• 2018-09-05 10:14:54
  • ព័ត៌មាន

ក្មេង​ៗសម័យ​ថ្មីទំនង​មិនសូវ​ដែលលេង ឬ​ស្គាល់​ល្បែងកម្សាន្ត​បី​ប្រ​ភេទ​របស់​ចាស់ពី​ដើម​

  • 2018-09-05 10:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាស់បុ​រាណ​បាន​បន្សល់​ទុក​នូវ​ល្បែង​កម្សាន្ត​ប្រជា​ប្រិយ​ជា​ច្រើន​ប្រភេទ​សម្រាប់​កូន​ចៅ​ជំនាន់​គ្រោយ​ប៉ុន្តែថា​គួរ​ឲ្យ​ស្តាយ​ដែល​ល្បែង​នេះ​មិនសូវ​ពេញ​និយម​សម្រាប់​ក្មេងៗ​សម័យ​ហ្វេសប៊ុក​នោះទេ។​

ថ្ងៃ​នេះ ​Sabay​ លើក​យក​ល្បែង​កម្សាន្ត​បី​ប្រភេទ​ដែល​កុមារ​នៅ​ទីជនបទ​ខ្លះ​នៅ​ពេញ​​និយមលេង​តែ​ពុំសូវឃើ​ញ​មាន​ទេ​សម្រាប់​កុមារ​នៅទីក្រុង​។

ល្បែងកម្សាន្ត​លោតអន្ទាក់

ល្បែង​នេះ​មាន​ខ្សែ​មួយ​សង្វាយ​នឹង​មនុស្ស​បី​នាក់​ឬលើស​ពីនេះ​អាច​លែង​បាន​។ មនុស្សពីរ​នាក់​ជា​អ្នក​បង្វឹល​ខ្សែ​ហៅ​ថា​អ្នក​ចាំ​ទី​រី​ឯ​អ្នក​លោត​អាច​ផ្លាស់​ប្តូរ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ​ហើយ​ក្នុង​ករណី​ដែល​អ្នក​លោត​ណា​ម្នាក់​ទាក់​ខ្សែ​ត្រូវ​មក​ចាំ​ទី​ឲ្យ​អ្នកផ្សេង​លោត​វិញ​ម្តង​។ល្បែង​នេះ​អាច​នឹង​បន្ត​លែង​រហូត​ប្រសិន​បើ​ពួក​អ្នក​លេង​ទាំងឡាយ​​នៅ​តែ​ចង់បន្ត​។

(កុមារ​នៅ​សាលាជនបទមួយ​កំពុងលេង​លោតអន្ទាក់)

ល្បែង​កម្សាន្ត​លេង​អ៊ូ

ល្បែង​នេះ​ចែក​គ្នា​ជា​ពីរ​ក្រុម​ក្នុងមួយ​ក្រុម​អាច​មាន​គ្នា​ពីបី​ទៅបួន​នាក់​ឡើង​។នៅ​ចំកណ្តាល​ក្រុម​ទាំង​ពីរ​គឺមាន​គំនូស​ខ្សែ​ត្រង់​មួយ​សម្រាប់​បែង​ចែក​ខណ្ឌ​ក្រុម​ទាំង​ពីរ​ហើយ​ក្រុម​ម្ខាងៗ​ត្រូវ​ស្ថិត​នៅ​ឃ្លាត​ពី​គ្នា​ចម្ងាយ​ប្រហែល​ពីប្រាំ​ទៅ​១០​ម៉ែត្រ​។

(កុមារ​នៅ​សាលាជនបទមួយ​កំពុងលេង​អ៊ូ)

ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ាវ​យក​ឈ្នះ​ដើម្បី​បាន​ចាប់​ផ្តើម​ចេញ​អ៊ូ​មុន​គេ​។ អ្នក​អ៊ូ​ត្រូវ​អត់​ដង្ហើម​រត់​សំដៅ​ទៅ​ប៉ះ​កូន​ក្រុម​បដិបក្ខរបស់​ខ្លួន​ ហើយ​ត្រូវព្យាយាម​រត់​មក​ទីរបស់​ខ្លួនវិញ​មុន​អស់សំឡេង​អ៊ូ ខណៈ​ក្រុម​ម្ខាង​ទៀត​ខំប្រឹង​ចាប់​មេអ៊ូ​ឲ្យ​ជាប់​ដើម្បី​ឲ្យ​មេអ៊ូ​អស់​ដង្ហើម​មុន​ពេល​រត់​មក​ដល់​គំនូស​ខ្សែ​កណ្តាល​ បើ​ចាប់មិនជាប់ទេ​ក្រុម​ខ្លួន​​​នឹង​ចាញ់បាត់សមាជិកក្រុម​​។ ដូចគ្នាដែរ បើ​មេអ៊ូបាន​ប៉ះកូនក្រុម​គូបក្ស​ដិបក្ខ​ក៏ដោយ តែ​មិនអាចរើបម្រាស់​រត់​មក​ដល់ទី​ខ្លួន​មុន​អស់​ដង្ហើមទេនឹង​ត្រូវ​ចាញ់ ហើយ​ក្លាយខ្លួនជា​សមាជិក​របស់​ក្រុម​បក្ស​ដិបក្ខ។

