• 2018-01-22 10:14:50
  • ការអប់រំ

​អាយុ​២០​​ឆ្នាំ​ បើនៅលាដៃសុំលុយម៉ែង៉ូចៗ ប្រញាប់ធ្វើរឿង​៥យ៉ាងនេះ​ភ្លាម

  • 2018-01-22 10:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក ចាង ប៊ុនលាង ​ស្ថាបនិក​ហាង​កាហ្វេ​ Brown ក្នុងស្រុក​មួយ​មានឈ្មោះ​បោះ​សម្លេង​ក្នុងវិថី​ជំនួញ​ លោក​បាន​ចូលរួម​ចែករំលែក​គំនិត​មាន​តម្លៃ​ជាច្រើនដល់​យុវជន​ដើម្បី​ធ្វើខ្លួន​ឲ្យក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​របស់​សង្គម​ជាតិ​។ ទន្ទឹមនឹង​នោះ​ ​​លោក ​បាន​លើក​ឡើងនូវ​ពាក្យ​មួយ​ឃ្លា៖ " ​ធ្វើជា​​សិស្ស​ល្អ​​ ​មិន​មែន​ពូកែ​អាន​តែ​សៀវភៅ​នោះទេ" ត្រង់ចំណុច​នេះ លោក​ពន្យល់​ថា ​​អាន​សៀវភៅ​ហើយ​យក​មក​អនុវត្ត​នោះទើប​ធ្វើ​ឲ្យជីវិត​មាន​ប្រសិទ្ធិភាព។ ប៉ុន្តែ​ដើម្បី​បន្ថែម​គុណភាព​ជីវិត​កាន់តែ​ជោគជ័យ​លើផ្លូវ​ដ៏​វែងឆ្ងាយ​ យុវជន​គួរ​មាន​គោលដៅ​ច្បាស់​លាស់ ​​អម​ជាមួយ​ដំណើរ​​ក្បួន​ខាង​ក្រោម​នេះ​៖​​​

១. ​ចាប់​ផ្ដើម​ដើរ​រកថ្មី​ៗ

ស្វែង​រក​ដំណើរ​ជីវិត​បែប​ថ្មី ​ជាស្ទីល​របស់​ខ្លួន​។ ​ផ្លាស់​ប្ដូរ​ទម្លាប់​ខ្ជិល​ច្រអូស​ ចាប់​ផ្ដើម​ទម្លាប់​ឧស្សាហ៍​ព្យាយាម​ មាន​វិន័យ​ផ្ទាល់​ខ្លួន និង​ដាច់​ខាត​មិនត្រូវ​មាន​លេស​កុហក​អ្វីដែល​ខ្លួនចង់​ធ្វើឡើយ​។ ​ឧទារហណ៍​ថា​ អ្នក​ចង់​ពូកែ​និយាយ​លើ​វេទិកា​សាធារណៈ​ ដូច្នេះ​ មួយ​ថ្ងៃ​ត្រូវ​ចំណាយ​ពេល​​អាន​សៀវភៅ​ឲ្យ​បាន​ ១​ទៅ ២ម៉ោង និង​ឧស្សាហ៍​ចូល​ក្លឹបសិក្សា​ចែករំលែក​ចំណេះដឹង​ជាមួយ​មិត្តភក្តិ។​ ​ ២. កុំ​គេច​បញ្ហា​

​មនុស្ស​ពូកែ ​គឺជាមនុស្ស​មិន​រអាល​នឹង​បញ្ហា​ និង​ហ៊ាន​សម្រេច​ចិត្ត​ដោយ​សុទិដ្ឋ​និយម(គិតវិជ្ជមាន)​។ ជាមួយ​គ្នានោះ​ មនុស្ស​ពូកែ​ចូលចិត្ត​ធ្វើ​ការ​ច្រើន​​ធ្វើ​​លឿន​ និង​ឯករាជ​។ ​ចំណែក​មនុស្ស​គេច​បញ្ហា គឺជា​មនុស្ស​ធម្មតា​ចូលចិត្ត​ធ្វើការ​តិច​ ចង់​សុខ​ស្រួល ខ្លាចហត់ ខ្លាច​ការ​ផ្លាស់​ប្ដូរ​ និង​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​។

៣. ធ្វើ​រឿ​ង​ពិបាកៗ​​ឲ្យក្លាយ​ជា​ទម្លាប់​

មនុស្ស​ជោគជ័យ​ជាច្រើន​ ចូល​ចិត្ត​ធ្វើ​រឿង​ពិបាក​ៗ​ ធ្វើ​វា​ឲ្យក្លាយ​ជាទម្លាប់​ប្រចាំ​ថ្ងៃ ធ្វើ​ហើយ​ធ្វើ​ទៀត​ធ្វើឲ្យ​ស៊ាំដៃ​។ បន្ទាប់​មក​ផ្ដើម​ធ្វើរឿង​ផ្សេងៗ ​ដែល​ជម្រុញ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​មាន​តម្លៃ និង​មាន​ជំនឿ​ចិត្ត​មុះ​មុត​ជានិច្ច​។

៤. ​ចេះ​សន្សំ​​

​ត្រូវ​មាន​គំនិត​សេដ្ឋកិច្ច ​ចេះ​បែង​ចែក​ចំណូល​ដែល​មាន​ ជាពិសេស​នោះ​បើ​លោកអ្នក​មិនទាន់​មាន​គំនិត​វិនិយោគ​ ឬរកស៊ី​អ្វី​នោះ​ទេ ​ដំបូង​ត្រូវតែ​ចេះ​សន្សំ​ទុក​មុន​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២០ ទៅ ២៥ ​ភាគរយ​នៃ​ចំណូល​សរុប​។

៥. មាន​ដៃគូ​ល្អ​

ត្រង់​ចំណុច​នេះ​ វា​សំខាន់​សម្រា​ប់អ្នក​ត្រង់​ថា​ អ្នក​ត្រូវ​មាន​ទំនាក់​ទំនង​ជា​មនុស្ស​ដែល​អាច​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ល្អ។ សេពគប់​មនុស្ស​ជុំវិញ​ជាបណ្ឌិត​ នោះ​អ្នក​នឹង​ក្លាយ​ជា​បណ្ឌិត ​បើស្គាល់​អ្នក​ជំនួញ​ អ្នក​នឹង​ក្លាយ​ជា​​សហគ្រិន​ ប៉ុន្តែបើ​ស្គាល់​មនុស្ស​ពាលា ​ប្រាកដ​ណាស់​ថា​ អ្នក​នឹង​ក្លាយ​ជនបាត​សង្គម​ដែរ​។ ម្យ៉ាងការរើសដៃគូជីវិតក៏ដូចគ្នា យុវជនកុំស្វែងរកដៃគូស្រឡាញ់តែមួយគ្រា ប៉ុន្តែត្រូវគិតចំណេះដឹង​ ចំណេះធ្វើ និងទំនួលខុសត្រូវ៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់