• 2018-08-01 06:56:49
  • សេដ្ឋកិច្ច

៦សន្លឹក បង្ហាញពី​មុខរបរ​ផលិត​ឆ្នាំងដេរ៉ា នៅខេត្តកំពង់ចាម

  • 2018-08-01 06:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់ឃើញគេផលិតឆ្នាំងដេរ៉ា នៅខ្មែរ​ដែរទេ? មាន​អ្នក​ខ្លះធ្លាប់ឃើញ ខ្លះ​នៅមិនទាន់​បាន​ឃើញ ដូច្នេះថ្ងៃ​នេះ ក្រុមការងារផ្លូវទៅស្រុកវគ្គ២​ នឹង​បង្ហាញ​រូបថត​៦សន្លឹក​ ដោយភ្ជាប់​ការរៀបរាប់​ពី​ម្ចាស់សិប្បកម្ម​ផលិតឆ្នាំង​​ដេរ៉ាមួយកន្លែង​ ដូច​ខាងក្រោម​នេះ៖

១. លោក គឹម ចាន់ វ័យ៤០ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ផលិត​ឆ្នាំង​ដេរ៉ា (ឆ្នាំង​ចាក់​អាលុយ​មី​ញ៉ូម) នៅ​ភូមិ​ដំណាក់​ស្នាយ ឃុំ​ពាម​ជីកង ស្រុក​កងមាស ខេត្ត​កំពង់​ចាម។ ដោយ​អភិវឌ្ឍ​ខ្លួន​ពី​អ្នក​ស៊ីឈ្នួល​ចាក់​ឆ្នាំង​ឱ្យ​គេ លោក គឹម ចាន់ បាន​ប្រថុយ​ចេញ​មក​រកស៊ី​ចាក់​ឆ្នាំង​ដេរ៉ា​លក់​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ ​២០០០​។ កាល​ណោះ លោក​មាន​ចង្ក្រាន​ដែល​មាន​បំពង់​រំលាយ​អាលុយ​មីញ៉ូម​តែ​៣ បំពង់​ប៉ុណ្ណោះ។ បច្ចុប្បន្ន​លោក​ចង្ក្រាន​ស្ល​ដែក​ធំ​ជាង​មុន និង មាន​បំពង់​រំលាយ​រហូត​ដល់​ទៅ ៨​បំពង់។

២. ជា​រៀងរាល់​ព្រឹក កម្មករ ចាប់​ផ្ដើម​ការងារ​របស់​ពួកគេ នៅ​ក្រោម​រោង​សិប្ប​កម្ម​ប្រក់​ស័ង្កសី ខាង​មុខ​ផ្ទះ​ខ្ពស់​របស់​លោក​គឹម ​ចាន់។ អ្វី​ដែល​ពួកគេ​ធ្វើ​មុន​គេ​ គឺ ការ​ដំឡើង​ពុម្ព​ឆ្នាំង ដែល​ធ្វើ​ពី​ដី​ខ្សាច់​ម៉ត់​ល្អ។ ដីខ្សាច់​ទាំង​នោះ ត្រូវ​បាន​គេ​យក​ទៅ​រោយ បិទ​សង្កត់​ពី​លើ​ឆ្នាំង​ដេរ៉ា​ដែល​មាន​ស្រាប់ នៅ​ក្នុង​ប្រអប់​ឈើ​មួយ។បន្ទាប់​មក គេ​លើក​ឆ្នាំង​ចេញ ហើយ​ទុក​ប្រហោង​តូច​មួយ​សម្រាប់ ចាក់​ទឹក​អាលុយ​មីញ៉ូម​ចូល​ទៅក្នុង។ កម្មករ​ទាំង​នេះ ទទួល​បាន​បាន​ប្រាក់​កម្រៃ ៣ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ។

៣. ក្នុង​អំឡុង​ពេល​ចាក់​ពុម្ព​ឆ្នាំង​ កម្មករ​ខ្លះ​ទៀត ទៅ​បង្កាត់​ភ្លើង ហើយ​ចាប់​ផ្តើម​ស្ល រំលាយ​កម្ទេច​អាលុយ​មីញ៉ូម ដែល​មាន​ដូចជា​កំប៉ុង​ស្រាបៀរ ស៊ុម​បង្អួច ជា​ដើម។​ ក្នុងមួយថ្ងៃៗ សិប្បកម្ម​លោក គឹម ចាន់ ស្ល រំលាយ​កម្ទេច​អាលុយ​មីញ៉ូម ប្រហែល ១០០គីឡូក្រាម។ កម្មករ​ទាំង​នេះ ក៏​ទទួល​បាន​ប្រាក់​កម្រៃ ៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ដែរ។

៤. នៅ​ពេល​ដែល​កម្ទេច​អាលុយមីញ៉ូម​រលាយ​ហើយ កម្មករ​នាំ​គ្នា​យក​ដង្កៀប​ធំ កៀប​បំពង់​ផ្ទុក​អាលុយមីញ៉ូម ទៅ​ចាក់​ក្នុង​ពុម្ព​ ដែល​ត្រៀម​រួចជា​ស្រេច។

៥. មួយ​សន្ទុះ​ក្រោយ​មក ពួកគេ​នាំគ្នា រើ​ពុម្ព​ដី​ខ្សាច់​ចេញ ហើយ​យក​ទំពក់​ថ្ពក់​ឆ្នាំង​ដេរ៉ា ដែល​ទើប​ផលិត​ថ្មី​ចេញ​ពី​ក្នុង​ដី​ខ្សាច់។ ក្នុងមួយថ្ងៃៗ សិប្បកម្ម​លោក គឹម ចាន់ ផលិត​ឆ្នាំង​ដេរ៉ា បាន​ពី ២០ ទៅ ៦០ឆ្នាំង។

៦. ឆ្នាំង​ដេរ៉ា ដែល​ទើប​ផលិត​ថ្មី​នេះ នៅ​មិនទាន់​រលោង​ស្អាត និង អាច​ប្រើប្រាស់​បាន​នៅ​ឡើយ​ទេ។ ដូច្នេះ ហើយ គេ​ត្រូវ​យក​វា​ទៅ​ក្រឡឹង និង ឆាប​ឱ្យ​ភ្លឺ​រលោង និង​ស្អាត​ល្អ​ជា​បន្ត​ទៀត។ ជា​ធម្មតា​កម្មករ ដែល​ឆាប​ឆ្នាំង​នេះ ទទួល​បាន​កម្រៃ​ពី ១២០រៀល ទៅ ៣២០រៀល ក្នុង​ឆ្នាំង​មួយ៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់