• 2018-08-06 10:02:36
  • សេដ្ឋកិច្ច

​ឡើងឡូយ! ទៅលេងសមុទ្រ១នៅថៃ មិនបាច់មាន Passport ហើយមិនចំណាយច្រើន

  • 2018-08-06 10:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវលេខ ៥៥ តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៥ ខ្វាត់ខ្វែង​តាម​ជើ​ងភ្នំ ពីទី​រួម​ខេត្ត​ពោធិ៍សាត់ ទៅ​កាន់​ច្រក​ព្រំដែន​ថ្មដា ជាប់​ខេត្ត​ត្រាតប្រទេស​ថៃ  លោក​អ្នក​អាច​ឈាង​ចូល​លេង​សមុទ្រ​ប្រទេស​ថៃ​នៅ​ទី​នោះ ​ដោយ​មិនបាច់​ត្រូវ​ការ​លិខិតឆ្លងដែន ឬ Passport ឡើយ។

លោក ពៅ ភីរុណ អ្នក​ទេសចរ​ម្នាក់​បាន​ប្រាប់ ​Sabay ថា ​លោក​ធ្វើ​ដំណើរ​ពី​ព្រំដែន​កម្ពុជា-ថៃ ​ចូល​តាម​ថ្មដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​ ទៅ​ដល់​​សមុទ្រ​ថៃ ​ដែល​មាន​ឈ្មោះថា​ «ឆ្នេរ​សុវណ្ណគ្លៀវថង លែមក្លាត់» ស្ថិត​នៅ​ខេត្ត​ត្រាត​ ដែលមាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ។

អ្នក​ទេសចររូបនេះ​ ឲ្យ​ដឹង​ថា​ ធ្វើ​ដំណើរ​តាម​ច្រក​ព្រំដែន​រវាង​ខេត្ត​ពោធិ៍សាត់-​ខេត្តត្រាតនេះ គឺមិន​ត្រូវ​ការPassport នោះទេ។ ​លោក​ថា​ បើចង់​ទៅលេង ក៏មិនសូវ​ចំណាយ​អស់​ច្រើន​ប៉ុន្មាន​ទេ​ ព្រោះ​យើង​អាច​ទៅលេង​ឆ្នេរ​ហើយ​ត្រឡប់​មកវិញ។ ​

តាម​បទ​ពិសោធន៍​លោក​ផ្ទាល់​​ រៀបរាប់​ថា៖ "ជាក់​ស្ដែងខ្ញុំ​ចេញ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃ​សុក្រ​ ប្រហែល​ល្ងាច​បន្តិច​ទៅ​ដល់​​ស្រុក​ថ្មបាំង ​យើង​អាច​សម្រាក​នៅ​ផ្ទះសំណាក់​លើទឹក​ដីខ្មែរ ១យប់​ចំណាយ​ ១០ដុល្លារ​ ហើយ​ព្រឹក​ឡើង​ថ្ងៃសៅរ៍ យើង​អា​ច​ចេញ​ទៅ​ព្រំដែន​កម្ពុជា-ថៃជិតនោះ យើង​អាចចូល​ទិញ​អីញាំ​នៅ​ផ្សារ​ថៃ​ឈ្មោះ​ «ផ្សារណាត់» ឲ្យហើយ​ ទំនិញ​មិន​ថ្លៃ​ទេ ហើយ​យើង​អាច​វេចទៅ​ញាំ ​និង​ទៅ​លេង​ឆ្នេរ​នោះ​តែម្ដង"។ ​​​​

ដោយឡែកបើនិយាយឆ្នេរនោះមានអ្វីស្អាតខ្លះ? លោកបន្តថា ៖ "នៅ​ឆ្នេរ​ថៃ ​គេ​មាន​ រៀប​ចំ​សួន​ច្បារ​ស្អាតៗ ​រៀប​កន្លែង​ លក់​ម្ហូបអាហារ​...និយាយ​ទៅ​​ មាន​សណ្តាប់​ធ្នាប់​ជាង​ នៅ​អូរ​ឈើទាល​ ឆ្ងាយ តែ​បើ​និយាយ​ពី​ខ្សាច់​វិញ​ ​ចាញ់​នៅ​ ឆ្នេរ​ ខ្មែរ​យើង​ទេ" ។ លោក​រំឭក​ថា ​នៅ​ខេត្ត​ត្រាត​មាន​ឆ្នេរ​មួយ​ចំនួន គេ​គិត​ថ្លៃ​សំបុត្រ​ចូល​លេង តែ​ទីតាំង​នៅ​ទីរួម​ខេត្ត។ ​​

សូម​បន្ថែមថា​ ផ្លូវ​ជាតិ​លេខ​ ៥៥ មាន​សារៈ​សំខាន់​បំផុត​សម្រាប់​តំបន់​ភាគខាងលិច​នៃ​ប្រទេសកម្ពុជា ព្រោះ​ជួយ​ឲ្យប្រជាជន​ក្នុង​តំបន់​មាន​ជីវភាពខ្ពស់ ​បង្កើន​ល្បឿន​នៃ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ​និង​ការកែ​លម្អកម្រិត​នៃការ​ដឹកជញ្ជូនក្នុង​ខេត្តពោធិ៍​សាត់ឲ្យកាន់តែប្រសើរឡើង​។ ​ហេតុដូចនេះ ប្រសិនបើ​លោក​អ្នកឆ្លងកាត់ផ្លូវនេះ ត្រូវបើកបរក្នុងល្បឿន ៣០ គីឡូម៉ែត្រ/ ម៉ោងតែប៉ុណ្ណោះ៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ លោក ពៅ ភីរុណ

មតិយោបល់