• 2018-07-31 08:10:52
  • ព័ត៌មាន

ចម្កាផ្កាពណ៌លឿងលើផ្ទៃដីរាប់រយហិកតាស្អាតបំផុតនៅកំពង់ស្ពឺ ដល់រដូវរីកជាថ្មី

  • 2018-07-31 08:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្ការ​ផ្កា​ពណ៌​លឿង​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​កំពង់ស្ពឺ ​ចាប់​ផ្ដើម​ដល់​រដូវ​រីក​ជា​ថ្មី​ម្ដង​ទៀត​ហើយ។ លាត​សន្ធឹង​លើ​ផ្ទៃដី​រាប់​រយ​ហិកតា ហើយ​ថែម​ទាំង​ហ៊ុម​ព័ទ្ធ​ដោយ​ចម្ការ​អំពៅ​ដ៏​វែង​អន្លាយ​ដាច់​កន្ទុយ​ភ្នែក​ផង​នោះ បាន​ធ្វើ​ឲ្យ​ទិដ្ឋភាព​នៅ​ទីនោះ​ស្រស់​ស្អាត​រក​ថា​មិន​ត្រូវ។ វីរៈ ទើប​តែ​ទៅ​លេង​កម្សាន្ត​ថ្មីៗ​នេះ ប្រាប់​ថា ក្នុង​ការ​ចូល​ទស្សនា​ម៉ូតូ​១​គ្រឿង​តម្លៃ ៥ពាន់​រៀល។ រី​ឯ​ឡាន​មួយ​គ្រឿង​តម្លៃ ១​ម៉ឺន​៥​ពាន់​រៀល។

លោក​ លីវ សុខគា ជា​អ្នក​ភូមិ​ក្បែរ​នោះ​ប្រាប់​ថា​ តាម​ពិត​ទៅ​ផ្កា​ដ៏​ស្រស់​បំព្រង​នោះ​ គេ​ព្រោះ​ដើម្បី​ទុក​ធ្វើ​ជា​ជី​ដាំ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​ដែល​វា​ចេញ​ផ្កា បាន​រំលេច​​ជា​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត ហើយ​កំពុង​ទាក់ទាញ​មនុស្ស​ម្នា​ជា​ច្រើន​ប្រាថ្នា​ទៅ​ដល់​ទី​នោះ។ បុរស​រូប​នេះ​ប្រាប់​ទៀត​ថា នៅ​ពេល​ដែល​ផ្កា​ចាប់​ផ្ដើម​រុះរោយ គឺ​​ដល់​ពេល​ត្រូវ​ឈូស​ចោល ជំនួស​ដោយ​ដំណាំ​អំពៅ​វិញ ចំណែក​ផ្កា​ទាំង​នោះ​នឹង​ក្លាយ​ជា​ជី​ដ៏​មាន​ជីវជាតិ សម្រាប់​ដំណាំ​អំពៅ​។ យ៉ាង​ណា​ក្ដី ផ្កា​ដ៏​ស្រស់​បំព្រង​នេះ​នឹង​មាន​សាជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ដំណាំ​អំពៅ​ត្រូវ​បាន​ប្រមូល​ផល​រួច​រាល់។

គួរ​ជម្រាប​ជូន​ថា ផ្កា​ស្នោ​កំពុង​រីក​យ៉ាង​ស្គុះស្គាយ​លើ​ផ្ទៃ​ដី​រាប់​ហិចតា​នេះ​ ​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ទឹក​ធ្លាក់​ជ្រាវ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ភូមិ​អូរ​ដារ ឃុំ​អមលាំង ស្រុក​ថ្ពង បាន​ក្លាយ​ជា​ទីតាំង​ដ៏​ទាក់ទាញ​សម្រាប់​អ្នក​ដំណើរ​នានា និង​មាន​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់