
- 2018-03-02 02:53:44
- ព័ត៌មាន
ភ្ញាក់ផ្អើល! កំណាយក្នុងល្អាងនៅបាត់ដំបង រកឃើញពីជីវិតរស់នៅរបស់មនុស្សរាប់ពាន់ឆ្នាំមុន
- 2018-03-02 02:53:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! កំណាយក្នុងល្អាងនៅបាត់ដំបង រកឃើញពីជីវិតរស់នៅរបស់មនុស្សរាប់ពាន់ឆ្នាំមុន
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវកម្ពុជា និងបារាំងបានធ្វើកំណាយនៅក្នុងល្អាងស្ពានដែលមានអាយុកាលប្រហែល ៧០០០ឆ្នាំ ស្ថិតនៅក្នុងភ្នំទាក់ទ្រាំង (ពីមុនឈ្មោះភ្នំនាគត្រង់) នៅខេត្តបាត់ដំបង និងបានរកឃើញ វត្ថុប្រើប្រាស់ និង សពមនុស្សដែលមានអាយុកាលរាប់ពាន់ឆ្នាំ។
អ្វីដ៏គួរឲ្យភ្ញាក់ផ្អើលនោះ ក្នុងកំណាយស្វែងរកប្រភពសកម្មភាពនៃការរស់នៅរបស់មនុស្ស ក្នុងល្អាងខាងលើ ក្រុមអ្នកស្រាវជ្រាវ កម្ពុជា និងបារាំង បានប្រទះឃើញសកម្មភាពក្នុង ៣ដំណាក់កាល៖
ទី១- ដំណាក់កាលថ្មបំបែក ស្ថិតក្នុងជម្រៅជ្រៅ និងមានអាយុកាលប្រហែល ៧ម៉ឺនឆ្នាំ។
ទី២- ដំណាក់កាលថ្មបំបែកមួយទៀត ដែលភាសាបច្ចេកទេសហៅថា វប្បធម៌ហាវប៊ិនញៀន ដោយរកឃើញរបស់របរប្រើប្រាស់ ដូចជា ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយ (អង្កាំ និងកងដៃធ្វើពីថ្ម និងបន្តោងខ្សែកធ្វើពីចង្កូម) និងសំណល់ឆ្អឹងសត្វ មានអាយុកាលពី ៥ពាន់ ទៅ ១ម៉ឺនឆ្នាំ។
ទី៣- ដំណាក់កាលរកឃើញកន្លែងកប់សព មានន័យថា ក្រោយពីវប្បធម៌ថ្មបំបែក មនុស្សមួយក្រុមទៀត ដែលស្ថិតក្នុងយុគថ្មរំលីង ចេះធ្វើកសិកម្ម លែងរស់នៅក្នុងល្អាងនេះ ហើយបានយកល្អាងស្ពានធ្វើជាកន្លែងកប់សព។ រហូតមកដល់ពេលនេះ ក្រុមស្រាវជ្រាវបានរកឃើញសពចំនួន ៦ហើយ ដោយផ្នូរនីមួយៗមានអាយុ ៣ពាន់ឆ្នាំ។
បើតាមលោក ហេង សុផាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថាការស្រាវជ្រាវល្អាងខាងលើ ធ្វើឡើង ៣ដំណាក់កាលគឺ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១២, ចាប់ពីឆ្នាំ២០១៣ ដល់ ២០១៦ និងចាប់ពីឆ្នាំ២០១៧ ដល់ ២០២០ ហើយក្រោយបញ្ចប់ការស្រាវជ្រាវ គេនឹងបោះពុម្ពផ្សាយលទ្ធផល ជា ៣ភាសា គឺ ខ្មែរ បារាំង និងអង់គ្លេស។
ល្អាងស្ពាន ស្ថិតក្នុងភូមិគីឡូ៣៨ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ធ្វើដំណើរពីផ្លូវជាតិលេខ៥៧ ចម្ងាយ ៣គីឡូមែត្រ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានភ្ញៀវទេសចរអន្តរជាតិ ទៅទស្សនាមានប្រមាណ ១០០នាក់ ក្នុងមួយឆ្នាំៗ ។ សម្រាប់ការធ្វើកំណាយល្អាងនេះ ត្រូវធ្វើឡើងលើកដំបូងដោយលោកស្រី សេស៊ីល ម៉ូរ៉េ និងលោករ៉ូឡង់ ម៉ូរ៉េ នៅទសវត្សរ៍១៩៦០។ រាល់របស់របរនានា ដែលត្រូវបានរកឃើញ ត្រូវរក្សាទុកក្នុងសារមន្ទីរខេត្តបាត់ដំបង៕