• 2018-05-29 08:15:29
  • ស្នេហា

បុរសឥណ្ឌាស្នេហ៍ស្រីស៊ុយអែត លក់ខ្ទេចខ្ទី ទិញកង់ជិះជិត ១ម៉ឺនគីឡូដីទៅជួបនាង ចុងក្រោយ...

  • 2018-05-29 08:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី ៤០ឆ្នាំ​មុន រឿង​ស្នេហា​ដ៏​ស្រស់​បំព្រង​មួយ​បាន​កើត​ឡើង រវាង​វិចិត្រករ​ជនជាតិ​ឥណ្ឌា និង​នារី​ស៊ុយអែត​វ័យ​ក្មេង​ម្នាក់។ បន្ទាប់​ពី​ជម្នះ​រាល់​ឧបសគ្គ​ទាំង​ឡាយ គូ​ស្នេហ៍​ទាំង ២នាក់​នេះ​នៅ​តែ​រស់​នៅ​ជាមួយ​គ្នា រហូត​មក​ដល់​សព្វ​ថ្ងៃ។

លោក Pradyumna Kumar Mahanandia និង នាង Charlotte Von Schedvin

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ស្នេហា​របស់​ពួក​គេ៖

លោក Pradyumna Kumar Mahanandia បាន​កើត​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ ក្នុង​ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ១៩៤៩។ ហោរាសាស្ត្រ​ម្នាក់​បាន​ធ្វើ​ការ​ទស្សន៍ទាយ បន្ទាប់​ពី Kumar ចាប់កំណើត​ថា លោក​ត្រូវ​រៀបការ​ជាមួយ​នារី​ម្នាក់ ដែល​រស់​នៅ​សែន​ឆ្ងាយ ហើយ​មាន​តារានិករ​ឈ្មោះ Taurus និង​ជា​ម្ចាស់​ព្រៃ​មួយ​កន្លែង​ទៀត​ផង។

លោក Kumar បាន​និយាយ​ថា «ខ្ញុំ​ជឿជាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទំនាយ ហើយ​ឥឡូវ​នេះ​ដឹង​ថា​អ្វី​គ្រប់​យ៉ាង ត្រូវ​បាន​គ្រោងទុក​នៅ​លើ​ផែនដី​នេះ​រួច​ជា​ស្រេច»

រឿងរ៉ាវ​ស្នេហា​របស់​ពួកគេ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ១៩៧៥។ នៅ​ពេល​នោះ Kumar គឺ​ជា​វិចិត្រករ​នៅ​តាម​ផ្លូវ​ម្នាក់​ក្នុង​ប្រទេស​ឥណ្ឌា។ ស្រប​ពេល​នោះ​ដែរ នារី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត មាន​កែវ​ភ្នែក​ពណ៌​ខៀវ​ម្នាក់ ឈ្មោះ Charlotte Von Schedvin បាន​ឲ្យ​លោក​គូរ​រូប​នាង។

លោក Kumar និយាយ​ថា «នៅ​ពេល​នាង​បង្ហាញ​ខ្លួន​នៅ​មុខ​ជើង​ទ្រ​គំនូរ​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រាល​ខ្លួន​អស់​រលីង។ ពាក្យពេចន៍​មិន​អាច​គ្រប់គ្រាន់​សម្រាប់​បង្ហាញ​ពី​អារម្មណ៍​នេះ​បាន​ឡើយ»

វិចិត្រករ​តាម​ផ្លូវ​រូប​នេះ​បន្ត​ថា «កែវ​ភ្នែក​របស់​នាង​ខៀវ ធំ និង មូល​ស្អាត​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា នាង​មិនមែន​កំពុង​សម្លឹង​មើល​ខ្ញុំ​ឡើយ គឺ​សម្លឹង​មើល​ខាង​ក្នុង​ខ្លួន​ខ្ញុំ ដូច​ជា​ម៉ាស៊ីន​ឆ្លុះ​អេកូ​អីចឹង»

