• 2018-09-05 11:20:00
  • ការអប់រំ

ទីបំផុតក្មេងស្រីកម្ពុជា បានជួបបុគ្គលល្បីពីអាមេរិក ចែករំលែកចំណេះដឹងគ្នា រឿងដ៏កម្រ១

  • 2018-09-05 11:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​យន្ត​ គឺ​ជា​មុខ​ជំនាញ​ដ៏​កម្រ​មួយ ដែល​មាន​មនុស្ស​តិច​ណាស់​​បាន​ស្គាល់ និង​ដឹង​ពី​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ ដើម្បី​ជួយ​ដល់​វិស័យ​អប់រំ និង​ប្រយោជន៍​របស់​មនុស្ស។

ក្មេង​ស្រី​កម្ពុជា​ម្នាក់​ បាន​ប្រាប់​ថា ខ្លួន​ពិត​ជា​រំភើប​ និង​សប្បាយ​ចិត្ត ក្រោយ​វេទិកា​ ស្ដី​ពី​មនុស្ស​យន្ត​ ដែល​អាច​ជជែក​ផ្ទាល់​ជាមួយ​បុគ្គល​ល្បី​ឈ្មោះ​ម្នាក់​ លើ​ទំព័រ​ទស្សនាវដ្ដី Business Insider មក​ពី​សហរដ្ឋ​អាមេរិក។

យុវតី​វ័យ​ក្មេង ងួន ឡូរ៉ាណា សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ បាន​ប្រាប់ Sabay ថា នេះជាលើកទី១ ដែល​បាន​ចូល​កម្ម​វិធី​នេះ ជជែក​រឿង​ដ៏​កម្រ​នេះ ដែល​រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ប្រទេស​កម្ពុជា​ ក្នុង​បរិវេណ​​សាលា​តិចណូ។

យុវតី​វ័យ​រូប​នេះ​ប្រាប់​ថា ខ្លួន​ស្រលាញ់​ជំនាញ​ទាក់ទង​នឹង​មនុស្ស​យន្ត និង​ធ្លាប់​បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​បរទេស​ផង​ដែរ។ ពីមុន​ក្រៅ​តែ​​មិត្តភ័ក្ដិ​ប៉ុន្មាន​នាក់ ​គឺ​ពិតជា​ពិបាក​រក​អ្នក​ជជែក​ សួរ​ដេញដោល​រឿង​នេះ​ណាស់ ព្រោះ​គ្រាន់​តែ​និយាយ​ដល់​ពាក្យ​មនុស្ស​យន្ត គឺ​គ្មាន​អ្នក​ស្គាល់​បាត់​ទៅ​ហើយ។

​ឡូរ៉ាណា បញ្ជាក់​ថា មនុស្ស​ជាច្រើន​យល់​ថា​ មនុស្ស​យន្ត មិន​ដឹង​ប្រើ​ការ​អី​កើត ក្រៅ​តែ​ជា​របស់​ក្មេង​ចុច​បញ្ជា​លេង។ កញ្ញា​បន្ត​ថា ពី​មុន​ពិត​ជា​មាន​អារម្មណ៍​ឯកា​បន្តិច ដូច​នៅ​តែ​ម្នាក់​ឯង ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក ហើយ​គ្មាន​អ្នក​ស្គាល់​ទៀត។

យុវតី​វ័យ​ក្មេង​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ ទើប​ដឹង​មាន​មនុស្ស​ ១​ក្រុម​ក្នុង​ស្រុក រួម​នឹង​ការ​ចែក​រំលែក​ពី​បុគ្គល​ល្បី​នៅ​បរទេស ដែល​មាន​ទិសដៅ​រួម ចំណូល​ចិត្ត​ដូចគ្នា​ ដើម្បី​ធ្វើ​ឧបករណ៍​ដែល​អាច​ជួយ​ដល់​មនុស្ស​រៀន​សូត្រ​អ្វី​ថ្មី និង​ជួយ​ដល់​ការ​អភិវឌ្ឍ​។

លោកស្រី​ Ayanna Howard ​បណ្ឌិត ​ផ្នែក​វិស្វកម្ម​អគ្គិសនី ពី​សាកល​វិទ្យាល័យ University of Southern California នៃ​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​ជំនាញ​ នៃ​ភាព​ជឿន​លឿន ផ្នែក​ភាព​វៃ​ឆ្លាត​សិប្បនិម្មិត ( Artificial Intelligence) បច្ចេកទេស​ទាក់ទង​ នឹង​ឧបករណ៍​សម្រាប់​ជួយ​មនុស្ស​ពិការ​ តាម​រយៈ​បច្ចេកវិទ្យា​មនុស្ស​យន្ត បាន​ផ្ដល់​បទ​សម្ភាស​មក​កាន់ Sabay ថាលោកស្រី​ពិត​រីករាយ​ ចំពោះ​ការ​ផ្ដល់​យោបល់ ឬ​ការ​ប្រឹក្សា​នានា​ដល់​យុវជន​ខ្មែរ​ ពិសេសក្មេងស្រី ដែល​ចាប់​អារម្មណ៍​រៀន​សូត្រ​ពី​ប្រយោជន៍​នៃ​មនុស្ស​យន្ត។

លោកស្រី​ Ayanna Howard ពេលជជែកជាមួយក្រុមយុវជនកម្ពុជា

បណ្ឌិត Ayanna បាន​ទទួល​ស្គាល់​ថា ​ប្រទេស​កម្ពុជា​ពិតជា​នៅ​ខ្វះខាត​ធនធាន​ស្រាវជ្រាវ​ ហើយ​បច្ចេកវិទ្យា​ក៏​ទាន់​មាន​ភាព​រីកចម្រើន​ខ្លាំង។ ​លោក​ស្រី នៅ​តែ​មាន​ជំនឿ​ជាក់​ថា ធនធាន​មនុស្ស​ពិសេស​ក្មេង​ៗ និង​យុវជន​របស់​កម្ពុជា ​អាច​រៀន​សូត្រ​បន្ថែម ដោយ​ចំណាយ​ដ៏​ខ្លី​បន្ថែម ប្រហែល​ជា​ ៤ ឬ៥​ឆ្នាំ​ទៅ​មុខ​ទៀត​ ដើម្បីឲ្យមាន​ភាព​ល្អ​ប្រសើរ គួប​ផ្សំ​នឹង​សមត្ថភាព​គ្រូ​បង្វឹក​ដើម្បី​ជួយ​ដល់​ក្មេងៗ​ដែល​ស្រលាញ់​ផ្នែក​នេះ។ ​

សូម​បញ្ជាក់​ថា ក្រៅ​តែ​ស្ថិត​ក្នុង​បច្ចេកវិទ្យា​ទំនើប​មនុស្ស​យន្ត គឺ​អាច​ជួយ​ដល់​វិស័យ​សំខាន់​នានា ដូចជាជួយ​លើ​ការងារ​ថែទាំ​សុខភាព​នៅ​ក្នុង​ផ្ទះ​។

ចំពោះ​វិស័យ​អប់រំ ​មនុស្ស​យន្ត ក៏​បាន​ដើរ​តួនាទី​កាន់​តែ​សំខាន់ សម្រាប់​សម្រួល​ ឲ្យ​អ្នក​មាន​​កាយ​សម្បទា​មិន​គ្រប់​លក្ខណៈ មាន​ឱកាស​អាច​សិក្សា​ដូច​គេ​ឯង​បាន​យ៉ាង​ងាយ​ស្រួល​។ នេះ​បើ​តាម​លោកស្រី​បណ្ឌិត Ayanna Howard។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់