• 2018-07-05 07:39:03
  • ព័ត៌មាន

វត្តអារាម​ជិត ៥ ០០០ទូទាំងប្រទេសកម្ពុជា នឹង​ទូងស្គរ​ព្រមៗ​គ្នា នៅ​ព្រឹកថ្ងៃ​ទី ១៥ ខែកក្កដា ២០១៨

  • 2018-07-05 07:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្លេង​ស្គរ​នឹង​លាន់​ឮ​ទូទាំង​ប្រទេស​ចេញពី​វត្តអារាម​ នៅ​វេលាម៉ោង​ ៩ព្រឹក ថ្ងៃ​ទី ១៥ កក្កដា ២០១៨ ខាងមុខ​។ នេះ​គឺជា​ការ​កំណត់​ពេល​មួយ​ដើម្បី​ទូងស្គរ​ អបអរ​ខួប​ ១០ឆ្នាំ ប្រាសាទ​ព្រះវិហារ​ និង​ខួប ១ឆ្នាំ​​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

លោក ហាប់ ទូច អគ្គនាយក​បច្ចេកទេស​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​នៃ​ការ​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍​អបអរ​ប្រាសាទ​ព្រះវិហារ និង ប្រាសាទ​សម្បូរ​ព្រៃគុក​ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ព្រឹកមិញ​នេះ​ថា ការ​កំណត់​ឲ្យ​វត្តអារាម​នានា​ទូង​ស្គរ​ក្នុង​ពេល​តែមួយ​គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​បាន​ដឹង​ និង​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​ប្រាសាទ​ខ្មែរ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​ នឹង​យក​វត្ត​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ គោល​ដៅ​នៃ​ការ​ផ្សព្វផ្សាយ។

លោក ហាប់ ទូច អគ្គនាយកបច្ចេកទេស នៃក្រសួងវប្បធម៌

យោង​តាម​របាយការណ៍​របស់​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ មាន​វត្តអារាម​ប្រមាណ​ជា​ជិត ៥ ០០០ វត្ត នៅ​ទូទាំង​ប្រទេស។ ដូច្នេះ​វត្តទាំង​អស់​នឹង​ត្រូវ​ទូងស្គរព្រម​ៗ​គ្នា វេលាម៉ោង ៩ ព្រឹក ថ្ងៃ​ទី ១៥ ខែ​កក្កដា ២០១៨។

វីដេអូលោក ហាប់ ទូច បញ្ជាក់​អំពី​ការ​ទូងស្គរ

ក្រៅពី​ការ​ទូងស្គរ​តាម​វត្តអារាម​ព្រឹត្តិការណ៍​ការ​អបអរ​សាទរ​ខួប​ ១០​ឆ្នាំ​នៃ​ប្រាសាទ​ព្រះវិហារ និង​ខួប​លើក​ទី​១ នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ដែល​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ដដែល​ពេល​ល្ងាច​ នឹង​ធ្វើ​ពិធី​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ជិត ១ម៉ឺន​នាក់។

ព្រឹត្តិការណ៍​ខាង​លើ​នេះ ក៏​នឹង​រៀប​ចំ​នៅ​តាម​ប្រាសាទ​ដែរ គឺ​ប្រាសាទ​ព្រះវិហារ​នឹង​រៀប​ចំ​នៅ​ពេល​ព្រឹក ដែល​រំពឹង​​ថា​នឹង​មាន​អ្នក​ចូល​ប្រមាណ​ជា​ ១ ៥០០នាក់។ ឯ​ប្រាសាទ​សំបូរ​ព្រៃ​​គុក នឹង​រៀប​ចំ​ពេល​ព្រឹក​ដូច​គ្នា រំពឹង​ថា​អ្នក​ចូលរួម​ប្រមាណ​ពី ៦-៧ ពាន់​នាក់។

គួរ​បញ្ជាក់​ថា ប្រាសាទ​សំបូរ​ព្រៃ​គុក​ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ៤១ របស់​ខ្លួន​នៅ​ទីក្រុង Krakow ប្រទេស ប៉ូឡូញ កាលពី​ថ្ងៃ​ទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០១៧។

ក្រុម​មន្ត្រី​ក្រសួង​វប្បធម៌​បាន​លើក​ឡើង​ថា គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​ពិនិត្យ​ និង​វាយតម្លៃ​ថា «​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​មាន​គុណ​តម្លៃ​លេចធ្លោ​ជា​សកល​» ដែល​ធ្វើ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ចុះ​តំបន់​នេះ​ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

ចំពោះ​ប្រាសាទ​ព្រះវិហារ​វិញ អង្គការ​យូណេស្កូ (UNESCO) បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ កាល​ពី​​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។ ក្រោយ​ពី​ប្រកាស​ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ភ្លាម ប្រទេស​ថៃ​បាន​លើក​ទ័ព​ចូល​តំបន់​ប្រាសាទ​ព្រះវិហារ រហូត​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​២ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ ដើម្បី​បញ្ចប់​ជម្លោះ​នេះ កម្ពុជា​បាន​ស្នើ​ឲ្យ​តុលា​ករ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​ឡើង​វិញ​នូវ​ការ​សម្រេច​ឆ្នាំ​១៩៦២។ នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៣ តុលាការ​បាន​សម្រេច​ឲ្យ​កម្ពុជា ឈ្នះ​ក្ដី​ជា​ថ្មី៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់