ទោះ​បី​ជា​យ៉ាង​ណា ដោយសារតែ​មាន​អារម្មណ៍​ភ័យ​អរ​ពេក លោក Kumar មិន​អាច​គូរ​រូប​នារី​ក្នុង​ក្ដី​សុបិន​របស់​ខ្លួន​បាន​ឡើយ ដូច្នេះ​ក៏​សុំ​ឲ្យ​នាង Charlotte មក​ម្ដង​ទៀត​នៅ​ថ្ងៃ​ក្រោយ។

«នាង​ត្រលប់​មក​វិញ ៣ដង ហើយ​ខ្ញុំ​ក៏​បាន​គូរ​រូប​នាង ៣សន្លឹក​ដែរ។ នៅ​លើក​ទី៣​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា នាង​ពិត​ជា​មនុស្ស​ស្រី​ដែរ​ខ្ញុំ​តាម​រក​មែន»។ លោក Kumar និយាយ។ មិនយូរប៉ុន្មាន លោក​ថែម​ទាំង​បាន​ដឹង​ថា នាង​មាន​តារានិករ​ឈ្មោះ Taurus , ជា​ម្ចាស់​ព្រៃ និង ចេះ​ផ្លុំ​ខ្លុយ ដូច​អ្វី​ដែល​ទំនាយ​បាន​និយាយ​ពិត​មែន។

មិន​បង្អង់​យូរ លោក Kumar បាន​ប្រាប់​នាង Charlotte ថា «អ្នក​នឹង​ក្លាយ​ជា​ប្រពន្ធ​របស់​ខ្ញុំ។ យើង​ត្រូវ​បាន​កំណត់​ឲ្យ​ជួប​គ្នា»

នាង Charlotte ដែល​ទើប​តែ​មាន​អាយុ ១៩ឆ្នាំ​នៅ​ពេល​នោះ មិន​ភ័យ​ខ្លាច​ចំពោះ​ការ​សារភាព​ត្រង់ៗ​បែប​នេះ​ឡើយ ហើយ​ថែមទាំង​បាន​ផ្ដល់​ឱកាស​ឲ្យ​លោក Kumar ថែម​ទៀត​ផង។ ពួកគេ​បាន​ចំណាយ​ពេល ២-៣សប្តាហ៍​ជាមួយ​គ្នា មុន​ពេល​នាង Charlotte ត្រលប់​ទៅ​កាន់​ប្រទេស​ស៊ុយអែត​វិញ។

រឿងរ៉ាវ​ស្នេហា​របស់​ពួកគេ មិន​បាន​បញ្ចប់​ត្រឹម​នោះ​ឡើយ។ បន្ទាប់​ពី​បែក​គ្នា​អស់​រយៈពេល ១ឆ្នាំ​កន្លះ វិចិត្រករ​វ័យ​ក្មេង និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​រូប​នេះ បាន​លក់​អ្វី​គ្រប់​យ៉ាង​ដែល​ខ្លួន​មាន ដើម្បី​យក​លុយ​ទិញ​កង់​មួយ​គ្រឿង។ ជាមួយ​នឹង​សោហ៊ុយ​តិចតួច រួម​ទាំង​ការ​ជួយ​ពី​មនុស្ស​ចិត្ត​ល្អ​ប៉ុន្មាន​នាក់​នៅ​តាម​ផ្លូវ អាច​ឲ្យ​លោក Kumar ធ្វើ​ដំណើរ​រហូត​ដល់​ទៅ ៩ ៦០០ គីឡូម៉ែត្រ ដើម្បី​ស្កាត់​ជួប​នាង Charlotte។

រហូត​មក​ដល់​ពេល​នេះ Kumar និង Charlotte បាន​រៀបការ និង​រស់​នៅ​ជាមួយ​គ្នា អស់​រយៈ​ពេល​ជាង ៤០ឆ្នាំ​មក​ហើយ និង​មាន​កូន​ចំនួន ២នាក់​ទៀត​ផង។ ស្នេហា​របស់​ពួកគេ​ក៏​នៅ​តែ​រឹងមាំ​ដូច​ពី​មុន​អីចឹង៕

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់