• 2018-07-23 09:30:00
  • សុខភាព

២៣មុខ អាថ៌កំបាំង សម្រាប់កូនង៉ែត និងអ្នកម្ដាយថ្មីថ្មោងជីវភាព​មធ្យម គួរមាន កុំឲ្យទិញហើយស្តាយលុយ

  • 2018-07-23 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារម្មណ៍​អ្នក​ម្ដាយ​ក្រោយ​ដឹង​ថា​ខ្លួន​មាន​កូន​ដំបូង​ៗ គឺ​ពិត​ជា​រំភើប រក​អ្វី​ប្រៀប​មិន​បាន។

ដើម្បី​ស្វាគមន៍ សមាជិក​តូច​ មុន​ពេល​ថ្ងៃ​ចេញ​មក​ឃើញ​ពន្លឺ​ព្រះអាទិត្យ ច្បាស់​ណាស់ គ្រួសារ​ពិសេស​អ្នក​ម្ដាយ គឺ​តែង​តែ​មាន​គម្រោង​ទិញ​របស់​ស្អាតៗ ទុក​ឲ្យ​កូន។

សូម​កុំ​គិត​ថា​វា​រឿង​តូចតាច បើ​មិន​បាន​ត្រៀម​សោះ​នោះ គឺ​ពិត​ជា​យ៉ាប់​ហើយ ពេល​កូន​កើត​មក រត់​បះ​ដៃ បះជើង ហើយ​រក​តែ​របស់​ប្រើ​មិន​បាន​ផង។

ប្រាកដ​ណាស់ សម្ភារៈ​ម្ដាយ​និង​កូន​ង៉ែត មាន​ច្រើន​ទៅ​តាម​អ្នក​ប្រើ និង​លទ្ធភាព។ ប៉ុន្តែ ត្រូវ​ធានា​ថា សម្ភារៈ​ដែល​បាន​ចាយ​លុយ​ទិញ​នោះ មាន​គុណភាព និង​អនាម័យ​កម្រិត​ណា សម្រាប់​ស្បែក​ទារក​ដ៏​ទន់​ រលោង​ខ្ចី​នោះ។

ចំណុច​នេះ ចំពោះ​អ្នក​មាន​ជីវភាព​ធូរធារ គឺ​មិន​បាច់​ខ្វល់ ឬ​គិត​ច្រើន​ទេ គឺ​ដើរ​ទិញ​មួយ​អស់​ដៃ​ ហើយ​សុទ្ធ​តែ​ប្រេន​ៗ​ទៀត ពេល​ទើប​មាន​កូន​ទី១​អីចឹង គ្មាន​បារម្ភ​រឿង​ចាយ​អស់​ប៉ុន្មាន។

ខុស​ពី​អ្នក​មាន ករណី​អ្នក​ម្ដាយ​សម័យ​ថ្មី​​វៃ​ឆ្លាត ពិសេស​អ្នក​មាន​ជីវភាព​មធ្យម ត្រូវ​ស្វែង ស្រាវជ្រាវ​រក​របស់​ដែល​ល្អ តែ​មាន​តម្លៃ​សមរម្យ។ ហើយ​សម្ភារៈ​ណា​មិន​សូវ​សំខាន់ គឺ​មិន​ទិញ​តែ​ម្ដង កុំ​ឲ្យ​ខាត​លុយ។

សម្ភារៈ​ទាំង​នោះ គឺ​ចាំ​បាច់​អត់​ទិញ​មិន​បាន ដូច្នេះ​អ្នក​ម្ដាយ​ តោង​ត្រូវ​ដឹង​របស់​ណា​ដែល​សំខាន់ សម្រាប់​កូន​ជា​ទី​ស្រលាញ់ កើត​មក​មាន​របស់​ប្រើ​ដូច​គេ ដូច​ឯង ហើយ​ចាយ​លុត​តិច មុន​ថ្ងៃ​សម្រាល​ចូល​មក​ដល់។

​ខាងក្រោម​នេះ​ ជា​ការ​ចែក​រំលែក​មក​កាន់ Sabay ដែល​ក្រុម​អ្នកម្ដាយ​សម័យ​ថ្មី និង​ជីវភាព​មធ្យម​មាន​បទពិសោធន៍ ត្រៀម​សម្ភារៈ​សម្រាប់​ទារក និង​ខ្លួន​ឯង​ចំនួន ២៣មុខ ​ទុក​ប្រើ​ ត​ កូន ឬ​ក្មួយ គ្រប់គ្រាន់ ហើយ​ចំណាយ​សមរម្យ ទិញ​មិន​​ច្រើន​ពេក និង​ស្ដាយ​លុយ​ជា​ដើម។​

ក្រុម​អ្នកម្ដាយ​សម័យ​ថ្មី​ បាន​រៀបរាប់​លម្អិត​ពី​ប្រភេទ និង​តម្លៃ​សម្ភារៈ​សម្រាប់​ អ្នក​ម្ដាយ និង​ទារក ដែល​ជា​ការ​ចែក​រំលែក​សំខាន់ សម្រាប់​អ្នក​ម្ដាយ​ថ្មីថ្មោង ដែល​ចាំបាច់​ត្រូវ​មាន មុន​ពេល​សម្រាល​កូន។