ក្រុម​ទាំង​ពីរ​នឹង​បន្ត​លេង​បែប​នេះ​រហូត​ដល់ក្រុម​ម្ខាងៗអស់សមាជិក​ក្រុម ហើ​យក្រុមដែលចាញ់ត្រូវ​ធ្វើតាមការ​បញ្ជា​របស់​ក្រុម​ដែល​ឈ្នះធ្វើ​អ្វី​មួយ​តាមការព្រមព្រៀង​គ្នា​ពេល​មុន​លេង​តែពុំមែនជា​ការ​ភ្នាល់​ស៊ីសង​អ្វី​នោះ​ទេ​។

ល្បែង​កម្សាន្តលេងសេង

​ល្បែង​នេះ​បែង​ចែក​ជាពីរ​ក្រុម​ក្នុងមួយ​ក្រុមៗ​មាន​គ្នា​ពីបួន​នាក់​ឡើង​ហើយ​ត្រូវ​គូស​ខ្សែចាំទី​ទៅតាម​ចំនួន​អ្នក​លេង​តែ​ត្រូវ​មាន​ខ្សែ​មេកណ្តាល​មួយ​។ ក្រុមទាំង​ពីរ​ត្រូវ​ប៉ាវ​យក​ឈ្នះ​ដើម្បី​ចេញ​រត់​មុន​។អ្នកចាំទី​ម្នាក់ៗ​ត្រូវ​ចល័ត​តាម​ទីតាំង​នៃ​ខ្សែ​របស់​ខ្លួន​។អ្នក​ចេញ​មុន​ត្រូវ​ព្យាយាម​ឆ្លង​កាត់​ខ្សែ​ត្រៀម​យ៉ាង​ណាកុំ​ឲ្យ​គេ​ចាប់​បាន​បើមិន​ដូច្នោះ​ទេ​ក្រុម​ទាំង​មូល​ត្រូវ​ចាញ់​និង​វិល​មក​ចាំទី​ម្តងវិញ​ពុំ​ខាន​។ល្បែង​នេះនឹង​បន្តលេង​បែបនេះ​វិល​ទៅវិល​មក​រហូត​ឈប់​លេង​ទើប​ចប់​។

(កុមារនៅ​សាលាជនបទ​មួយ កំពុងលេង​សេង)

លោក​សេស ផល វ័យ៥០​ឆ្នាំ​ជា​អ្នក​ធ្លាប់​ឆ្លង​កាត់​លេង​ល្បែង​ទាំង​នេះកាល​ពីនៅតូចៗ​ប្រាប់​ថា​កាល​ពីលោក​នៅវ័យកុមារ​លោកចូល​ចិត្ត​លេង​ល្បែង​ទាំងនេះ​ណាស់​ជាពិសេស​នៅរាល់​ពេលមាន​បុណ្យ​ដាលាន​តាមភូមិម្តងៗ។ លោក​ថា​​ក្មេងៗក្នុង​ភូមិទាំង​តូចទាំង​ធំនាំ​គ្នាគូស​ដីលេង​សេង​ភ្លេចបាយ​ភ្លេចទឹកក៏មាន​។ លោកបន្តថា៖ «បើ​នៅពេល​យប់​ខែភ្លឺ​...ពួកយើង​ចូល​ចិត្តលេង​អ៊ូ​សប្បាយ​ណាស់​ប្អូន​ដូច​ហាត់កីឡាចឹង​ រត់​ដេញ​អ៊ូ​ចាប់​គ្នាបែក​ញើសជោគ​ខ្លួន​រហូត​ដល់​កណ្តាល​អធ្រាត្រក៏​មាន​...ទើប​មុជ​ទឹក​ចូល​ដេក​»។

ចំណែក​គ្រូកីឡា​ នៅ​វិទ្យា​ល័យ​ព្រៃទប់​លោក អ៊ុច ពោញី ឲ្យ​ដឹង​​ថា​ល្បែង​ទាំងបី​ប្រភេទ​នេះចាត់​ទុក​ថាជា​ប្រភេទ​កីឡា​មួយ​បែប​ដែល​ជួយ​ជំរុញ​ឲ្យ​កុមារ​តូចៗ​មាន​ការ​លូត​លាស់កាយ​សម្បទា​បាន​ល្អ​ប្រសើរ​។លោកពន្យល់ថា​ព្រោះ​ថាល្បែងនេះ​មានគ្រប់​សកម្មភាព​កីឡា​អត្តពលកម្ម​បង្កប់​ក្នុង​នោះរួច​ស្រេច​ទៅហើយ​ម្យ៉ាង​ទៀត​តាមរយៈ​សកម្មភាព​ល្បែង​ទាំង​មូល​បាន​បង្ហាញ​នូវ​ស្មារ​តីរិត​ចំណង​សាមគ្គី​គ្នា​ផង​ដែរ​៕​

អត្ថបទដោយ៖ ជិន វេន

មតិយោបល់