sabay ថា៖ "វត្តប្រាសាទធ្វើដែរ តែខ្ញុំអត់ដែលទៅទេ ហើយបើតាមដឹង វត្តខ្ញុំគ្រប់វត្តធ្វើ តែមិនដឹងថា គេធ្វើពីពេលណាទេ"។
ថ្ងៃព្រហស្បតិ៍ទី ៨ ខែតុលានេះ ជាថ្ងៃកាន់បិណ្ឌទី ១១ ហើយបិណ្ឌកំលោះ-ក្រមុំនៅវត្តស្វាយ នឹងធ្វើឡើងនៅថ្ងៃទី ១១ ខែតុលា ត្រូវនឹងថ្ងៃទី ១៤ រោច ខែភទ្របទ។ ចំណែកថ្ងៃបង្ហើយ ឬប្រជាពលរដ្ឋខ្មែរតែងហៅថាភ្ជុំធំនោះ គឺធ្វើនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃទី ១៥ ខែភទ្របទ។
ក្រៅពីវត្តស្វាយ ស្រុកបារាយ ខេត្តកំពង់ធំ តើវត្តណាទៀតធ្វើបិណ្ឌនេះដែរ? បើមានសូមប្រិយមិត្តជួយប្រាប់ផង។
អត្ថបទ៖ អ៊ុំ សុភក្តិ