សម្ភារៈ​សម្រាប់​ម្ដាយ

១. អត់​មិន​បាន​ទេ ត្រូវ​ត្រៀម​កក់​​កន្លែង​ពេទ្យ​សម្ភព ដែល​ទុក​ចិត្ត និង​មាន​គុណភាព​ទទួល​យក​បាន ដើម្បី​ទៅ​សម្រាល​កូន ដោយ​សុវត្ថិ​ភាព​ទាំង​ម្ដាយ និង​កូន

២. ត្រៀម​ឯកសារ​ពាក់​ព័ន្ធ​នឹង​ការ​សម្រាល និង​ថវិកា​ទុក​ចំណាយ​នានា

៣. រៀបចំ​ការងារ​នៅ​ការិយាល័យ និង​ការងារ​ផ្ទះ មុន​ពេល​សម្រាក

៤. ស្វែង​រក​ជំនួយ​ការ ឬ​អ្នក​ជួយ​កំដរ ១ ឬ​២​នាក់ អំលុង​ពេល​នៅ​ពេទ្យ​​

៥. ទិញ​ស្រោមដៃ ស្រោម​ជើង​ម្ដាយ ៣ ឬ​៤គូរ ១គូ តម្លៃ​ប្រហែល ពីរ​ពាន់​រៀល

៦. មួក​ស្ត្រី​កូន​ខ្ចី សម្រាប់​ម្ដាយ ១ តម្លៃ​ប្រហែល ២ដុល្លារ

៧. សារុង​កៅស៊ូ​ម្ដាយ ១ តម្លៃ​ប្រហែល ២ដុល្លារ

៨. ខោ​ទឹក​នោម (មនុស្ស​ចាស់​ទុក​ឲ្យ​អ្នក​ម្ដាយ​ស្លៀក​ក្រោយ​សម្រាល ការពារ​ធ្លាក់​ឈាម) ១ដុំ តម្លៃ​ប្រហែល ១០ដុល្លារ

៩. សំឡី​អនាម័យ​ធម្មតា តម្លៃ​ប្រហែល ១ដុល្លារ

១០. កន្ទ្រួក​ជ័រ ឬការបូប ​ដាក់​អីវ៉ាន់ តម្លៃ​ប្រហែល ៤ដុល្លារ

១១. អាវ​ទ្រនាប់​សម្រាប់​បំបៅ​កូន តម្លៃ​ប្រហែល ២ដុល្លារ

១២. ខោ​ទ្រនាប់​អ្នក​មាន​ផ្ទៃពោះ តម្លៃ​ប្រហែល ២ដុល្លារ

១៣. ចាន​ដែក​ងូត​ទឹក​ទារក តម្លៃ​ប្រហែល ១២ដុល្លារ (សម្រាប់​អ្នក​គ្មាន​ចាស់​ៗ​ជួយ​យក​កូន​ងូត​ទឹក)

សម្ភារៈ​សម្រាប់​ទារក

១. ស្រោមដៃ ស្រោម​ជើង​ទារក​ មួក (១ឈុត) តម្លៃ​ប្រហែល ៧ដុល្លារ

២. ពូក​ឈុត​កូន​ង៉ែត​​​ ថ្លៃ តម្លៃ​ប្រហែល ១៥ ឬ២០ដុល្លារ

៣. ប្រដាប់​រុំ​ពោះ​ទារក តម្លៃ​ប្រហែល ១ដុល្លារ (ការពារ​អនាម័យ​ពេល​ទង​ផ្សិត​ទារក​មិន​ទាន់​ជ្រុះ)

៥. កន្សែង​រុំ​ទារក​ពេល​ងូតទឹក តម្លៃ​ប្រហែល ៣ដុល្លារ

៦. កន្សែងពោះគោ តម្លៃ​ប្រហែល ៣ដុល្លារ

៧. ខោ​ទឹក​នោម​ (បក​បិទ​ទារក) ១ដុំ តម្លៃ​ប្រហែល ៩ដុល្លារ

៨. ខោ​អាវ​ទារក ពាក់​បាន​រហូត​ពេល​ចេញ​ខែ ១ទ្បូ តម្លៃ​ប្រហែល ១០ដុល្លារ

៩. កំប៉ុង​ទឹក​ដោះ​គោ​ទារក និង​ម្សៅ​ទឹក​ដោះ​គោ ១ឈុតពេល តម្លៃ​ប្រហែល ៣០ដុល្លារ (ម៉ាក​មធ្យម)

១០. ថ្នាំ​ ឬ​ប្រេង លាប​ពោះ​ទារក តម្លៃ​ប្រហែល ៤ដុល្លារ

អត្ថបទ៖ ពៅ រក្សា

មតិយោបល់