• 2018-02-05 03:01:46
  • ព័ត៌មាន

នាំគ្នាសម្រុកទិញដីស្មានត្រូវប៉ាន់មួយរំពេច ដឹងអីព្រលានយន្តហោះថ្មីអត់សង់ក្នុងឆ្នាំនេះផង

  • 2018-02-05 03:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​សម្រេច​បោះទុន​ជាង​ ១ ៥០០លាន​ដុល្លារ ​ទើប​ប្រកាស​យក​​ទីតាំង​នៅ​ក្រុង​តាខ្មៅ​មាន​ផ្ទៃដី​រហូត​ដល់​ ២ ៦០០ ​ហិកតា ខណៈការ​សាង​សង់​នឹង​មិន​អាច​ធ្វើ​បាន​​នៅ​ក្នុង​ឆ្នាំ​នេះ​ឡើយ។​

​​ឯកឧត្តម ​កែវ ស៊ីវន ​អគ្គនាយក​បច្ចេកទេស​នៃអាកាស​ចរណ៍​កម្ពុជា​ បាន​ប្រាប់​ Sabay ​ឲ្យ​ដឹង​ថា៖ «​គម្រោង​ត្រូវការ​ធ្វើជា​ជំហានៗ​ ​មិនអាច​សាងសង់​ភ្លាម​នៅ​ឆ្នាំនេះបាន​ទេ»។ ​ឯកឧត្តមថា ការ​ចុះ​ហត្ថ​លេខា​ថ្ងៃ​មុន​នោះ​ គឺជា​ជំហាន​ដំបូងជួប​គ្នារវាង​ថ្នាក់​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ ​បន្ទាប់​មកគឺ​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​។ ​

នៅជំហានទី២​ ​គេត្រូវ​កំណត់​ដីមួយ​ពិតប្រាកដ​ ​ធ្វើការ​សិក្សា ​Master Plan (ប្លង់មេ) ​គូរប្លង់​ ​និង​បញ្ជូន​ឲ្យ​ក្រុម​បច្ចេកទេស​ ដោយ​ជំហាន​នេះ​អាច​ប្រើ​ពេលជិត​មួយឆ្នាំ​ ឬ​២ឆ្នាំ​។ ​ចុង​ក្រោយ​ ​បញ្ជូនMaster Plan ឲ្យឆ្លងប្រមុខរដ្ឋាភិបាល ហើយ​កែសម្រួល​រួចរាល់ ​សឹម​សម្រេច​សាងសង់​តាមក្រោយ​។ ​អគ្គនាយក​បច្ចេកទេស​ បញ្ជាក់។

(រូបតំណាង)

​បន្ទាប់​ពី​មាន​ការ​ប្រកាស​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី នៅ​ស្រុក​កណ្ដាល​ស្ទឹង ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ​កំពុង​ធ្វើ​ឲ្យ​ដី​តំបន់​នោះ​ឡើង​ថ្លៃ​ខ្លាំង​យ៉ាង​គំហុក​ជា​រៀងរាល់​ថ្ងៃ​។ ​ជាសារ​ចែក​រំលែក​ដល់​​ពលរដ្ឋខ្មែរ​មួយ​ចំនួន​ លោក គីម ហ៊ាង ​អ្នកជំនាញ​ក្នុងវិស័យ​អចលនទ្រព្យ​មួយរូប​​ បាន​លើក​ឡើង​ថា ឈ្មួញ ឬ​អ្នក​មាន​លុយ​មួយ​ចំនួន​ចង់​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ​ គួរត្រិះរិះនូវពីរ​ចំណុច​ដូច​ខាង​ក្រោម៖

(លោក គីម ហ៊ាង)

១. ចំពោះ​ឈ្មួញ ទៅ​ទិញ​ដី​នៅ​តំបន់​ស្រុក​កណ្ដាល​ស្ទឹង បើ​ទិញ​បាន​ហើយ​ត្រូវ​លក់​វិញ​ភ្លាម​កុំ​ទុក​យូរ​ឲ្យ​សោះ។ ហេតុផល​នេះ ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា និយាយ​ថា ក្នុង​កាលៈទេសៈ​កំពុង​ជ្រួលជ្រើម​ខ្លាំង​បែប​នេះ​ ដី​កំពុង​ហក់​ឡើង​ថ្លៃ​ខ្ពស់ គួរ​លក់​ចេញ​វិញ​ភ្លាម​ៗយកចំណេញតែម្ដង ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ច្បាស់​ថា នឹង​មាន​ការ​ប្រែប្រួល​បែប​ណា​នោះ​ទេ។ ការ​ទិញដីស្ថិតក្នុងគម្រោង គឺជារឿងដ៏ប្រថុយបំផុត។

២. អ្នក​មាន​ល្មមៗ​សូម​កុំ​លក់​ផ្ទះ លក់​ឡាន ឬ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ទៅ​ទិញ​ឲ្យ​សោះ លោក គីម ហ៊ាង បញ្ជាក់​ថា ចំពោះ​រកស៊ី​ខាង​ដី​ធ្លី លុះ​ត្រា​តែ​អ្នក​សល់​លុយ​ច្រើន​តែ​ម្ដង ពោល​អ្នក​មាន​ខ្លាំង។ ចំពោះ​អ្នក​មាន​ល្មមៗ បើ​ហ៊ាន​លក់​ទ្រព្យ​ទិញ​ដី គឺ​ជា​រឿង​ដ៏​ប្រថុយ​ប្រថាន និង​ប្រឈម​ហានិភ័យ​ខ្ពស់​បំផុត។ ករណី​ដី​លក់​មិន​ចេញ ស្ថានភាព​សេដ្ឋកិច្ច​ប្រែប្រួល​ភ្លាមៗ ដី​ជាប់​គាំង នោះ​ប្រាកដ​ជា​ស៊យ​ធំ​មិន​ខាន។ «​បើ​អ្នក​មាន​ខ្លាំង គេ​សល់​លុយ​ច្រើន គេ​ចេះ​តែ​ប្រថុយៗ​ទៅ ទោះ​មាន​បញ្ហា​អ្វី​ក៏​មិន​អី​ដែរ»។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត ពី​ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE៕ ​

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់