• 2017-10-07 03:04:57
  • ព័ត៌មាន

កម្ពុជា​រំពឹង​ស្រូប​បាន​ភ្ញៀវ​ទេសចរ​ជប៉ុន​ជាង​ ៣០ម៉ឺន​នាក់​នៅឆ្នាំ ​២០២០​

  • 2017-10-07 03:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍​បានដាក់ផែន​ការ​យុទ្ធសាស្ត្រ​ ទីផ្សារ ​នឹង​ជម្រុញការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជប៉ុន​ឲ្យ​បាន​ជាង​ ៣០​ម៉ឺននាក់​ក្នុងឆ្នាំ ​២០២០ ​ស្របពេល​ដែល​កម្ពុជាក៏រំពឹងទទួល​ទេសចរ​អន្តរជាតិ​សរុប​ ៧លាន​នាក់​។

ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​នៃក្រសួង​ទេសចរណ៍​ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពីការ​ផ្សព្វផ្សាយ​ទេសចរណ៍​ និងការទាក់​ទាញ​ទេសចរ​ជប៉ុនមក​ទស្សនាកម្ពុជា​ ​នៅសណ្ឋាគារ​ Empress Angkor ​ក្រុងសៀមរាប ម្សិលមិញនេះថា ​កិច្ចសហការ​របស់មជ្ឈមណ្ឌល​អាស៊ាន­ជប៉ុន បាននាំ​មកនូវអត្ថ​ប្រយោជន៍​សេដ្ឋកិច្ច​ សង្គម ​ការយល់​ដឹងអំពី​តម្លៃវប្បធម៌​ និងប្រយោជន៍​ ​ក្នុង​ការ​​រួមចំណែក​​ដល់ការ​អភិវឌ្ឍ​ធានមនុស្ស​ ក្នុងវិស័យ​ទេសចរណ៍​កម្ពុជា​ ។  ​

ទន្ទឹង​នឹងនេះ​ ​អ្នកធ្វើការ​នៅក្នុង​វិស័យ​ទេសចរណ៍​ ​ស្ថាប័ន​ទាំង​ឯកជន និងរដ្ឋ​ទាំងអស់​ គប្បី​ស្វែងយល់​អំពីភាសា​ ប្រវត្តិសាស្ត្រ​ វប្បធម៌​ របៀបនៃ​ការរស់នៅ​ប្រពៃណី ​ចរិកលក្ខណៈ និន្នាការ​នៃ​កំណើន​ទេសចរជប៉ុន​ ​ក៏ដូចជា​តម្រូវការ​ជាក់ស្ដែង​របស់​ទីផ្សារ​ទេសចរណ៍​ជប៉ុនឲ្យ​បាន​ច្បាស់ នោះ​ទើប​ការអនុវត្ត​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធិភាព​។ ឯកឧត្តម​​រដ្ឋមន្ត្រី​គូស​បញ្ជាក់​បន្ថែម​។

(ទេសចរ​ជប៉ុន​ ជីះលើខ្នងដំរី)

​ឯកឧត្តម​​រដ្ឋមន្ត្រីឲ្យដឹង​ថា​ ​បច្ចុប្បន្ន​ទេសចរណ៌​ប្រទេស​ទាំងពីរ​សម្រេច​បានការ​តភ្ជាប់​ជើង​ហោះ​ហើរត្រង់​ ពីជប៉ុន​មកកម្ពុជា​ ​ដែលបានរួម​ចំណែក​ធ្វើឲ្យ​មានកំណើនភ្ញៀវ​ទេសចរជប៉ុន ​មកទស្សនា​កម្ពុជា ​បានចំនួន ១៩១ ៥៧៧នាក់​ កាលពីឆ្នាំ២០១៦​ កន្លងទៅ ​ឈរ​លំដាប់​លេខរៀងទី៧​ ផងដែរ ។ ឯកឧត្តម​​​រំពឹង​ឆ្នាំ​ ២០២០ ​កម្ពុជា​នឹងទទួល​បានភ្ញៀវ​ទេសចរ​ជប៉ុនប្រមាណ​ ៣០ ម៉ឺននាក់​។

គូសបញ្ជាក់ថា​ ​រយៈពេល ​៨ខែដើម​ឆ្នាំ២០១៧​ កម្ពុជា​ទទួល​បានភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​ចំនួន ​៣ ៥៣៦ ៥៣០នាក់ ​កើនឡើង​ ១១.៨% ​ធៀបនឹង​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ២០១៦។ ​តាម​ការព្យាករណ៍ កម្ពុជា​នឹងទទួល​បាន​ទេសចរ​​អន្តរជាតិ​ប្រមាណ ៥លាន ៤សែននាក់នៅឆ្នាំ២០១៧​និង​ចំណូល​សរុប​ប្រមាណ​ ៥ពាន់​លានដុល្លារ​អាមេរិក​ ហើយ​បង្កើន​​ឱកាស​ការងារបាន​ប្រមាណ ​១លាននាក់ ​និង​រំពឹងថា ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា ​​នឹងឈាន​ដល់​ ៧លាននាក់​ នៅ​ឆ្នាំ២០២០៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់